ព័ត៌មានជាតិ

រដ្ឋាភិបាលជប៉ុនផ្តល់ជំនួយ ឥតសំណងប្រមាណ៤៤ម៉ឺនដុល្លារ ដល់អង្គការIVYលើគម្រោងគាំទ្រកសិករខ្នាតតូចធ្វើកសិកម្ម

image

ការផ្តល់ជំនួយឧបត្ថម្ភសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុននេះធ្វើទ្បើងដោយការចុះហត្ថលេខារវាងឯកឧត្តមមិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថិភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជានិងលោកស្រីឈីហូកុ សឺហ្សឹះស៊ីម៉ាកតំណាងអោយអង្គការIVY នៅស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជាក្នុងថ្ងៃនេះ។

ជំនួយឥតសំណងនេះមានចំនួនសរុប៤៣៩,២៦១ ដុល្លារអាមេរិកត្រូវផ្តល់ទៅអង្គការIVY ដើម្បីធ្វើការណែនាំពីការដាំដុះសរីរាង្គដល់កសិករ បង្កើនបច្ចេកទេសដល់កសិករតាមរយៈការណែនាំបច្ចេកទេសដាំដុះថ្មី ដូចជាការផ្សាំឈើនិងកាត់មែកដែលមិនចាំបាច់ចេញ នូវដំណាំស្វាយចន្ទីសរីរាង្គក្នុងខេត្តព្រះវិហារដែលមានសហគមន៍សរុបចំនួន១១សហគមន៍។

ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ តំណាងខាងរដ្ឋាភិបាលជប៉ុន មានប្រសាស៍ថាការផ្តល់ជំនួយនេះគឺដើម្បីកាត់បន្ថយភាពក្រីក្រនៅក្នុងខេត្តព្រះវិហារព្រោះខេត្តព្រះវិហារជាខេត្តដែលមានអត្រាភាពក្រីក្រខ្ពស់នៅកម្ពុជា។។ឯកឧត្តមរំពឹងថាប្រាក់ចំនូលរបស់កសិករនឹងកើនទ្បើងកាន់តែខ្លាំងដោយកសិករគោលដៅនឹងអាចដាំដុះគ្រាប់ស្វាយចន្ទីដែលមានតម្លៃបន្ថែមក្នុងនាមជាដំណាំសរីរាង្គប្រកបដោយសេ្ថរភាព។

លោកស្រីឈីហូកុ សឺហ្សឹះស៊ីម៉ាកតំណាងឲ្យអង្គការIVY បានថ្លែងអំណរគុណចំពោះជំនួយឥតសំណងលើគម្រោងគាំទ្រកសិករខ្នាតតូចធ្វើកសិកម្មតាមកិច្ចសន្យាលើដំណាំស្វាយចន្ទីសរីរាង្គតាមរយៈសហគមន៍កសិកម្មព្រះវិហារ។លោកស្រីសង្ឃឹមថានឹងអាចផ្សារភ្ជាប់ទំនាក់ទំនងជាមួយទីផ្សារអន្តរជាតិក្នុងការលក់គ្រាប់ស្វាយចន្ទីសរីរាង្គនេះ៕អត្ថបទ៖ហៃ ពិសី 

ព័ត៌មានទាក់ទង...