គម្រោងបណ្តាញលូមេ ដើម្បីដោះស្រាយទឹកលិចនៅផ្លូវលេខ៣១៥ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២០
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបានបន្តឲ្យកម្លាំងចុះធ្វើការផ្លាស់ប្ដូរប្រព័ន្ធលូ នៅតាមមហាវិថីនិងវិថីតូចធំនៅក្នុងមូលដ្ឋានរាជធានីភ្នំពេញដើម្បីបង្ហូទឹកបានលឿនជាងមុន ព្រោះពេលភ្លៀងម្ដងៗតែងតែលិចរហូតមកធ្វើអោយបងប្អូន ប្រជាពលរដ្ឋ ពិបាកធ្វើដំណើរ និងដើម្បីសោភ័ណភាពនៅក្នុងទីក្រុងភ្នំពេញផងដែរ ។

ជាក់ស្ដែង នៅតំបន់ផ្សារមាន់អាំង ផ្លូវលេខ៣១៥ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រដ្ឋបាលរាជធានីភ្នំពេញបន្តគម្រោងការពារទឹកជំនន់និងកែលម្អប្រព័ន្ធប្រឡាយ លូ ក្នុងរាជរាធានីភ្នំពេញ ជំហានទី៤ ហិរញ្ញប្បទានឥតសំណងពីប្រជាជនជប៉ុនជាសក្ខីភាពនៃមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសជប៉ុន និងព្រះរាជាណាចក្រកម្ពុជា ដាក់បណ្តាញលូមេ ដើម្បីដោះស្រាយទឹកលិច ដូច្នេះតំបន់នោះមានការប្រឈមនឹងការធ្វើដំណើរចរាចរណ៍ចង្អៀត ព្រោះស្ថានភាពផ្លូវមួយចំហៀងជាការដ្ឋាន សូមគ្រប់អ្នកបញ្ជាយានយន្តយោគយល់ អព្យាស្រ័យគ្នា និងចូលរួមគោរព នគរបាលចរាចរណ៍ឈរជើងនៅទីតាំងនេះ បញ្ជៀសចរាចរណ៍។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានអោយដឹងថាការងារដាក់លូផ្លូវលេខ៣១៥ដែលជាគម្រោងការពារទឹកជំនន់ជំហាន៤របស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនJICA គិតមកដល់ចុងឆ្នាំ២០១៩នេះបានសម្រេចការងារមួយចំនួនដូចខាងក្រោម៖

-ដាក់លូប្រអប់ទំហំ២ម៉ែត្រ×២ម៉ែត្រប្រវែង៦០ម៉ែត្រចាប់ពីផ្លូវលេខ៣១៥ដល់អាងស្តុកទឹកទួលគោក១(ត្រឡោកបែក)។

-ដាក់ លូមូលមុខកាត់ទំហំ២ម៉ែត្រប្រវែង១៨២៤ម៉ែត្រចាប់ពីផ្លូវលេខ៥១៦ដល់ផ្លូវលេខ៦០៨។

លោកសាំ ពិសិដ្ឋ បញ្ជាក់ថា ការងារនេះបានចាប់ផ្តើមកាលពីថ្ងៃទី១៥ ខែឧសភាឆ្នាំ២០១៩គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២០។

បន្ថែមពីលើនោះផងដែរ រដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចជាគណៈបញ្ជាការឯកភាពខណ្ឌទាំង ១៤ខណ្ឌនៅក្នុងរាជធានីភ្នំពេញក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋដែលមានទីលំនៅនៅជាប់ដងផ្លូវ ជាពិសេសនៅចំណុចដែលមានការដ្ឋានផ្លាស់ប្ដូរប្រព័ន្ធលូនៅចំពីមុខផ្ទះរបស់បងប្អូនសូមបងប្អូនមេត្តាជួយយោគយល់នៅការកក់ស្ទះ និងជួយរៀបចំទុកដាក់សំរាមឱ្យមានរបៀបរៀបរយនិងពិនិត្យមើលគំរបលូនៅមុខផ្ទះរាល់ពេលដែលមានមេឃភ្លៀងធ្លាក់ខ្លាំងនិងសូមជួយសំអាតដើម្បីកុំអោយមានសំរាមហូរចូលដល់មាត់លូនោះអាចបង្កឲ្យមានការកកស្ទះ៕ដោយ៖ឌីយ៉ាម៉ង់


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation