កម្ពុជា-អាមេរិក រំពឹងថាទំនាក់ទំនងលើវិស័យការងារ និងពាណិជ្ជកម្មនឹងកាន់តែល្អប្រសើរថែមទៀត 
| ព័ត៌មានជាតិ
SHARE

ក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា នៅទីស្តីការក្រសួងការងារ ភាគីទាំងពីរបានបង្ហាញការរំពឹងទុកថា កិច្ចសហប្រតិបត្តិការលើវិស័យការងាររវាងកម្ពុជា-អាមេរិក នឹងកាន់ តែមានវឌ្ឍនភាពបន្តទៅទៀត ខណៈទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរកំពុងមានភាពល្អប្រសើរ។

ឯកឧត្តមបណ្ឌិត អ៉ិត សំហេង មានសុទិដ្ឋិនិយមថា ក្នុងអាណត្តិបេសកកម្មរបស់ឯកឧត្តម W. Patrick Murphy កម្ពុជា-អាមេរិក នៅតែពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈជាមួយគ្នាកាន់តែជិតស្និទ្ធថែមទៀត។

ឯកឧត្តម បានរៀបរាប់ពីវឌ្ឍនភាពលើវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈរបស់កម្ពុជា ក្រោមកិច្ចសហប្រតិបត្តិការ ល្អជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិក ក៏ដូចជាអង្គការដៃគូនានារបស់សហរដ្ឋអាមេរិកផងដែរ ខណៈដែលពេលថ្មីៗនេះ គម្រោងរោងចក្រកាន់តែល្អប្រសើរនៅកម្ពុជា បានសម្រេចបន្តកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា រយៈពេល៣ឆ្នាំទៀត (២០២០-២០២២)។ 

ឯកឧត្តមបណ្ឌិត អ៉ិត សំហេង បានបន្ដថា កម្ពុជាទទួលស្គាល់ធាតុចូលសំខាន់នានា ដែលសហរដ្ឋអាមេរិកបានចូលរួម ផ្ដល់ឱ្យកម្ពុជាក្នុងការរៀបចំច្បាប់ បទប្បញ្ញត្តិ លិខិតបទដ្ឋានគតិយុត្ត ក៏ដូចជាគម្រោងអភិវឌ្ឍន៍មួយចំនួន ក្នុងនោះ ច្បាប់ស្ដីពីការងារក៏ជាសមិទ្ធផលមួយ ដែលសហរដ្ឋអាមេរិកបានចូលរួមជួយដល់កម្ពុជា។

ឯកឧត្តមបណ្ឌិត អ៉ិត សំហេង និងឯកឧត្តម W. Patrick Murphy បានបង្ហាញគោលបំណងរួមគ្នាថា នៅតែបន្តកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏ដូចជាវិស័យពាណិជ្ជកម្មរវាងកម្ពុជា និងសហរដ្ឋអាមេរិកឱ្យកាន់តែជិតស្និទ្ធ ខណៈដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងប្រធានាធិបតីសហរដ្ឋអេមរិក ឯកឧត្តម ដូណាល់ ត្រាំ ក៏បានផ្ញើសារទំនាក់ទំនងការទូតឱ្យគ្នាទៅវិញទៅមក ប្រកបដោយភាពជិតស្និទ្ធផងដែរ៕អត្ថបទ ÷អៀវ ឈៀងនី 

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation