សមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ បានជូនដំណើរសមាជិកសមាគមចំនួន១០១គ្រួសារទៅរស់នៅខេត្តឧត្តរមានជ័យ
| ព័ត៌មានជាតិ
SHARE

អតីតយុទ្ធជនកម្ពុជាចំនួន១០១គ្រួសារ បានទទួលផ្ទះនិងដីធ្លីត្រឹមត្រូវស្របច្បាប់ពិតប្រាកដក្រោយពីពួកគាត់បានចាប់ឆ្នោតយកផ្ទះដែលបានកសាងរួចរាល់ចំនួន១០១ខ្នងស្ថិតនៅខេត្តឧត្តរមានជ័យពីសមាគមអតីតយុទ្ធជនកម្ពុជារាជធានីភ្នំពេញកាលពីកន្លងទៅនេះ។

ពិធីជូនដំណើរប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី០៣ ធ្នូនេះតាមមធ្យោបាយរថយន្តក្រុងចំនួន៦គ្រឿងចេញពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឆ្ពោះទៅខេត្តឧត្តរមានជ័យដែលមានការជួយផ្គត់ផ្គង់ឧបត្ថម្ភថវិកាសម្ភារៈនិងការចំណាយផ្សេងៗពីសមាគមអតីតយុទ្ធជនកម្ពុជារាជធានីភ្នំពេញ ក្រោមការដឹកនាំដោយឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជារាជធានីភ្នំពេញ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេតអគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញនិងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ ។

សមាជិកសមាគមអតីតយុទ្ធជនកម្ពុជារាជធានីភ្នំពេញដែលធ្វើដំណើរទៅរស់នៅខេត្តឧត្តរមានជ័យក៏បានលើកឡើងសំដែងចេញនូវទឹកចិត្តរីករាយដែលសមាគមអតីតយុទ្ធជនកម្ពុជារាជធានីភ្នំពេញ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់គិតគូសុខទុក្ខនិងការរស់នៅរបស់ពួកគាត់។ពួកគាត់ក៏សូមថ្លែងអំណគុណនិងប្តេជ្ញាតស៊ូទៅរស់នៅទីនោះដើម្បីកសាងជីវភាពថ្មី។

សូមបញ្ជាក់ថាសមាជិកសមាគម១០១គ្រួសារដែលសព្វថ្ងៃរស់នៅភ្នំពេញគ្មានផ្ទះនិងទីជម្រកពិតប្រាកដនោះទេពួកគាត់រស់នៅបច្ចុប្បន្នក្នុងតំបន់អនាធិបតេយ្យនិងជួលផ្ទះគេរស់នៅបណ្តោះអាសន្នក្នុងជីវភាពលំបាក។ពួកគាត់ក៏បានដាក់ពាក្យស្នើសុំមកសមាគមអតីតយុទ្ធជនកម្ពុជារាជធានីភ្នំពេញដើម្បីជួយដោះស្រាយផ្ទះនិងដីធ្លីមួយចំនួនសម្រាប់បង្កបង្កើនផលផ្គត់ផ្គង់ជីវភាពតែប៉ុណ្ណុះ។ទន្ទឹមនោះរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាសមាគមអតីតយុទ្ធជនកម្ពុជា ក្នុងការឆ្លើយតបទៅនិងគុណបំណាច់របស់ពួកគាត់ដែលបានលះបង់សព្វបែបយ៉ាងក្នុងបុព្វហេតុដើម្បីជាតិនិងមាតុភូមិក៏បានគិតគូ រកដីសម្បទានសង្គមកិច្ច និងបានកសាងផ្ទះជូនដល់ពួកគាត់ទាំង១០១គ្រួសារដែលស្ថិតនៅស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ដើម្បីដោះស្រាយការលំបាក។

ផ្ទះដែលកសាងអំពីឈើប្រក់ស័ង្កសីទំហំ៤ម៉ែត្រគុណ៦ម៉ែត្រ លើដីលំនៅដ្ឋាន៣០ម៉ែត្រគុណ៨០ម៉ែត្រ បំពាក់ដោយភ្លើងសូឡា មានស្រះទឹកមួយទំហំ១០០ម៉ែត្រគុណ១០០ម៉ែត្រ ជម្រៅ៤ម៉ែត្រ និងអណ្តូងទឹកស្នប់ចំនួន៣អណ្តូង ដែលមានការជួយឧបត្ថម្ភពីសមាគមអតីតយុទ្ធជនកម្ពុជារាជធានីភ្នំពេញ៕អត្ថបទ ៖ ម៉ៅ នរិទ្ធិយ៉ា


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation