បាក់រលំសណ្ឋាគារកម្ពស់ ១០ជាន់នៅប្រទេសអាហ្សង់ទីន សម្លាប់មនុស្ស ១នាក់ និងបាត់ខ្លួន ៩នាក់
អាហ្សង់ទីន៖ សណ្ឋាគារកម្ពស់ ១០ជាន់មួយក្នុងទីក្រុង Villa Gessell របស់ប្រទេអាហ្សង់ទីន បានបាក់រលំកាលពីព្រឹកថ្ងៃអង្គារម្សិលមិញ ដោយបានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ១នាក់បាត់បង់ជីវិត និងប្រមាណជា ៩នាក់ទៀតបាត់ខ្លួននៅក្រោមគំនរបាក់បែក ខណៈដែលឧប្បត្តិហេតុនេះត្រូវបានគេដាក់ការសង្ស័យថា ដោយសារតែមានការសាងសង់និងជួសជុលកែលម្អបន្ថែមក្នុងបរិវេណអគារសណ្ឋាគារ ដោយពុំមានការត្រួតពិនិត្យតាមលក្ខណៈបទដ្ឋានត្រឹមត្រូវ ដែលជាហេតុបណ្តាលឱ្យសំណង់អគារទាំងមូលត្រូវបាក់រលំ។
ជុំវិញរឿងនេះ បើតាមការបញ្ជាក់ពីរដ្ឋមន្ត្រីសន្តិសុខក្នុងតំបន់បានឱ្យដឹងថា ជនរងគ្រោះបាត់បង់ជិវិតគឺជាលោកតា អាយុ ៨០ឆ្នាំ ស្របពេលកូនប្រុសរបស់គាត់វិញត្រូវគេសង្ស័យថា កំពុងស្ថិតក្នុងចំណោមអ្នកបានបាត់ខ្លួនទាំង ៩នាក់ ដោយក្នុងនោះរួមមានទាំងក្រុមកម្មករសំណង់ជាច្រើនរូប។
ក្រោយពីមានហេតុការណ៍បាក់រលំសណ្ឋាគារខាងលើ មន្រ្តីអភិបាលក្រុង លោក Gustavo Barrera បានចុះទៅពិនិត្យមើលកន្លែងកើតហេតុ និងសម្តែងក្តីបារម្ភចំពោះការសាងសង់សំណង់ខុសច្បាប់ ដែលជាដើមហេតុបង្កឱ្យមានហេតុការណ៍គ្រោះថ្នាក់កើតឡើងជារឿយៗ។
យ៉ាងណាក្តី មូលហេតុពិតប្រាកដចំពោះករណីបាក់រលំអគារខាងលើនេះ គេនៅមិនទាន់អាចបញ្ជាក់ច្បាស់លាស់នៅឡើយទេ ខណៈដែលមានមនុស្ស ៤នាក់ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងឧប្បត្តិហេតុនេះ។
ខណៈនេះដែរ ក្រុមការងារអ្នកជួយសង្គ្រោះរបស់អាជ្ញាធរអាហ្សង់ទីនបានកំពុងបន្តប្រញាប់ប្រញាល់ជីកកកាយគំនរបាក់បែក ដើម្បីជួយសង្គ្រោះអាយុជីវិតអ្នកដែលបានបាត់ខ្លួនទាំង ៩រូប៕
ប្រែសម្រួល៖ វ័រ តុលា
ប្រភព៖ Reuters Connect
រូបភាព៖ Reuters