សហភាពអឺរ៉ុប សម្រេចដំឡើងពន្ធលើរថយន្តអគ្គិសនីរបស់ចិន ដល់ជាង ៤៥% ខណៈមានការព្រួយបារម្ភពីការសងសឹករបស់ទីក្រុងប៉េកាំង
ប្រ៊ុចសែលៈ កាលពីថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២៤ សហភាពអឺរ៉ុប បានសម្រេចដំឡើងពន្ធលើរថយន្តអគ្គិសនីដែលផលិតនៅប្រទេសចិនដល់ទៅ ៤៥,៣% បន្ទាប់ពីបញ្ចប់នៃការស៊ើបអង្កេតពាណិជ្ជកម្មរបស់ខ្លួន និងជំរុញឱ្យមានការសងសឹកពីទីក្រុងប៉េកាំង។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters។
បន្ទាប់ពីការចាប់ផ្តើមការស៊ើបអង្កេតប្រឆាំងនឹងការឧបត្ថម្ភធនរបស់ខ្លួន ដោយចំណាយពេលជាងមួយឆ្នាំមកនេះ គណៈកម្មការអឺរ៉ុប នឹងកំណត់ពន្ធបន្ថែមក្នុងអត្រាផ្សេងៗគ្នាចំពោះយានយន្តដែលផលិតនៅក្នុងប្រទេសចិនដោយក្រុមបរទេសដូចជា Tesla ប្រឈមនឹងពន្ធ ៧,៨៥%, ក្រុមហ៊ុនរថយន្តយក្សរបស់ចិន Geely ដែលជាក្រុមហ៊ុនលក់រថយន្ត អគ្គិសនី ដ៏ធំបំផុតមួយរបស់ប្រទេសនេះ ប្រឈមមុខនឹងការបង់ពន្ធបន្ថែមចំនួន ១៨,៨% ខណៈដែលក្រុមហ៊ុន SAIC នឹងទទួលរងផលប៉ះពាល់ខ្ពស់បំផុតនៅ ៣៥,៣% ខណៈកន្លងមកសហភាពអឺរ៉ុបបានដកហូតពន្ធនាំចូលរថយន្តពីប្រទេសចិនចំនួន ១០%ស្រាប់មកហើយ។
ការបន្ថែមពន្ធនេះ ត្រូវបានអនុម័តជាផ្លូវការ ដោយសហភាពអឺរ៉ុបកាលពីថ្ងៃអង្គារ ដែលមានន័យថា វានឹងចូលជាធរមាននៅថ្ងៃពុធនេះ។
គណៈកម្មការដែលត្រួតពិនិត្យគោលនយោបាយពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប បានអះអាងថា ការដំឡើងពន្ធគយលើរថយន្តរបស់ចិននេះ គឺដើម្បីប្រឆាំងនឹងការឧបត្ថម្ភធនមិនយុត្តិធម៌ រួមទាំងការផ្តល់ហិរញ្ញប្បទានអនុគ្រោះ និងជំនួយ ក៏ដូចជា ទីតាំងដី ថ្ម និងវត្ថុធាតុដើម ក្នុងតម្លៃក្រោមទីផ្សារ។
បច្ចុប្បន្នសមត្ថភាពផលិតរថយន្តរបស់ប្រទេសចិនកើនដល់ចំនួន ៣លានគ្រឿងក្នុងមួយឆ្នាំគឺធំជាងទីផ្សារសហភាពអឺរ៉ុបទ្វេដង។ កាលពីពេលថ្មីៗនេះ សហរដ្ឋអាមេរិក និងកាណាដា ក៏បានប្រកាសពីការដំឡើងពន្ធលើរថយន្តអគ្គិសនីរបស់ចិន ១០០% ព្រមទាំងពន្ធថ្មីទៅលើអាគុយរថយន្តអគ្គិសនី និងវត្ថុធាតុដើមសំខាន់ៗជាច្រើនទៀតផងដែរ។
ឆ្លើយតបទៅនឹងការសម្រេចរបស់សហភាពអឺរ៉ុបនេះដែរ ក្រសួងពាណិជ្ជកម្មចិន បាននិយាយនៅថ្ងៃពុធនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសចិនមិនយល់ព្រមជាមួយ ឬទទួលយកសេចក្តីសម្រេចនេះទេ។
ក្រសួងពាណិជ្ជកម្មចិន បានលើកឡើងថា យើងក៏បានកត់សម្គាល់ផងដែរថា ភាគីសហភាពអឺរ៉ុបបានចង្អុលបង្ហាញថា ខ្លួននឹងបន្តការចរចាជាមួយប្រទេសចិនលើការប្តេជ្ញាចិត្តពាក់ព័ន្ធតម្លៃ ហើយទីក្រុងប៉េកាំងសង្ឃឹមថា នឹងស្វែងរក ដំណោះស្រាយដែលអាចទទួលយកបានសម្រាប់ភាគីទាំងពីរឱ្យបានឆាប់តាមដែលអាចធ្វើទៅបានដើម្បីចៀសវាងការបង្កើនការប៉ះទង្គិចផ្នែកពាណិជ្ជកម្ម។
ចំណែកសភាពាណិជ្ជកម្មចិនប្រចាំសហភាពអឺរ៉ុបបាននិយាយថា ខ្លួនមានការខកចិត្តយ៉ាងខ្លាំងចំពោះវិធានការ «អ្នកការពារ» និង «តាមអំពើចិត្ត» របស់សហភាពអឺរ៉ុប ហើយមានការខកចិត្តចំពោះកង្វះវឌ្ឍនភាពជាច្រើនក្នុងការចរចាដើម្បីស្វែងរកជម្រើសជំនួសពន្ធ។
ទន្ទឹមនឹងនេះ ទីក្រុងប៉េកាំង បានចាប់ផ្តើមការស៊ើបអង្កេតដោយផ្ទាល់នៅឆ្នាំនេះ ក្នុងការនាំចូលផលិតផលម៉ាកយីហោ ទឹកដោះគោ និងសាច់ជ្រូករបស់សហភាពអឺរ៉ុបក្នុងការសងសឹកវិញ។ ហើយរដ្ឋាភិបាលចិន ក៏បានជំទាស់នឹងវិធានការបណ្តោះអាសន្នរបស់សហភាពអឺរ៉ុបនៅអង្គការពាណិជ្ជកម្មពិភពលោកផងដែរ។
ក្រុមហ៊ុនផលិតរថយន្តនៅអឺរ៉ុបកំពុងប្រជែងជាមួយលំហូររថយន្តអគ្គិសនី ដែលមានតម្លៃទាបរបស់ចិន។ គណៈកម្មការប៉ាន់ប្រមាណថា ចំណែករបស់ម៉ាកយីហោរថយន្តចិននៅក្នុងទីផ្សារសហភាពអឺរ៉ុបបានកើនឡើងដល់ ៨% ពីតិចជាង ១% ក្នុងឆ្នាំ ២០១៩ ហើយអាចឡើងដល់ ១៥% នៅឆ្នាំ ២០២៥។ ចំណែកតម្លៃរថយន្តរបស់ចិន គឺទាបជាងរថយន្តដែលផលិតនៅសហភាពអឺរ៉ុប ២០%។
ទោះជាយ៉ាងណា ប្រទេសអាល្លឺម៉ង់ ដែលជាប្រទេសសេដ្ឋកិច្ចធំបំផុតរបស់សហភាពអឺរ៉ុប និងមានក្រុមហ៊ុនផលិតរថយន្តធំៗ បានជំទាស់នឹងការយកពន្ធលើរថយន្តនាំចូលពីចិន នៅក្នុងការបោះឆ្នោតមួយ នាពេលថ្មីៗនេះ ដែលសមាជិកសហភាពអឺរ៉ុបចំនួន ១០ បានគាំទ្រ ចំនួន ៥ បានបោះឆ្នោតប្រឆាំង និង ១២ អនុប្បវាទ។
ក្រសួងសេដ្ឋកិច្ចរបស់ប្រទេសអាល្លឺម៉ង់ បាននិយាយកាលពីថ្ងៃអង្គារថា ទីក្រុងប៊ែកឡាំងបានគាំទ្រការចរចារបស់សហភាពអឺរ៉ុបដែលកំពុងបន្តជាមួយប្រទេសចិន ហើយសង្ឃឹមថានឹងមានដំណោះស្រាយការទូត ដើម្បីកាត់បន្ថយភាពតានតឹងពាណិជ្ជកម្ម រួមទាំងការពារឧស្សាហកម្មសហភាពអឺរ៉ុប។
ទោះជាយ៉ាងណាក៏ដោយ សមាគមរថយន្ត PFA របស់ប្រទេសបារាំងបានស្វាគមន៍ចំពោះកាតព្វកិច្ចពន្ធលើរថយន្តរបស់ចិននេះ ដោយសង្កត់ធ្ងន់ថា ខ្លួនបានគាំទ្រពាណិជ្ជកម្មសេរី ដរាបណាវាមានភាពយុត្តិធម៌។
បើតាមនាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បាននិយាយថា សហភាពកំពុងឈានទៅរក «សង្រ្គាមត្រជាក់សេដ្ឋកិច្ច» ជាមួយប្រទេសចិន។
នៅឱកាសដំណើរទស្សនកិច្ចផ្លូរការរយៈពេល ៤ថ្ងៃ ក្នុងទីក្រុងបេកាំង កាលពីថ្ងៃអង្គារម្សិលមិញ ប្រធានាធិបតីហ្វាំងឡង់ លោក អាឡិចសាន់ឌឺ ស្តាប (Alexander Stubb) បានយកបញ្ហាមួយចំនួន រួមទាំងបញ្ហាវិវាទពន្ធគយរវាងសហភាពអឺរ៉ុប និងចិន ដើម្បីពិភាក្សាជាមួយប្រធានាធិបតិចិន លោក ស៊ី ជីនពីងផងដែរ។
ជុំវិញវិធានការដំឡើងពន្ធគយរបស់អឺរ៉ុបទៅលើរថយន្តអគ្គិសនីរបស់ចិននេះ ត្រូវបានលោកប្រធានាធិបតី អាឡិចសាន់ឌឺ ប្រាប់ទៅប្រធានាធិបតីចិនថា លោកចាត់ទុកថា ជាវិធានការគាំពារនិយមជ្រុលហួសហេតុ តែអាចមានប្រសិទ្ធិភាពត្រឹមរយៈពេលខ្លីប៉ុណ្ណោះ។ បន្ថែមពីនេះលោកក៏បានបញ្ជាក់ផងដែរថា ហ្វាំងឡង់បានធើ្វការបោះឆ្នោតអនុបវាទចំពោះវិធានការថ្មីនេះរបស់អឺរ៉ុប ព្រោះតែចង់រក្សាកិច្ចទំនាក់ទំនងល្អជាមួយចិន។
ក្នុងរយៈពេល ៩ខែដំបូងឆ្នាំ ២០២៤នេះ ការនាំចេញរថយន្តអគ្គិសនី របស់ចិនទៅកាន់សហភាពអឺរ៉ុបបានធ្លាក់ចុះ ៧% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ប៉ុន្តែវាបានកើនឡើងច្រើនជាងមួយភាគបីនៅក្នុងខែសីហា និងខែកញ្ញា មុនពេលការសម្រេចកំណត់ពន្ធគយនេះ។ នេះបើយោងតាមទិន្នន័យពីសមាគមរថយន្តដឹកអ្នកដំណើររបស់ចិន៕