សម្តេចតេជោ ថ្លែងប្រាប់ ប្រតិភូអភិបាលក្រុង ប្រើប្រាស់ភាសាបារាំងថា រាជធានីភ្នំពេញ កំពុងជួបបញ្ហាប្រឈម​ថ្មីៗ ចំនួន៤ ដែលរាជរដ្ឋាភិបាល កំពុងយកចិត្តទុកដាក់ដោះស្រាយ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី៣ ខែធ្នូនេះ បានអនុញ្ញាតឲ្យ ឯកឧត្តម គ្រីស្យង់ រ៉ូហ្សេ អូគេមបា (Christian Roger Okemba) អភិបាលក្រុងប្រាហ្សាវិល ប្រទេសកុងហ្គោ និងជាអនុប្រធានសមាគមអន្តរជាតិ អភិបាលក្រុងប្រើប្រាស់ភាសាបារាំង ចូលជួបសម្តែងការគួរសម នៅវិមានសន្តិភាព។


តាមប្រសាសន៍ ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោ បានប្រាប់អ្នកសារព័ត៌មានថា ឯកឧត្តម គ្រីស្យង់ រ៉ូហ្សេ អូគេមបា តំណាងឲ្យប្រតិភូទាំងមូល បានមានប្រសាសន៍ថា ប្រតិភូ អភិបាលក្រុងប្រើប្រាស់ភាសាបារាំង បានមកកាន់កម្ពុជា ថ្វីត្បិតតែមិនទាន់បាន ធ្វើទស្សនកិច្ច នៅទូទាំងទីក្រុងភ្នំពេញក៏ដោយ ក៏ប៉ុន្តែអ្វីដែលបណ្ដាអភិបាលក្រុងទាំងអស់ សង្កេតឃើញ និងវាយតម្លៃនោះបានឃើញថា រាជធានីភ្នំពេញ គឺជាទីក្រុងមួយ ដែលមានភាពចំណាស់ ហើយក៏មានភាពធន់ និងស្រស់បំព្រងផងដែរ ក្នុងន័យនេះ ឯកឧត្តម និងប្រតិភូទាំងមូល នឹងប្រឹងប្រែង ធ្វើយ៉ាងណាធ្វើការសង្កេតការណ៍ ដើម្បីយកបទពិសោធទាំងនេះ ទៅអនុវត្តនៅតាមប្រទេសរបស់គាត់ រៀងៗខ្លួនថែមទៀត។

ជាការឆ្លើយ តបសម្ដេចតេជោ បានមានប្រសាសន៍ថា ទីក្រុងភ្នំពេញ បានកសាងឡើងជំនាន់បារាំង ហើយក៏បានកសាងឡើងថែមទៀត នៅជំនាន់ ដែលកម្ពុជាទទួលបានឯករាជ្យ ប៉ុន្តែអ្វីដែលជាការសោកស្ដាយនោះ ទីក្រុងភ្នំពេញ គឺត្រូវបានបំផ្លាញ ដោយរបបប្រល័យ ពូជសាសន៍ប៉ុលពត ។ នៅពេលដែល សម្ដេចតេជោវិលត្រឡប់ មកកាន់រាជធានីភ្នំពេញវិញ ទីក្រុងទាំងមូល គឺមានប្រជាជន តែ៧០នាក់តែប៉ុណ្ណោះ ហើយទីក្រុងទាំងមូល ពុំមានបញ្ហាប្រឈមច្រើនទេ បញ្ហាប្រឈមនៅពេលនោះ គឺពុំមានមនុស្សរស់នៅ ពុំមានចរាចរណ៍ឡានបើកបរ ប៉ុន្តែផ្ទុយទៅវិញ នៅពេលនេះ រាជធានីភ្នំពេញ គឺជួបប្រឈមនឹងបញ្ហាថ្មីៗជាច្រើន
ទី១.គឺបញ្ហាចរាចរណ៍ និងគ្រោះ ថ្នាក់ចរាចរណ៍ ដែលនាំទៅដល់ការស្លាប់ ប្រជាជនច្រើន ហើយការធ្វើដំណើរ មានការយឺតយ៉ាវ។  

ទី២ គឺបញ្ហាប្រឈមខ្វះចំណតរថយន្ត, ក្នុងន័យនេះ សម្ដេចតេជោ ក៏បានជម្រាបជូន ប្រតិភូទាំងមូលថា សម្ដេច បានណែនាំ ឯកឧត្តមអភិបាល ពិនិត្យនិងធ្វើយ៉ាងណា ជំរុញឲ្យមានការវិនិយោគ ទៅលើការបង្កើតចំណតរថយន្ត នៅក្រោមសួនច្បារនានា ដើម្បីដោះស្រាយបញ្ហានេះ។ 

ទី៣ គឺបញ្ហាសំរាម ដែលកំពុងតែប្រឈម, សម្ដេចលើកឡើងថា រាជធានីភ្នំពេញ គឺមានសំរាមប្រមាណ ៣ពាន់តោនក្នុងមួយថ្ងៃ ហើយបើយើងមិនប្រមូលទាន់ទេ សម្រាមនេះនឹងពូនឡើង ធ្វើឲ្យមានបញ្ហាដល់សោភណភាពផង អនាម័យទីក្រុងផង។

សម្ដេចបន្តថា កម្ពុជាដើម្បីដោះស្រាយបញ្ហានេះ កំពុងជំរុញ ឲ្យមានការចូលរួម ពីវិស័យផ្សេងៗក៏ដូចជាវិស័យឯកជនដែរ ដើម្បីធ្វើយ៉ាងណា កែប្រែសម្រាមនេះ ឲ្យទៅជាថាមពលអគ្គិសនី យកមកប្រើប្រាស់ឡើងវិញ និងបញ្ហាទី៤បញ្ហាអាសំណល់រាវ, រាជធានីភ្នំពេញ គឺជារាជធានីមួយ ដែលមានកម្ពស់ទាប ហើយពីដើមឡើយ សុទ្ធសឹងតែបឹងបួ ហើយក្នុងន័យនេះ ការបង្ហូរសំណល់រាវ ទៅទន្លេ ទៅបឹងបួរនោះ ពុំទាន់មានការធ្វើ អាងប្រព្រឹត្តិកម្មឬក៏អាងចម្រោះ បានត្រឹមត្រូវនៅឡើយ នេះក៏ជាបញ្ហាប្រឈមដែរ។

សម្ដេចតេជោ មានប្រសាសន៍ថា បញ្ហាទាំងនេះ គប្បីណាយកមកពិចារណាដោះស្រាយ មុននឹងជំរុញការអភិវឌ្ឍទីក្រុងថ្មី។ ជាមួយនឹង បញ្ហាប្រឈមនេះ សម្តេចតេជោ ក៏បានលើកឡើងដែរថា យើងមានបញ្ហាប្រឈមនេះ គឺបណ្ដាលមកពីការអភិវឌ្ឍ ដែលមានភាពជឿនលឿន ជាទីបំផុត ហើយការអភិវឌ្ឍនេះ​​ គឺបានមកអំពីកត្តាសុខសន្តិភាព ស្ថិរភាព ដែលកម្ពុជាមាន, ទាំងនោះគឺជាកត្តាទាក់ទាញ នៃការវិនិយោគ ហើយការវិនិយោគនេះហើយ ដែលលេចចេញ នូវបញ្ហាប្រឈមថ្មីៗ ដែលកម្ពុជាកំពុងតែជួបប្រទះ៕ អត្ថបទ ៖ សន ពិសិដ្ឋ

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation