ចិន បាញ់បង្ហោះយានអវកាស Shenzhou-19 ដែលមានផ្ទុកអវកាសយានិកបីរូប ទៅកាន់ស្ថានីយអវកាស ដោយជោគជ័យ

ចិន៖ ប្រទេសចិន បានបាញ់បង្ហោះយានអវកាស សិនជូ-១៩ (Shenzhou-19) ដោយជោគជ័យនៅថ្ងៃពុធសប្ដាហ៍នេះ ដោយបញ្ជូនអវកាសយានិកបីរូប (ក្នុងនោះ រួមមានវត្តមានរបស់វិស្វករអវកាសស្រីដំបូងគេរបស់ប្រទេសចិន) ទៅកាន់ស្ថានីយអវកាសរបស់ខ្លួន នៅក្នុងបេសកកម្មរយៈពេល ៦ខែ ។
ទីភ្នាក់ងារអវកាសចិន CMSA បានបញ្ជាក់ព័ត៌មានលម្អិតអំពីការបាញ់បង្ហោះថា យានអវកាសនេះ ត្រូវបានបញ្ជូនទៅកាន់ទីអវកាសដោយប្រើប្រាស់គ្រាប់រ៉ុក្កែត ឡងម៉ាច-២អេហ្វ (Long March-2F) បានបាញ់បង្ហោះនៅម៉ោង ៤៖២៧ នាទីព្រឹក ចេញពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប ជីវឈាន់ (Jiuquan) ភាគពាយ័ព្យប្រទេសចិន ។
ប្រមាណជា ១០នាទីបន្ទាប់ពីការបាញ់បង្ហោះ យានអវកាស សិនជូ-១៩ (Shenzhou-19) បានបំបែកខ្លួនចេញពីគ្រាប់រ៉ុក្កែត ហើយក៏បានបន្តចូលទៅក្នុងគន្លងតារាវិថីដូចបានគ្រោងទុក។ ទីភ្នាក់ងារអវកាសចិន CMSA បានប្រកាសបន្ថែមថា សមាជិកអវកាសយានិក រួមមាន មេបញ្ជាការបេសកកម្ម កៃ ស៊ូចេ (Cai Xuzhe) និងអវកាសយានិក សុង លីងទុង (Song Lingdong) និងវ៉ាង ហាវចេ (Wang Haoze) មិនមានបញ្ហាអ្វីនោះទេ ហើយការបាញ់បង្ហោះ ទទួលបានភាពជោគជ័យទាំងស្រុង ។
នៅពេលចូលមកដល់គន្លងតារាវិថី យានអវកាស សិនជូ-១៩ (Shenzhou-19) បានធ្វើការតភ្ជាប់ដោយស្វ័យប្រវត្តិទៅកាន់ម៉ូឌុលស្នូល (ផ្នែកនៃទីស្ថានីយអវកាស) ដោយដំណើរការនេះ ត្រូវចំណាយពេលប្រហែល ៦ ម៉ោងកន្លះ ដោយបង្កើតជាការរួមបញ្ចូលគ្នានៃម៉ូឌុលចំនួនបី និងយានអវកាសបីផ្សេងគ្នា ។
យានអវកាស សិនជូ-១៩ (Shenzhou-19) គឺជាបេសកកម្មហោះហើរលើកទី ៣៣ នៃកម្មវិធីអវកាសរបស់ចិនដែលមានបញ្ជូនអវកាសយានិកទៅជាមួយ និងជាបេសកកម្មទី៤ សម្រាប់កម្មវិធី និងដំណាក់កាលអភិវឌ្ឍន៍ស្ថានីយអវកាសរបស់ប្រទេសចិន ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters Connect
រូបភាព៖ Xinhua



