អតីតរដ្ឋមន្រ្តីពាណិជ្ជកម្មឥណ្ឌូណេស៊ីជាប់ចោទពីបទធ្វើឱ្យបាត់បង់លុយរដ្ឋប្រមាណជា ២៥លានដុល្លារអាម៉េរិក

ឥណ្ឌូណេស៊ី៖ បើផ្អែកតាមការចុះផ្សាយព័ត៌មានក្នុងស្រុកឥណ្ឌូណេស៊ីបានរាយការណ៍នៅព្រឹកថ្ងៃព្រហស្បតិ៍នេះថា លោកអតីតរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មរបស់ប្រទេសឥណ្ឌូណេស៊ី ថូម៉ាស់ ឡឹមប៊ុង(Thomas Lembong) នៅចន្លោះឆ្នំា២០១៥ ដល់ឆ្នំា២០១៦ នៅក្នុងអាណត្តិទីមួយរបស់លោកប្រធានាធិបតីចូកូ វីដូដូនោះ ត្រូវបានអាជ្ញាធរធ្វើការឃាត់ខ្លួន ពីបទសង្ស័យពាក់ព័ន្ធនឹងករណីពុករលួយលើការនំាចេញស្ក បានបង្កឱ្យបាត់បង់លុយរដ្ឋអស់ប្រមាណជា ៤០០ពាន់លានរូពីយ៉ាឥណ្ឌូណេស៊ី ឬស្មើនិង២៥.៥លានដុល្លារអាម៉េរិក។
ប្រព័ន្ធឃោសនាក្នុងស្រុកដដែលបានរាយការណ៍ឱ្យដឹងបន្ថែមទៀតថា អតីតរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោកថូម៉ាស់ ឡឹមប៊ុង រូបនេះជាប់ពាក់ព័ន្ធដោយផ្ទាល់លើករណីនំាចេញស្ក ក្រោមការត្រួតពិនិត្យ និងក្នុងរង្វង់ដែនសមត្ថកិច្ចរបស់លោកផ្ទាល់នៅចន្លោះ ឆ្នំា២០១៥ និងឆ្នំា២០១៦កន្លងទៅ។
អគ្គរដ្ឋអាជ្ញា របស់ប្រទេសឥណ្ឌូណេស៊ី បានចោទប្រកាន់រូបលោក ពាក់ព័ន្ធនឹងការអនុញ្ញាតឱ្យដឹកស្កគ្រីស្តាល់ពណ៌ក្រហម ចេញប្រមាណជា១០៥,០០០តោន ឬស្មើនិង(១០៥លានគីឡូក្រាម) កាលពីឆ្នំា២០១៥។
ការិយាល័យអគ្គរដ្ឋអាជ្ញាដដែលបានរកឃើញទៀតថា អតីតរដ្ឋមន្រ្តីពាណិជ្ជកម្មដ៏អាម៉ាស់រូបនេះបានរំលោភលើនិយ័តកម្មក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មឆ្នាំ២០០៤ ដែលអាចអនុញ្ញាតឱ្យមានដឹកស្កចេញបានត្រឹមតែសហគ្រាសត្រួតត្រា(SOE)ដោយរដ្ឋតែប៉ុណ្ណោះ ទើបមានសិទ្ធិពេញលេញ ក្រៅពីនោះមិនអនុញ្ញាតឡើយ។
ដោយឡែកក្រុមមេធាវីការពារក្តីរបស់អតីតរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មរូបនេះបានលើកឡើងដែរថា ការឃាត់ខ្លួននោះ គឺស្ថិតនៅក្រោមហេតុផលនយោបាយដែលទាមទារឱ្យមានការស៊ើបអង្កេតបែបស៊ីជម្រៅបន្តទៀត។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកដដែលបានលើកឡើងបន្តទៀតថា លោកថូម៉ាស់ គឺជាសម្ព័ន្ធភាពដ៏ជិតស្និទ្ធិបំផុតរបស់លោកចូកូវី ដូដូ ហើយលោកក៏ជាទីប្រឹក្សាផ្នែកសេដ្ឋកិច្ច និងជាអ្នកសរសេរសុន្ទរកថាដ៏ល្បីឈ្មោះមួយរូបសម្រាប់អតីតប្រធានាធិបតីចូកូវីដូដូផងដែរ។
ផ្អែកតាមព័ត៌មានបែបស៊ើបអង្កេតក្នុងស្រុកឥណ្ឌូណេស៊ីដដែលបានបើកកកាយបន្ថែមទៀតនៅព្រឹកថ្ងៃព្រហស្បតិ៍នេះថា ចាប់តំាងពីលោកថូម៉ាស់បានរបូតដំណែងជារដ្ឋមន្រ្តីពាណិជ្ជកម្មនោះមក រូបលោកបានបង្កើតកិច្ចទំនាក់ទំនងដ៏ជិតស្និទ្ធមួយជាមួយនឹងអតីតអភិបាលក្រុងហ្សាការតា អានី បាស្វេដាន រហូតដល់ក្លាយជាគូកនជួយជម្រុញ និងចូលក្នុងក្រុមអ្នករៀបចំឃោសនាបែបយុទ្ធសាស្រ្តឱ្យអតីតអភិបាលក្រុងរូបនោះបានឈរឈ្មោះប្រកួតប្រជែងសម្រាប់តំណែងប្រធានាធិបតីនៅឆ្នំានេះដែរ ហើយពេលនោះហើយដែលរូបលោកក្លាយខ្លួនទៅជាបុគ្គលនិយាយឥតសំចៃមាត់រិះគន់ទៅលើលោកចូកូវីដូដូ រួមទំាងខ្សែបន្ទាត់គោលនយោបាយរបស់លោកចូកូវីដូដូផងដែរ៕
ប្រែសម្រួលសង្ខេប៖ ប្រាក់ សម្ជស្ស
ប្រភព៖ CNA/Agencies/Local News Agency


