សេចក្តីព្រាងផែនការមេ គ្រោងនឹងបញ្ចប់នៅពាក់កណ្តាលឆ្នាំ២០២០ នេះ ដើម្បីកាត់បន្ថយថ្លៃដឹកជញ្ជូន, ឡូជីស្ទីក និងពិពិធកម្មសេដ្ឋកិច្ចកម្ពុជា 
| ព័ត៌មានជាតិ
SHARE

ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) បានឲ្យដឹកនៅក្នុងកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិភាក្សា និងផ្តល់យោបល់លើ សេចក្តីព្រាងផែនការមេសម្រាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយនៅកម្ពុជា ២០២១-២០៣០ ថា ក្រោមជំនួយហិរញ្ញវត្ថុរបស់ប្រទេសចិន សេចក្តីព្រាងផែនការមេ នេះ ត្រូវបានរៀបចំដោយក្រុមហ៊ុន China International Engineering Consulting Corporation (CIECC) ចាប់តាំងពីពាក់កណ្តាលឆ្នាំ ២០១៨ មក ហើយគ្រោងនឹងបញ្ចប់នៅពាក់កណ្តាលឆ្នាំ២០២០ ខាងមុខ។ មកទល់ពេលនេះ ក្រុមការងារបានបញ្ចប់សេចក្តីព្រាង និងកំពុងដាក់ស្នើសុំយោបល់ និងអនុសាសន៍បន្ថែមពីភាគីពាក់ព័ន្ធ សំដៅកែលម្អឱ្យកាន់តែសុក្រិត និងគ្រប់ជ្រុងជ្រោយ។ 

សេចក្តីព្រាងផែនការមេ នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីជំរុញការតភ្ជាប់របស់កម្ពុជា, កាត់បន្ថយថ្លៃដឹកជញ្ជូន និងឡូជីស្ទីក, ជំរុញសមាហរណកម្មកម្ពុជាទៅក្នុងតំបន់ និងពិភពលោក, បង្កើនភាពប្រកួតប្រជែង និងពិពិធកម្ម សេដ្ឋកិច្ចកម្ពុជា សំដៅធានានិរន្តភាពនៃកំណើនសេដ្ឋកិច្ចក្នុងកម្រិតឧត្តមានុពល ។ សេចក្តីព្រាងផែនការមេ នេះ រួមបញ្ចូលផែនការមេចំនួន ៧ ដែលក្នុងនោះ   រួមមាន ១. ផែនការមេប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ, ២. ផែនការមេដឹកជញ្ជូនផ្លូវគោក, ៣. ផែនការមេដឹកជញ្ជូនផ្លូវដែក, ៤. ផែនការមេដឹកជញ្ជូនផ្លូវទឹក, ៥. ផែនការមេដឹកជញ្ជូនផ្លូវសមុទ្រ, ៦. ផែនការមេដឹកជញ្ជូនផ្លូវអាកាស និង ៧. ផែនការមេសម្រាប់ប្រព័ន្ធឡូជីស្ទីក។ ទន្ទឹមនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏សម្លឹងឃើញនូវតួនាទីដ៏សំខាន់មួយទៀតរបស់ផែនការមេនេះ ដែលជាឯកសារចង្អុលទិស ក៏ដូចជាកំណត់នូវក្របខ័ណ្ឌរួមនៃផែនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនគ្រប់មធ្យោបាយ រួមទាំងប្រព័ន្ធឡូជីស្ទីក ដែលនឹងជួយបង្កើនប្រសិទ្ធភាពវិនិយោគសាធារណៈលើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជាផងដែរ។

សូមបញ្ជាក់ថា សេចក្តីព្រាងផែនការមេ នេះ បានផ្តល់ជាជម្រើសវិធានការថា ត្រឹមឆ្នាំ២០៣០ ការដឹកជញ្ជូនផ្លូវគោកនៅតែជាអាទិភាពសម្រាប់កម្ពុជា ប៉ុន្តែត្រូវផ្តោតលើគុណភាពឱ្យច្រើនជាងបរិមាណ ហើយត្រូវបន្តអភិវឌ្ឍការដឹកជញ្ជូនផ្លូវអាកាស, ការដឹកជញ្ជូនផ្លូវសមុទ្រ ព្រមទាំងស្តារ និងពង្រឹងឡើងវិញទៅលើហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់ការដឹកជញ្ជូនផ្លូវដែក និងផ្លូវទឹក៕អត្ថបទ៖ ចេង ឆហួត 

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation