ព័ត៌មានជាតិ

ព្រះមហាក្សត្រកម្ពុជា ផ្ញើរព្រះរាជសារសម្តែងអំណរគុណ ឆ្លើយតបចំពោះសារជូនពរបុណ្យឯករាជ្យ ទៅកាន់មេដឹកនាំកូរ៉េទាំង២

image

តាមហ្វេសបុក Royal du Cambodge ចុះផ្សាយថា ព្រះមហាក្សត្រកម្ពុជា ផ្ញើរព្រះរាជសារសម្តែងអំណរគុណ ឆ្លើយតបចំពោះសារជូនពរបុណ្យឯករាជ្យ ទៅកាន់មេដឹកនាំកូរ៉េទាំង២ គឺកូរ៉េខាងជើង និងកូរ៉េខាងត្បូង បន្ទាប់ពីប្រទេសទាំង២នេះ បានផ្ញើសារអបអរសាទរ ក្នុងឱកាសខួបលើកទី៦៦ ដែលកម្ពុជាទទួលឯករាជ្យជាតិ ពីបារាំង។

ព្រះរាជសារដំបូង ព្រះមហាក្សត្រកម្ពុជា ផ្ញើរទៅកាន់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដែលមានខ្លឹមសារថា សូមថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅ ចំពោះសារអបអរសាទរ ដ៏ឧត្តុង្គឧត្តមនាខួបលើកទី៦៦ នៃការទទួលឯករាជ្យជាតិនៃយេីង។

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានព្រះរាជសារ ជូន ឯកឧត្តម KIM JONG UN ប្រធាន នៃគណបក្សពលកម្មកូរ៉េ ប្រធាន នៃគណៈកម្មាធិការកិច្ចការរដ្ឋ នៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ មេបញ្ជាការជាន់ខ្ពស់ នៃកងកម្លាំងប្រដាប់អាវុធ នៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ។

ទាក់ទឹងប្រទេសកូរ៉េខាងត្បូងវិញ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សព្វព្រះរាជហឫទ័យប្រោសព្រះរាជទាន ព្រះរាជសារជូន ឯកឧត្តម មូន ចេអុិន Moon Jae-In ប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ។

ឆ្លៀតក្នុងឱកាសនេះផងដែរ ព្រះមហាក្សត្រកម្ពុជា សូមថ្វាយព្រះពរឲ្យ ឯកឧត្តមមានសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ច ក៏ដូចជាថ្វាយព្រះពរឲ្យសាធារណរដ្ឋកូរ៉េ ជួបតែសន្តិភាព និងភាពរីកចម្រើនតទៅមុខទៀត ហើយសម្តេចព្រះករុណាជឿជាក់ថា ចំណងមិត្តភាពដ៏ស្អិតរមួត និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសយេីងទាំងពីរ នឹងនៅតែបន្តរីកចម្រើន ដេីម្បី ផលប្រយោជន៍រួម និងសុខមាលភាព រវាងជាតិសាសន៍យើងទាំងពីរ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៩វិច្ឆិកា ឆ្នាំ២០១៩នេះ ប្រទេសកម្ពុជា បានប្រារព្ឋពិធីអបអរសាទរ ក្នុងឱកាសខួបលើកទី៦៦ ដែលកម្ពុជាទទួលបានឯករាជ្យជាតិ ពីប្រទេសបារាំង៕