ព័ត៌មានអន្តរជាតិ

មនុស្សម្នាក់ស្លាប់និងជើងហោះហើររាប់រយត្រូវបានផ្អាកដោយសារព្យុះទីហ្វុងវាយប្រហារហ្វីលីពីន

image

ព្យុះទីហ្វុងបានវាយប្រហារប្រទេសហ្វីលីពីននៅថ្ងៃអង្គារនេះដោយបណ្តាលឲ្យមនុស្សម្នាក់បានបាត់បង់ជីវិតនិងមានភ្លៀងធ្លាក់ខ្លាំងដែលជំរុញឲ្យការធ្វើដំណើរតាមផ្លូវអាកាសនៅក្នុងរដ្ឋធានីម៉ានីលត្រូវបានផ្អាក។ ទន្ទឹមនឹងនោះ អាជ្ញាធរក៏បានព្រមានពីគ្រោះទឹកជំនន់, ការកើនឡើងនៃកម្ពស់ទឹកសមុទ្រនិងការរអិលបាក់ដីផងដែ។

កាំមូរី (Kammuri) គឺជាព្យុះទីហ្វុងទី២០ដែលបានវាយប្រហារប្រទេសហ្វីលីពីននៅក្នុងឆ្នាំនេះនិងបាននាំមកជាមួយនូវល្បឿនខ្យល់ជាមធ្យម១៥០គីឡូម៉ែត្រក្នុងមួយម៉ោងដែលបង្កឲ្យមានការខូចខាតផ្ទះសម្បែងព្រមទាំងរលំដើមឈើនិងស្លាកសញ្ញាផ្សេងៗនៅតំបន់ទីក្រុង។

ជើងហោះហើរជិត៥រយត្រូវបានពន្យារពេលនិងមនុស្ស១០ម៉ឺននាក់បានរងផលប៉ះពាល់ដោយសារការបិទស្ថានីយ៍រង់ចាំទាំង៤កន្លែងនៅឯអាកាសយានដ្ឋានដ៏សំខាន់មួយក្នុងរដ្ឋធានីម៉ានីលរយៈពេល១២ម៉ោងរហូតដល់ម៉ោង១១យប់ថ្ងៃអង្គារនេះ។ គួរបញ្ជាក់ថា ប្រទេសហ្វីលីពីនកំពុងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡា Sea Games ហើយការប្រកួតកីឡាមួយចំនួនត្រូវបានពន្យារពេលដោយសារការព្រួយបារម្ភពីបញ្ហាសុវត្ថិភាព៕

ព័ត៌មានទាក់ទង...