ព័ត៌មានជាតិ

សភាពការណ៍សន្ដិសុខ ថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក មានភាពល្អប្រសើរ ពលរដ្ឋកម្សាន្ដសប្បាយយ៉ាងច្រើនកុះករ

image


ភ្នំពេញ៖​ អគ្គស្នងការដ្ឋាននគរបាលជាតិ បានវាយតម្លៃថា ថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក បានប្រព្រឹត្តទៅដោយសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ មានភាពល្អប្រសើរ ដោយប្រជាពលរដ្ឋមកចូលរួមកម្សាន្ដសប្បាយយ៉ាងច្រើនកុះករ និងមានកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព យ៉ាងយកចិត្តទុកដាក់បំផុត​ ពីគណៈបញ្ជាការការពារគ្រប់គោលដៅស្របតាមផែនការដែលបានដាក់ចេញ។
យោងតាមរបាយការណ៍របស់អគ្គស្នងកាដ្ឋាននគរបាលជាតិចេញនៅយប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤​ បានបង្ហាញថា សភាពការណ៍សន្ដិសុខ​ ថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក។


ដោយឡែក សភាពការណ៍គ្រោះថ្នាក់ផ្សេងៗ មានករណីលិចទូក​ ៩លើក ស្មើនឹង​ ៩ទូក (ពុំមានគ្រោះថ្នាក់ដល់អាយុជីវិតឡើយ)។ ករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង​ ១លើក នៅគោលដៅ ក.៣.៧ បង្កដោយម៉ូតូរវាងម៉ូតូ បណ្តាលរបួសស្រាល២នាក់។​ ករណីផ្ទុះកំប៉ុងហ្គាស១លើក (គោលដៅ​ ក.៣.៧) ប៉ុន្តែមិនបណ្តាលឲ្យមានអ្នករងរបួសឡើយ កម្លាំងការពារគោលដៅបានធ្វើការអប់រំណែនាំអ្នកប្រើប្រាស់ហ្គាសឲ្យមានការប្រុងប្រយ័ត្តខ្ពស់។


ចំពោះលទ្ធផលកិច្ចប្រតិបត្តិការ និងអន្ដរាគមន៍ សង្គ្រោះវិញ បានទប់ស្កាត់ការបង្ហោះដ្រូនដោយគ្មានការអនុញ្ញាត (ដ្រូនធម្មតា) ចំនួន៤គ្រឿង។ កម្លាំងការពារគៅលដៅ បានរកឃើញក្មេងវង្វេងសាច់ញាតិចំនួន​ ១៩នាក់ ដោយបានធ្វើការផ្សព្វផ្សាយ ហើយត្រូវបានសាច់ញាតិមកទទួលយកត្រឡប់ទៅវិញ។


ក្រុមគ្រូពេទ្យប្រចាំការនៅតាមគោលដៅ បានធ្វើការសង្រ្គោះបឋមដល់អ្នកដែលមានបញ្ហាសុខភាពសរុបចំនួន ២,១០៣នាក់ (ស្រី៥០៣នាក់) និងបញ្ជូនទៅសង្រ្គោះ នៅមន្ទីរពេទ្យចំនួន​ ៥នាក់៕
អត្ថបទ៖​ ម៉ៅ​ នរិទ្ធិយ៉ា