ព័ត៌មានអន្តរជាតិ

អង្គការWHOជម្លៀសបុគ្គលិកប្រយុទ្ធប្រឆាំងនឹងជំងឺអេបូឡា៤៩នាក់ចេញពីកុងហ្គោដោយសារបញ្ហាអសន្តិសុខ

image

អ្នកនាំពាក្យម្នាក់បាននិយាយកាលពីថ្ងៃអង្គារថា អង្គការសុខភាពពិភពលោកបានជម្លៀសបុគ្គលិកចំនួន៤៩នាក់ដែលកំពុងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺអេបូឡានៅក្នុងទីក្រុងបេនី (Beni) នៃប្រទេសកុងហ្គោដោយសារស្ថានភាពសន្តិសុខកាន់តែអាក្រក់ទៅៗ។

មនុស្ស២នាក់បានបាត់បង់ជីវិតនៅក្នុងការប៉ះទង្គិចគ្នាជាមួយប៉ូលិសនៅភាគខាងកើតប្រទេសកុងហ្គោកាលពីថ្ងៃចន្ទបន្ទាប់ពីក្រុមបាតុករនៅក្នុងទីក្រុងបេនី (Beni) បានដុតការិយាល័យរបស់អភិបាលក្រុងនិងអគារជាច្រើនរបស់អង្គការសហប្រជាជាតិដោយសារការខឹងសម្បារនឹងអំពើហិង្សាថ្មីមួយដែលបង្កឡើងដោយក្រុមឧទ្ទាមអ៊ីស្លាមជ្រុលនិយម។

អ្នកនាំពាក្យអង្គការសុខភាពពិភពលោកបានថ្លែងនៅក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីសថាខណៈដែលបុគ្គលិក៤៩នាក់ត្រូវបានជម្លៀស, បុគ្គលិកដែលនៅសល់៧១នាក់ទៀតនឹងព្យាយាមខិតខំបំពេញការងារនិងឆ្លើយតបទៅនឹងជំងឺអេបូឡាឲ្យបានល្អតាមដែលអាចធ្វើទៅបាន។

អ្នកនាំពាក្យបានបន្ថែមថា ពួកគេត្រូវការឲ្យស្ថិរភាពនៅក្នុងទីក្រុងបេនី (Beni) ល្អប្រសើរឡើងវិញដើម្បីបន្តអនុវត្តប្រតិបត្តិការសំខាន់ៗផ្សេងទៀត៕