ខេត្តកំពតចូលរួមប្រារព្ធខួបលើកទី៤១កំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា២ធ្នូ
| ព័ត៌មានជាតិ
SHARE

កំពត៖ នៅខេត្តកំពតថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធតាមបណ្ដាមន្ទីរអង្គភាពក្នុងខេត្ត ព្រះសង្ឃ សិស្សនិស្សិតនិងប្រជាពលរដ្ឋប្រមាណជិត២០០០នាក់ បានរួមគ្នាប្រារព្ធពិធីមិទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤១ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា (២ធ្នូ១៩៧៨.២ធ្នូ២០១៩) ក្រោមអធិបតីភាព ឯកឧត្តម ជាវ តាយ ប្រធានគណបក្សប្រជាជនកម្ពុជាខេត្ត-អភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្ត និងលោកជំទាវ ព្រមទាំងក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្តនិងមន្ទីរអង្គភាពជុំវិញខេត្តផងដែរ។

ឯកឧត្តម ជាវ តាយ ប្រធានគណបក្សប្រជាជនកម្ពុជាខេត្ត អភិបាល​ខេត្ត និងជាប្រធានគណៈកម្មាធិការរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្តបានអាននូវសុន្ទរកថា របស់សម្ដេចអគ្គមហាពញាចក្រីហេង សំរិនប្រធានរដ្ឋសភា ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជានិងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជានៅក្នុងឱកាសមីទ្ទិញរំលឹកខួបអនុស្សាវរីយ៍លើកទី៤១ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា២ធ្នូ ១៩៧៨-២ធ្នូ ២០១៩។ នៅក្នុងសុន្ទរកថា ដែលមានខ្លឹមសារជាអាទិ៍ថា៖ថ្ងៃ២ធ្នូដែលជាថ្ងៃកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា គឺជាបុព្វការីដែលមានគុណធំធេង មិនអាចបំភ្លេចបានដែលជាថ្ងៃចាប់បដិសន្ធិនៃកម្លាំងស្នេហាជាតិទូទាំងប្រទេស រួបរួមគ្នាធ្វើចលនាតស៊ូ ក្នុងគោលដៅ រំដោះជាតិមាតុភូមិ និងប្រជាជនកម្ពុជាឲ្យរស់រានមានជីវិតឡើងវិញ រួចផុតពីគ្រោះមហន្តរាយនិងការកាប់សម្លាប់នៃរបបកម្ពុជាប្រជាធិបតេយ្យរបស់បនប្រល័យពូជសាសន៍ប៉ុលពត។ 


នៅក្នុងសុន្ទរកថាក៏បានបន្តបញ្ជាក់សង្កត់ធ្ងន់ទៀតថា៖ ថ្ងៃកំណើត២ធ្នូ បើទោះបីមានរយៈពេលកន្លងផុតអស់កាលជាច្រើនឆ្នាំមកហើយក្ដី ក៏ជនរួមជាតិកម្ពុជាយើងនៅតែចង់ចាំជានិច្ច របស់អង្គការចាត់តាំងមហាជនមួយឈានមុខរបស់គណបក្សប្រជាជនកម្ពុជា បានបដិសន្ធិឡើងដើម្បីឆ្លើយតបទៅនឹងការអំពាវនាវរបស់រណសិរ្ស ប្រជាជនគ្រប់ទិសទីក្រោកឈរ រួបរួមគ្នា ជាកម្លាំងមហាសាមគ្គីជាតិ ដើម្បីផ្ដួលរំលំរបបកម្ពុជាប្រជាធិបតេយ្យ រហូតដល់ទទួលបានជ័យជម្នះដ៏ត្រចះត្រចង់ថ្ងៃ៧មករា ១៩៧៩ ដែលបានបញ្ចប់នូវសម័យកាលដ៏ខ្មៅងងឹត ពុំធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រកម្ពុជា និងបានបើកឡើងនូវសករាជថ្មី ប្រជាជនកម្ពុជាទទួលបានមកវិញ នូវសិទ្ធិសេរីភាពឱកាសដើម្បីស្ដារ កសាងមាតុភូមិរបស់ខ្លួន។

បច្ចុប្បន្នប្រជាជនកម្ពុជាបានរស់នៅយ៉ាងសុខដុមរមនា ក្នុងសន្តិភាព សេរីភាព និងសន្តិសុខដ៏ប្រសើរ ហើយកំពុងតែរួមសាមគ្គីគ្នាឈានទៅមុខ លើមាគ៌ានៃការអភិវឌ្ឍដោយផ្អែកលើមូលដ្ឋាន នៃសមិទ្ធផលទាំងឡាយ ដែលសម្រេចបានកន្លងមក។ ជាពិសេសជោគជ័យលើគ្រប់វិស័យក្នុងឆ្នាំ២០១៩ នេះបានពង្រឹងថែមទៀតនៅមូលដ្ឋានគ្រឹះសម្រាប់បន្តការអភិវឌ្ឍសេដ្ឋកិច្ចនិងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។

អង្គពិធីបន្ទាប់ពីមានចំណាប់អារម្មណ៍របស់យុវសិស្សតំណាងអង្គមិទ្ទីញបានសំដែងការចងចាំជានិច្ចដោយចាត់ទុករណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាដែលបច្ចុប្បន្នមានឈ្មោះថា រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា គឺជាបុព្វការីដ៏មានគុណបំផុតរបស់យើងព្រោះថារណសិរ្សនេះនាំមកនូវមហាជ័យជម្នះ ៧មករា ដែលបានសង្គ្រោះជីវិតឲ្យរួចផុតពីសេចក្ដីស្លាប់ និងបានរស់នៅក្នុងកិត្តិយសសេចក្ដីថ្លៃថ្នូរ សុខសន្តិភាព រីកចម្រើនសប្បូរសប្បាយនិងសិទ្ធិសេរីភាព យ៉ាងទូលំទូលាយប្រកបដោយក្ដីសង្ឃឹមនិងភាពញញឹមគ្រប់ពេលនិងគ្រប់ទីកន្លែងរួចមក។

អង្គពិធីក៏មានជូននូវថវិកាមួយចំនួនដល់អតីតមន្ត្រីកងរាជការ កងកម្លាំងចូលនិវត្តន៍ចំនួន១០០នាក់នឹងបានបង្ហោះប៉េងប៉ោង ប្រលែងសត្វព្រាបជានិមិត្តរូបនៃសេចក្ដីសុខសន្តិភាពនិងការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិផងដែរ៕ដោយ៖ប៉ៃ សុឃីម

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation