ព័ត៌មានអន្តរជាតិ

ដំណើរការអាជីវកម្មរបស់ពលរដ្ឋនៅលីបង់ កំពុងប្រឈមនឹងផលប៉ះពាល់ខ្លាំងដោយសារតែបញ្ហាជម្លោះ

image


លីបង់៖ បញ្ហាជម្លោះកំពុងអូសបន្លាយរវាងអ៊ីស្រាអែលនិងក្រុមហេសបូឡាហ៍នៅលីបង់ បានកំពុងជះឥទ្ធិពលយ៉ាងអាក្រក់មកលើដំណើរការប្រកបអាជីវកម្មរបស់ពលរដ្ឋស៊ីវិល ខណៈដែលបណ្តាក្រុមហ៊ុន សហគ្រាស និងរោងចក្រជាច្រើនបានសម្តែងទុក្ខលំបាកក្នុងការបំពេញអាជីវកម្មប្រចាំថ្ងៃ ដោយត្រូវប្រឈមមុខនឹងស្ថានការណ៍ជម្លោះប្រដាប់អាវុធដែលហាក់កំពុងវិវត្តន៍កាន់តែអាក្រក់ទៅៗ ។


គួរជម្រាបថា គិតចាប់តាំងពាក់កណ្តាលខែកញ្ញាកន្លងទៅ កងទ័ពអ៊ីស្រាអែល បានចាប់ផ្តើមប្រតិបត្តិការវាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រាយធំទៅលើប្រទេសលីបង់ ដើម្បីកម្ទេចគោលដៅដែលខ្លួនអះអាងថា ជាទីតាំងយុទ្ធសាស្រ្តរបស់ក្រុមហេសបូឡាហ៍ និងបានចូលទៅជ្រៅរហូតដល់ជាយទីក្រុងបេរ៉ូតភាគខាងត្បូង មុននឹងបានបើកប្រតិបត្តិការជើងគោកនៅដើមខែតុលានេះ ដែលជាហេតុធើ្វឱ្យពលរដ្ឋលីបង់សរុបប្រមាណ ១លាននាក់ បានជម្លៀសខ្លួនពីផ្ទះសម្បែង។


ជុំវិញប្រតិបត្តិការសឹករបស់យោធាអ៊ីស្រាអែលទាំងផ្លូវគោកនិងផ្លូវអាកាសរយៈពេលជាងមួយខែកន្លះមកនេះ បានធើ្វឱ្យសេដ្ឋកិច្ចរបស់ប្រទេសលីបង់ធ្លាក់ចុះយ៉ាងខ្លាំង ដោយក្នុងនោះវិស័យសំខាន់ៗដូចជាពាណិជ្ជកម្ម ឧស្សាហកម្ម និងទេសចរណ៍បានរងការខាតបង់យ៉ាងធ្ងន់ធ្ងរ។


ទាក់ទិននឹងស្ថានភាពនេះ បើតាមការបញ្ជាក់ពីប្រធានសម្ព័ន្ធសហគ្រាសលីបង់បានឱ្យដឹងថា មានសណ្ឋាគារ ភោជនីយដ្ឋាន និងកន្លែងកម្សាន្តជាច្រើនបានបិទទ្វាដោយសារតែបញ្ហាជម្លោះ ហើយការផ្អាកសកម្មភាពអាជីវកម្មទាំងនេះបានធើ្វឱ្យប៉ះពាល់យ៉ាងខ្លាំងដល់កំណើន GDP របស់លីបង់ដែលពឹងផ្អែកលើវិស័យទេសចរណ៍។


ប្រភពដដែលបានបន្តឱ្យដឹងថា មានម្ចាស់អាជីវកម្មជាច្រើនបានភៀសខ្លួនទៅក្រៅប្រទេសជាមួយក្រុមគ្រួសារ ប៉ុន្តែអ្នកខ្លះទៀតបានរើសយកការបន្តអាជីវកម្មក្នុងស្រុក តាមរយៈការខិតខំសម្របខ្លួនទៅនឹងស្ថានការណ៍បច្ចុប្បន្ន៕


ប្រែសម្រួល៖ វ័រ តុលា
ប្រភព/ រូបភាព៖ Reuters Connect