ព័ត៌មានជាតិ

ធនាគារជាតិ​ ត្រៀមខ្លួនរួចជាស្រេច ក្នុងការជួយសម្របសម្រួល ការអនុវត្តផែនការសកម្មភាព​ ដើម្បី​កាត់បន្ថយអត្រាស្ត្រី ដែលមិនទាន់ទទួលបាន សេវាហិរញ្ញវត្ថុផ្លូវការ ឲ្យបានពាក់កណ្តាល​ ត្រឹមឆ្នាំ២០២៥​

image


ភ្នំពេញ ៖ លោកជំទាវ នាវ ច័ន្ទថានា ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា យុទ្ធសាស្ត្របរិយាប័ន្នហិរញ្ញវត្ថុ ថ្នាក់ជាតិ ឆ្នាំ២០១៩-២០២៥ បានកំណត់ទិសដៅ សម្រាប់រាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍនានា និងវិស័យឯកជន រួមគ្នាអនុវត្ត និងផ្តោតការយកចិត្តទុកដាក់ ទៅលើផ្នែកដែលទាមទារ ឲ្យមានវិធានការជាបន្ទាន់។

លោកជំទាវ បញ្ជាក់ថា ធនាគារជាតិនៃកម្ពុជា ត្រៀមខ្លួនរួចជាស្រេច ក្នុងការជួយសម្របសម្រួល ការអនុវត្តផែនការសកម្មភាព និងធានាឲ្យមានកិច្ចសហប្រតិបត្តិការ រវាងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីសម្រេចគោលដៅ បរិយាប័ន្នហិរញ្ញវត្ថុ ក្នុងការបង្កើនលទ្ធភាព ទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ ដែលមានគុណភាព កាត់បន្ថយអត្រាស្ត្រី ដែលមិនទាន់ទទួលបាន សេវាហិរញ្ញវត្ថុផ្លូវការ ឲ្យបានពាក់កណ្តាល ពីចំនួន ២៧% មកត្រឹម១៣% និងពង្រីកការប្រើប្រាស់ សេវាហិរញ្ញវត្ថុផ្លូវការ ពីចំនួន៥៩% មក៧០% ត្រឹមឆ្នាំ២០២៥ ព្រមទាំងធ្វើឱ្យប្រសើរឡើង នូវសុខុមាលភាពគ្រួសារ និងគាំទ្រដល់កំណើនសេដ្ឋកិច្ច​។

ការលើកឡើងរបស់លោកជំទាវ បានធ្វើឡើង ក្នុងឱកាសដែល ធនាគារប្រៃសណីយ៍កម្ពុជា​ បានធ្វើកិច្ចសហការជាមួយស្ថាប័ន World Savings Banks and Retail Institute​ រៀបចំកម្មវិធីស្រ្តី និងហិរញ្ញវត្ថុ​ រាជធានីភ្នំពេញ​ ក្នុងគោលបំណង ផ្តោតលើការពិភាក្សា អំពីបរិយាប័ន្នហិរញ្ញវត្ថុ ក្នុងការលើកកម្ពស់តម្លៃស្រ្តី ក្នុងវិស័យហិរញ្ញវត្ថុ និងបញ្ហាវិសមភាពយេនឌ័រ​។

​ អ្នកឧកញ៉ា ពុង ឃាវសែ បានមានប្រសាសន៍ដែរថា ​ការសម្រេចបាន សមភាពយេនឌ័រ គឺជាផ្នែកមួយ របស់រាជរដ្ឋាភិបាល ក្នុងយុទ្ធសាស្ត្រចតុកោណ របស់​កម្ពុជា សម្រាប់កំណើនសមធម៌ និងប្រសិទ្ធភាពការងារ។ រាជរដ្ឋាភិបាល ទទួលស្គាល់ការចូលរួមកាន់តែច្រើន របស់ស្ត្រី នៅក្នុងសេដ្ឋកិច្ច នឹងជួយពន្លឿនការសម្រេចគោលដៅជាតិ ដូចជាការអភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយចីរភាព និងភាពយុត្តិធម៍។
លោក គ្រីស ឌឺណូស (Christ De Noose) នាយកគ្រប់គ្រងនៃ World Saving and Retail Banking Institute បានមានប្រសាសន៍ថា ​ស្រ្តីក្នុងវិស័យហិរញ្ញវត្ថុ និងការងារ​ គឺជួយពួកគេសម្រេចបាន នូវអនាគតរបស់ពួកគេ ប្រកបដោយសុខមាលភាព និងភាពជោគជ័យ៕

អត្ថបទ ៖ សន ពិសិដ្ឋ