ព័ត៌មានជាតិ

ទីបំផុត សមត្ថកិច្ចចាប់បាន ជនដែលបេីករថយន្តបំបុកប៉ូលិសចរាចរណ៍ខេត្តកណ្តាល បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរបានហើយ

image

យោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកមួយបានឱ្យដឹងថា នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា នេះ សមត្ថកិច្ចចាប់ខ្លួនបានហេីយ ជនបង្កដែលបេីករថយន្តTacoma ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2S-3669
បុកប៉ូលិសចរាចរណ៍ដែលកំពុងបំពេញភារកិច្ចសម្រួលចរាចរណ៍ជូនថ្នាក់ដឹកនាំនៅម្ដុំស្ពានព្រែកហូរបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរចូលសង្គ្រោះបន្ទាន់ក្នុងមន្ទីរពេទ្យកាល់ម៉ែតនោះ។

បច្ចុប្បន្ននេះ ជនបង្កកំពុងត្រូវបានសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់ ។

សូមជម្រាបថា កាលពីល្ងាចថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ម្សិលមិញនេះ ក្នុងពេលដែលកំពុងមើលថែទាំម្តាយក្មេកនៅមន្ទីរពេទ្យកាល់ម៉ែត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានឆ្លៀតចូលសួរសុខទុក្ខ មន្រ្តីនគរបាលចរាចរដែលរងគ្រោះរូបនេះ ដោយសម្តេចតេជោ ហ៊ុន សែន ក៏បានឧបត្ថម្ភថវិកាមួយចំនួន សម្រាប់ការព្យាបាលផងដែរ។

សូមបញ្ជាក់ថា មន្ដ្រីនគរបាលចរាចរណ៍ឈ្មោះ ទូច សៅហេង ឋានន្ដរស័ក្ដិ ថ្នាក់អនុសេនីយ៍ឯក នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ត្រូវរថយន្ដមួយគ្រឿងបុកពេញទំហឹង បណ្ដាលឱ្យរបួសធ្ងន់ បាក់ជើងទាំងសងខាង ពេលកំពុងបំពេញការងារឈរការពារក្បូនថ្នាក់ដឹកនាំជាន់ខ្ពស់។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៨យប់ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចគោលដៅ P213 ស្ដុបព្រែកហូរ ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល។

មុនពេលកើតហេតុគេឃើញ មន្ដ្រីនគរបាលរងគ្រោះខាងលើ កំពុងឈរនៅតាមដងផ្លូវដើម្បីបញ្ជាចរាចរសម្រួលដល់ក្បូនថ្នាក់ដឹកនាំ ដែលត្រូវឆ្លងកាត់ ប៉ុន្ដែពេលនោះមាន រថយន្ត Tacoma ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ2S-3669 មិនស្តាប់ការបញ្ជារបស់នគរបាលចរាចរណ៍ដែលឱ្យអែបខាង ប៉ុន្តែម្ចាស់រថយន្តមិនព្រមស្ដាប់ ហើយបើកបំបុកពេញទំហឹងបណ្តាលឱ្យប៉ើងខ្ទាតចម្ងាយ៥ម៉ែត្រ។

បន្ទាប់ពីបើកបុកមន្ត្រីនគរបាលហើយ ជនបង្កបានបន្ថែមល្បឿនបើករត់គេចយ៉ាងលឿន ប៉ុន្តែដោយមានការសហការល្អរបស់សមត្ថកិច្ច បានធ្វើការឃាត់បានរថយន្តភ្លាមៗផងដែរ ប៉ុន្តែម្ចាស់រថយន្តបានរត់គេចចេញបាត់។ ដោយឡែក ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ។

ក្រោយពេលពេទ្យថតពិនិត្យលទ្ធផលបានបង្ហាញថា នៅផ្នែកលលាដ៍ក្បាលរបស់ជនរងគ្រោះស្រាំ និងមានកកឈាម, បាក់ឆ្អឹងចង្កេះ និងជើងបាក់ទាំង២ ហើយពេលនេះក្រុមគ្រូពេទ្យឱ្យសម្រាកតាមដាន ៤៨ម៉ោង ពេលមានកម្លាំងទើបរៀបចំដំណើរការវះកាត់តឆ្អឹងជើង និងលលាដ៍ក្បាលបន្តទៀត៕


ព័ត៌មានទាក់ទង...