ចិន កំពុងទាក់ទងស្ថានទូតកូរ៉េខាងត្បូង ឱ្យដោះស្រាយរឿងពលរដ្ឋកូរ៉េដែលកំពុងជាប់ឃុំខ្លួន ក្រោមបទចោទពីបញ្ហាចារកម្ម
ចិន៖ នៅថ្ងៃអង្គារសប្ដាហ៍នេះ ប្រទេសចិន បានបញ្ជាក់អំពីការចាប់ឃាត់ខ្លួន និងឃុំខ្លួនជនជាតិកូរ៉េខាងត្បូងម្នាក់ ក្រោមការសង្ស័យថា បុគ្គលរូបនេះ បានបំពានច្បាប់ប្រឆាំងចារកម្មរបស់ចិន ។
ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក លីន ជៀន (Lin Jian) បានលើកឡើងថា មន្ត្រីចិន បានទាក់ទងទៅកាន់ស្ថានទូតកូរ៉េខាងត្បូង ជុំវិញការចាប់ខ្លួននេះ ហើយចិន កំពុងសម្របសម្រួលដោយអនុញ្ញាតឱ្យ «មន្ត្រីកុងស៊ុលមកពីស្ថានទូតកូរ៉េខាងត្បូង បំពេញភារកិច្ចរបស់ពួកគេ» ដែលជានីតិវិធីជាបទដ្ឋាននៅក្នុងករណីបែបនេះ ។
ខាងលើនេះ គឺជាការឆ្លើយតបរបស់ក្រសួងការបរទេសចិន ដែលធ្វើឡើងបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយ KBS របស់កូរ៉េ បានព្យាយាមលើកជាសំណួរថាតើ រដ្ឋាភិបាលកូរ៉េខាងត្បូង មានបានទាក់ទងទៅកាន់ទីក្រុងប៉េកាំង សម្រាប់កិច្ចសម្របសម្រួលឱ្យមានការដោះលែងពលរដ្ឋដែលរងការចោទប្រកាន់នោះរួចហើយឬនៅ ។
យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ បានបញ្ជាក់ថា ជនជាតិកូរ៉េដែលអាជ្ញាធរចិនចាប់ខ្លួន មានអាយុខ្ទង់ ៥០ ឆ្នាំ មានទីលំនៅក្នុងទីក្រុងហឺហ្វី (Hefei) ខេត្តអានហ៊ុយ (Anhui)។ ពលរដ្ឋរូបនេះ បានធ្វើការនៅក្នុងប្រទេសចិន ចាប់តាំងពីឆ្នាំ ២០១៦។ ប្រព័ន្ធផ្សព្វផ្សាយ KBS បានរាយការណ៍ថា លោកត្រូវគេចាប់ខ្លួន នៅពេលកំពុងធ្វើការនៅក្នុងឧស្សាហកម្មផលិតបន្ទះឈីប ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters Connect
រូបភាព៖ Yonhab News/ Reuters/ Getty Images/ MSN