ឯកអគ្គរដ្ឋទូតកាណាដា ប្រចាំអាស៊ាន ចាប់អារម្មណ៍កម្ពុជាខ្លាំង ចំពោះការពង្រឹងសមត្ថភាពរបស់ស្ត្រី ជាអ្នកដឹកនាំ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ ៖ លោកជំទាវ ឃឹម ចំរើន រដ្ឋមន្ត្រីស្តីទីក្រសួងកិច្ចការនារី នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកានេះ បានទទួលជួបជាមួយ លោកជំទាវ ឌីដ្រា ខែលលី (Diedrah Kelly) ឯកអគ្គរដ្ឋទូតកាណាដាប្រចាំអាស៊ាន នៅទីស្តីការក្រសួង។ ជំនួបនេះ ធ្វើឡើងក្នុងឱកាសលោកជំទាវទូត បានបំពេញបេសកកម្មនៅកម្ពុជា ដើម្បីស្វែងយល់អំពីទំនាក់ទំនង កិច្ចសហការ រវាងកម្ពុជានិងកាណាដា និងទំនាក់ទំនង​កម្ពុជា នៅក្នុងតំបន់អាស៊ានទាំងមូល។


នៅក្នុងជំនួបនេះ បានពិភាក្សាទាក់ទង ទៅនឹងបញ្ហាសំខាន់ចំនួន៣ គឺទី១.​អំពីស្ត្រី សន្តិភាពនិងសន្តិសុខ, ទី២.ការបញ្ជ្រាបយេនឌ័រ​នៅ​គ្រប់វិស័យ និងទី៣ ពិភាក្សាអំពី​ការពង្រឹងភាពអង់អាច ផ្នែកសេដ្ឋកិច្ចដល់ស្ត្រី។ ​ក្នុងនោះក៏បានពិភាក្សា ទៅលើ​មានគំរោងមួយចំនួន ដែលបានគាំទ្រដោយប្រទេសកាណាដា តាមរយៈអង្គការ UN-ESCAP ផងដែរ។ គម្រោងផ្ទាល់ ដែលកាណាដា បានគាំទ្រដល់ក្រសួងកិច្ចការនារី តាមរយៈ UN-ESCAP គឺទាក់ទងទៅនិង ការកសាងសមត្ថភាព ការពង្រឹងសហគ្រិនភាព ជូនស្ត្រី ក្នុងវិស័យសហគ្រិនភាពខ្នាតតូច និងមធ្យម។

លោកជំទាវ ឃឹម ចំរើន នៅក្នុងជំនួបនេះ បានលើកឡើងពីវឌ្ឍនភាព ដែលក្រសួងកិច្ចការនារីបានធ្វើកន្លងមក ​ជាមួយប្រសិទ្ធភាព ទៅលើវិស័យការបញ្ជ្រាបយេនឌ័រ និង​ទៅលើការពង្រឹងភាពអង់អាច ផ្នែកសេដ្ឋកិច្ចដល់ស្ត្រី។ ដោយសារ​ក្រសួងកិច្ចការនារី មានវគ្គបណ្ដុះបណ្ដាលមួយ ទាក់ទងទៅនឹងលើកកម្ពស់ ភាពជាអ្នកដឹកនាំរបស់ស្ត្រី, លោកជំទាវរដ្ឋមន្ត្រីស្តីទី បាន​ស្នើសុំឲ្យមានការស្វែងរកការគាំទ្រថវិកា ពីរដ្ឋាភិបាលកាណាដា។

លោកជំទាវទូត បានសន្យាថា នឹងយកសំណើសុំនេះ ទៅគិតគូរ ហើយលោកជំទាវ ទទួលស្គាល់ថា អ្វីដែលកម្ពុជាបានស្នើសុំ គឺមានសារៈសំខាន់។​ លោកជំទាវទូត ក៏បានវាយតម្លៃខ្ពស់ ចំពោះលទ្ធផល ដែលក្រសួងកិច្ចការនារីសម្រេចបាន ហើយមានចំណុចមួយចំនួន ស្រដៀងទៅនិងកាណាដាផងដែរ គឺការបញ្ជ្រាបយេនឌ័រ ដែលមិនធ្វើទៅលើស្ត្រីប៉ុណ្ណោះទេ គឺ​​មានការចូលរួមពី​បុរសផងដែរ។​ ដោយឡែក ចំណុចមួយទៀត ដែលកម្ពុជាយើងបានធ្វើ ប៉ុន្តែកាណាដាមិនទាន់បានធ្វើនោះ គឺ​ការពង្រឹងសមត្ថភាពរបស់ស្ត្រី ជាអ្នកដឹកនាំ ដែលចំណុចនេះ លោកជំទាវទូត បានចាប់អារម្មណ៍ខ្លាំង៕
អត្ថបទ ៖ សន ពិសិដ្ឋ


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation