ព័ត៌មានជាតិ

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អង្គការដៃគូ និងវិស័យឯកជន បានរួមគ្នាធ្វើសកម្មភាពផ្សព្វផ្សាយបញ្ហាគ្រឿងញៀន អំឡុងពេលបុណ្យអុំទូក

image


ភ្នំពេញ៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អង្គការដៃគូ និងវិស័យឯកជន បានសហការរួមគ្នាធ្វើសកម្មភាពផ្សព្វផ្សាយបញ្ហាគ្រឿងញៀន អំឡុងពេលបុណ្យអុំទូក នៅទីតាំងទាំងសួនក្បែរព្រះបរមរាជវាំង សួនបណ្ដោយទន្លេសាប ទន្លេចតុមុខ និងសួនច្បារមាត់ទន្លេមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។


លោកឧត្តមសេនីយ៍ឯក លឹម តុងហួតប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ បានឱ្យដឹងថា ក្រោមកិច្ចសម្របសម្រួល និងឧបត្ថម្ភគាំទ្រពីអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងកិច្ចសហការឧបត្ថម្ភគាំទ្រ សម្ភារៈពីគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានីភ្នំពេញ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី និងក្រុមហ៊ុនទេសចរណ៍ឆាយផល នៅថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ក្រុមយុវជនកាយរិទ្ធកម្ពុជា យុវជនកាកបាទក្រហមកម្ពុជា អង្គការកសាង អង្គការមិត្តសំឡាញ់ សមាគមស្ត្រីដើម្បីអភិវឌ្ឍ និងក្រុមបណ្ដាញបុរសស្រឡាញ់បុរស បានរួមគ្នាធ្វើសកម្មភាពយ៉ាងផុលផុស តាមរយៈការចែកខិតប័ណ្ណពីបញ្ហាគ្រឿងញៀន និងការបំផុសឲ្យមានការប្រើប្រាស់App NoDrug ដល់ទៅសាធារណៈជនទូទៅ។
លោក សង្កេតឃើញថា អង្គការដៃគូ ក៏ដូចជាវិស័យឯកជន បានបន្តការចាប់អារម្មណ៍ ចូលរួមជួយក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន សំដៅយកបញ្ហាគ្រឿងញៀនចេញពីសហគមន៍ នាំក្តីសុខសាន្តជូនប្រជាពលរដ្ឋ។


ក្នុងនាមនាយឧត្តមសេនីយ៍ មាស វិរិទ្ធអគ្គលេខាធិការ, លោកឧត្តមសេនីយ៍ឯក លឹម តុងហួត បានថ្លែងអំណរគុណ និងកោតសរសើរចំពោះការចូលរួមទាំង អង្គការសង្គមស៊ីវិល ក៏ដូចជាគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានីភ្នំពេញ វិស័យឯកជន ក្រសួងទេសចរណ៍ ក្រសួងព័ត៌មាន ក្រសួងអប់រំ យុវជន និងកីឡា ក្រុមផលិតរបស់ទូរទស្សន៍ជាតិកម្ពុជា ទូរទស្សន៍ CNC និងបណ្តាញផ្សព្វផ្សាយផ្សេងទៀត ដែលបានធ្វើឲ្យការងារផ្សព្វផ្សាយអប់រំក្នុងថ្ងៃទី១ នេះប្រព្រឹត្តទៅបានដោយរលូន។


លោកឧត្តមសេនីយ៍ឯក លឹម តុងហួត បានបញ្ជាក់ថា ក្រុមការងារផ្សព្វផ្សាយអប់រំ និងជំរុញការប្រើប្រាស់ App NoDrug របស់អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងក្រសួងស្ថាប័នពាក់ព័ន្ធ នឺងបន្តការតាំងពិព័រណ៍ផ្ដល់រង្វាន់លើកទឹកចិត្តប្រគំតន្ត្រី ការសម្ដែងសិល្បៈ ហើយអង្គការមហាជន អង្គការសង្គមស៊ីវិល វិស័យឯកជន នឹងបន្តសកម្មភាពរបស់ខ្លួនដើម្បីចូលរួមចំណែកជាមួយអគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនរយៈពេល០៣ថ្ងៃពេញគឺចាប់ពីពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤៕