ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ថ្លែងថា កិច្ចសហប្រតិបត្តិការ លើវិស័យពាណិជ្ជកម្ម រវាងកម្ពុជា-ចិន គឺជាស្ពានចម្លង និងតភ្ជាប់ លើវិស័យជាច្រើន

image

ភ្នំពេញ ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ថ្លែងនៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកានេះ ក្នុងពិធីបើក​សន្និសីទ សេដ្ឋកិច្ចប្រចាំឆ្នាំ២០១៩ នៃសម្ព័ន្ធពាណិជ្ជករ ចិនទាជីវសាកលលោក អាណត្តិទី៥ និងកិច្ចប្រជុំកំពូលវិនិយោគ នៅកម្ពុជា បានលើកឡើងថា កិច្ចសហប្រតិបត្តិការ លើវិស័យពាណិជ្ជកម្ម នៃប្រទេសកម្ពុជានិងចិន គឺជាស្ពានចម្លង និងតភ្ជាប់វិស័យផ្សេងៗទៀត រួមមានវិស័យសេដ្ឋកិច្ច វប្បធម៌ សុខាភិបាល អប់រំ និងសង្គមកិច្ចផងដែរ។  ឯកឧត្តមបន្ថែមថា ​ការអភិវឌ្ឍជាតិកម្ពុជា ដែលមានកំណើនប្រមាណ៧ភាគរយ ក្នុងមួយឆ្នាំជាង២០ឆ្នាំកន្លងមកនេះ គឺពិតជាមិនអាចកាត់ផ្ដាច់បាន ពីការចូលរួមចំណែករបស់ក្រុមហ៊ុន និងសហគ្រាសចិន នោះទេ។

ឯកឧត្តម ក្នុងនាមសម្ដេចតេជោនាយករដ្ឋមន្ត្រី និងប្រជាជនកម្ពុជា ក៏បានថ្លែងអំណរគុណ ដល់ក្រុមហ៊ុន សហគ្រាស និងអ្នកវិនិយោគចិនទាំងអស់ ដែលបានបោះទុនវិនិយោគ លើវិស័យនានា នៅ​កម្ពុជាប្រកបដោយការជឿជាក់ លើការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលនាំមកនូវសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខសណ្តាប់ធ្នាប់ ដែលជាខឿនដ៏សំខាន់ សម្រាប់ការវិនិយោគនៅកម្ពុជា។

ក្នុងន័យទាក់ទាញអ្នកវិនិយោគបន្ថែមទៀត, ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ​ក៏បានបង្ហាញអំពីសក្តានុពល របស់កម្ពុជាផងដែរ ដោយ​លើកឡើងថា ​កម្ពុជាប្រទេសកំពុងអភិវឌ្ឍមួយយ៉ាងឆាប់រហ័ស ជាមួយនឹងកត្តាគុណសម្បត្តិជាច្រើន ដូចជាការបើកចំហសេដ្ឋកិច្ច សម្រាប់វិនិយោគទាំងអស់ និងគ្រប់វិស័យ, គុណសម្បត្តិលើកម្លាំងពលកម្មវ័យក្មេង គឺប្រជាជន​អាយុ៣៥ឆ្នាំចុះ មានប្រមាណ៧២ភាគរយ នៃចំនួនប្រជាជនសរុបជាង១៥លាននាក់។

​អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា បានលើកឡើងដែរថា ចិនគឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់ និងជាប្រភពវិនិយោគធំជាងគេ របស់កម្ពុជា។ ​ កម្ពុជានិងចិន ទោះជាស្ថិតនៅ ក្នុងដំណាក់កាលអភិវឌ្ឍន៍ មិនដូចគ្នា ប៉ុន្តែភាពប៉ះប៉ូវឲ្យគ្នាផ្នែកសេដ្ឋកិច្ច មានភាពល្អប្រសើរ៕អត្ថបទ ៖ សន ពិសិដ្ឋ