រដ្ឋមន្រ្តីសុខាភិបាល បានជំរុញលើកទឹកចិត្ត ឲ្យសាកលវិទ្យាល័យសុខាភិបាល បណ្តុះបណ្តាលធនធានមនុស្សផ្នែកសុខាភិបាល ដោយផ្តោតលើសមត្ថភាពជំនាញ
| ព័ត៌មានជាតិ
SHARE

នៅព្រឹកថ្ងៃទី០៥ខែ ធ្នូ ឆ្នាំ២០១៩នេះ ឯកឧត្តមសាស្រ្តាចារ្យវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល បានមានប្រសាសន៍ ជំរុញលើកទឹកចិត្ត ឲ្យសាកលវិទ្យាល័យសុខាភិបាល ដែលជាសេនាធិការមួយរបស់ក្រសួងសុខាភិបាល ក្នុងវិស័យបណ្តុះបណ្តាលធនធានមនុស្សសុខាភិបាលធ្វើកំណែទម្រង់មុខគេ ដោយផ្តោតសំខាន់លើការរៀបចំកែលំអកម្មវិធីសិក្សាជាពិសេស ដោយផ្តោតលើសមត្ថភាពជំនាញ។

ឯកឧត្តមមានប្រសាសន៍ថែមថា តាមរយៈកិច្ចសហប្រតិបត្តិការជាមួយសាធារណៈរដ្ឋបារាំង ដែលមានប្រវត្តិយូរយារហើយ សង្កេតឃើញថា យើងមានភាពវិវឌ្ឍជាវិជ្ជមានពីមួយឆ្នាំទៅមួយឆ្នាំ ដែលពីមុនយើងត្រូវបញ្ជូននិស្សិតរបស់យើងការសិក្សានៅប្រទេសបារាំង និងប្រទេសដទៃទៀត ដើម្បីទទួលបានសញ្ញាបត្របន្ថែមពីសាកលវិទ្យល័យបរទេស តែបច្ចុប្បន្ននិស្សិតរបស់យើង អាចសិក្សានៅទីនេះ មិនត្រឹមតែបានសញ្ញាបត្រពីសាកលវិទ្យល័យសាស្រ្តសុខាភិបាលទេ ប៉ុន្តែថែមទាំងទទួលពីសាកលវិទ្យាល័យ Paris Saclay នៃប្រទេសបារាំងទៀតផង។

លើសយើងជាមានមោទនភាព ដែលសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល តាមរយៈកម្មវិធីបណ្តុះបណ្តាលថ្នាក់បរិញ្ញាប់ត្រជាន់ខ្ពស់ជំងឺឆ្លងនេះ អាចទទួលនិស្សិតបរទេសមកសិក្សានៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ដែលនេះបានជំរុញឲ្យកិត្យានុភាពរបស់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ឈានដល់កម្រិតការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ។

ឯកឧត្តម ម៉ម ប៊ុនហេង ក៏ថ្លែងអំណរគុណដល់សាកលវិទ្យាល័យ Paris Saclay សាធារណរដ្ឋបារាំង និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដែលបានសហការជាមួយសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលបង្កើតឲ្យមានឡើងនូវថ្នាក់បណ្តុះបណ្តាលកម្រិតអន្តរជាតិ បរិញ្ញាបត្រជាន់ខ្ពស់ជំងឺឆ្លង និងថ្លែងអំណរគុណលោកជំទាវឯកអគ្គរដ្ឋទូតសាធារណៈបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលបានជួយគាំទ្រទាំងថវិកា និងបច្ចេកទេស ការងារបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល និងបានផ្តល់អាហារូបករណ៍ដល់និស្សិតសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។

ឯកឧត្តមសាស្រ្តាចារ្យវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល មានប្រសាសន៍បែបនេះ ក្នុងកម្មវិធី បើកជាផ្លូវការ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំងឺឆ្លង នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។

ឯកឧត្តម សាផុន វឌ្ឍនៈ សាកលវិទ្យាធិការសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលមានប្រសាសន៍ថា បើកវគ្គបណ្តុះបណ្តាលនេះជាកិច្ចសហការរួមគ្នារវាង សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលកម្ពុជា, សាកលវិទ្យាល័យ Paris Saclay ,និង វិទ្យាស្ថានប៉ាស្ទរ័កម្ពុជា ,បានទទួលនូវការឯកភាពពីក្រសួងសុខាភិបាឲ្យជ្រើសរើសនិស្សិតចូលរៀនចាប់ពីឆ្នាំសិក្សា ២០១៩- ២០២០នេះតទៅ។ កម្មវិធីនេះ មានរយៈពេលពីឆ្នាំ ដែលត្រូវសិក្សានៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលកម្ពុជា ក្នុងប្រទេសកម្ពុជា រយៈពេលមួយឆ្នាំ កន្លះ និង កម្មសិក្សានៅប្រទេសបារាំង រឺប្រទេសផ្សេងៗ មួយឆមាស។ សម្រាប់ជំនាន់ទីមួយនេះ គណៈកម្មាការរួម បានជ្រើសរើសនិស្សិតចូលរៀនចំនួន ១០ រូបដែលក្នុនោះមាននិស្សិតបរទេស ៥ រូប ២ រូបមកពីប្រទេសបារាំង ២រូបមកពី ប្រទេសហ្គាណា និង ១រូប មកពីប្រទេសថៃ និង ៥រូបទៀតជានិស្សិតកម្ពុជា៕អត្ថបទ ៖ គង់ វណ្ណៈ


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation