សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ៖ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំប្រកួតកីឡាយុវជនអាស៊ីនៅឆ្នាំ២០២៩ ខាងមុខ
អត្ថបទ ៖ ហ៊ន សុភ័ក្រ
រូប៖ អេង សុគុណ និង លឹម មុនី
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា "កម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះរៀបចំប្រកួតកីឡាយុវជនអាស៊ីនៅឆ្នាំ២០២៩ ខាងមុខ ហើយនៅក្នុងការទទួលធ្វើជាម្ចាស់ផ្ទះ កម្ពុជាបានត្រៀមខ្លួន និងធ្វើឱ្យបានល្អជាទីបំផុត"។ នេះជាការថ្លែងរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងឱកាសដែលអញ្ជើញជាអធិបតីភាពក្នុងពិធីបើកការប្រកួតកីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការលើកទី២ នាល្ងាចថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
សម្តេចបវរធិបតី បានថ្លែងថា "រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តយកចិត្តទុកដាក់គាំទ្រចំពោះការអនុវត្តកំណែទម្រង់វិស័យកីឡា និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកីឡា ការបង្កើតសមិទ្ធផលកីឡា ដើម្បីទាក់ទាញឲ្យមានការគាំទ្រកាន់តែខ្លាំង ជាពិសេសការទទួលបានជោគជ័យក្នុងការប្រកួតជាតិ និងអន្តរជាតិ"។
សម្ដេចបវរបតីបានបញ្ជាក់បន្តថា "ការប្រកួតកីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការលើកទី២ នាពេលនេះជាឱកាសថ្មីមួយទៀតដែលបានបង្ហាញពីការរីកចម្រើន នៃការអភិវឌ្ឍន៍វិស័យកីឡានៅកម្ពុជា និងជាការត្រៀមសម្រាប់ការរៀបចំការប្រកួតកីឡាយុវជនអាស៊ី នៅឆ្នាំ២០២៩ ខាងមុខ សម្តេចបវរធិបតី ក៏បានថ្លែងទៀតថា "ការរៀបចំការប្រកួតកីឡាយុវជនអាស៊ី នៅឆ្នាំ២០២៩ ខាងមុខទៅបាន គឺអាស្រ័យទៅលើសមត្ថភាពពេញលេញ និងការគៀងគរធនធានចាំបាច់និងគ្រប់គ្រាន់សម្រាប់ការរៀបចំការប្រកួតថ្នាក់តំបន់អាស៊ីដ៏ធំនេះឲ្យបានល្អ និងរលូនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់"។
សម្ដេចបវរធិបតី បន្តថា "ក្នុងនាមជាម្ចាស់ផ្ទះសម្រាប់ការប្រកួតយុវជនអាស៊ីឆ្នាំ ២០២៩ខាងមុខកម្ពុជាមានមហិច្ឆតារៀបចំទទួលស្វាគមន៍ប្រតិភូជាតិអន្តរជាតិប្រកបដោយភាពកក់ក្តៅ និងបដិសណ្ឋារកិច្ចល្អ និងសេវាល្អសម្រាប់គ្រប់ប្រតិភូកីឡាជាតិ និងអន្តរជាតិ ដើម្បីទទួលបានបទពិសោធន៍ល្អបំផុតសម្រាប់ការប្រកួតកីឡាយុវជនអាស៊ី នៅកម្ពុជា"៕