ព័ត៌មានជាតិ

រដ្ឋមន្ត្រីកិច្ចការនារី ​បញ្ជាក់ថា ការធ្វើឲ្យប្រសើរឡើង នូវអាជីវកម្មខ្នាតតូចរបស់ស្ត្រីជនបទ​ មិនត្រឹមតែ បានរួមចំណែកកាត់បន្ថយភាព ក្រីក្រដល់ស្ត្រីប៉ុណ្ណោះទេ ប៉ុន្តែក៏បានជួយលុបបំបាត់ អំពើហិង្សាលើស្ត្រីផងដែរ​

image

ភ្នំពេញ ៖ លោកជំទាវ វេជ្ជបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី នាព្រឹកថ្ងៃទី៥ ខែធ្នូនេះ បានមានប្រសាសន៍លើកឡើងថា តាមរយៈ ការធ្វើឲ្យប្រសើរឡើង នូវអាជីវកម្មខ្នាតតូចរបស់ស្ត្រីជនបទ យើងបង្កើនការចូលរួម វិស័យសេដ្ឋកិច្ចរបស់ស្ត្រី ហើយនៅក្នុងពេល ជាមួយគ្នានោះ ផ្ដល់នូវលទ្ធភាពទទួលបាន ក៏ដូចជាឱកាសដល់ស្ត្រី ក្នុងការរៀនសូត្រផងដែរ។ លោកជំទាវបញ្ជាក់ថា សមិទ្ធិផលទាំងនេះ មិនត្រឹមតែបានរួមចំណែក កាត់បន្ថយភាព ក្រីក្រដល់ស្ត្រីប៉ុណ្ណោះទេ ប៉ុន្តែក៏បានជួយលុបបំបាត់ អំពើហិង្សាលើស្ត្រីផងដែរ។

ការលើកឡើងរបស់លោកជំទាវរដ្ឋមន្ត្រី បានធ្វើឡើង នៅក្នុង​កម្មវិធីបើក កិច្ចប្រជុំគណៈកម្មាធិការ សម្របសម្រួលរួម លើកទី៣ នៃគម្រោង ស្ដីពីការបញ្ជ្រាបយេនឌ័រ សម្រាប់បង្កើនភាពអង់អាច ផ្នែកសេដ្ឋកិច្ចដល់ស្ត្រី (PGM-WEE) ដែលធ្វើឡើងនៅរាជធានីភ្នំពេញ។

​ ស្របទៅនឹងការលើកឡើង របស់លោកជំទាវរដ្ឋមន្ត្រីកិច្ចការនារី, លោក ស៊ូហ្គាណូ យូឈិ (Sugano Yuichi) ប្រធានតំណាងការិយាល័យ អង្គការ JICA ប្រចាំកម្ពុជា បានឲ្យដឹងថា គម្រោង PGM-WEE នេះ ធ្វើឡើងដើម្បីលើកកម្ពស់ និងការបញ្ជ្រាបយេនឌ័រ សម្រាប់បង្កើនភាពអង់អាច ផ្នែកសេដ្ឋកិច្ចដល់ស្ត្រី ហើយតាមរយៈគម្រោងនេះ លោក​ជឿជាក់ថា តួនាទីរបស់ស្ត្រី បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងអភិវឌ្ឍន៍សេដ្ឋកិច្ច របស់ប្រទេសកម្ពុជា ដែលផ្តល់ឱ្យកម្ពុជា សម្រេចបាននូវគោលដៅ ក្លាយជាប្រទេស ដែលមានប្រាក់ចំណូល​មធ្យមកម្រិតខ្ពស់ នៅក្នុង២០៣០។

សូមជម្រាបថា គម្រោង ស្ដីពីការបញ្ជ្រាបយេនឌ័រ សម្រាប់បង្កើនភាពអង់អាច ផ្នែកសេដ្ឋកិច្ចដល់ស្ត្រី (PGM-WEE) បានចាប់ផ្ដើម កាលពីខែកុម្ភៈ ឆ្នាំ២០១៧ ក្នុងគោលបំណង ពង្រឹងយន្ដការបញ្ជ្រាបយេនឌ័រ នៅក្នុងស្ថាប័នរដ្ឋាភិបាល នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដោយផ្ដោតការយកចិត្តទុកដាក់ លើការពង្រឹងភាពអង់អាច ផ្នែកសេដ្ឋកិច្ចដល់ស្ត្រី។ គម្រោងនេះ ត្រូវបានអនុវត្ត ដោយក្រសួងកិច្ចការនារី សហការជាមួយ មន្ទីរកិច្ចការនារីខេត្ត និងក្រសួង/មន្ទីរដៃគូ ក្រោមការគាំទ្រ ពីទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិជប៉ុន (JICA)។

បច្ចុប្បន្ននេះ គម្រោងបានធ្វើការអនុវត្តសកម្មភាព បានពាក់កណ្ដាលគម្រោង ហើយរយៈពេល២ឆ្នាំកន្លងមកនេះ គម្រោង PGM-WEE បានកំណត់នូវវិធីសាស្ត្រល្អៗ ក្នុងការពង្រឹងយន្ដការបញ្ជ្រាបយេនឌ័រ ដើម្បីបង្កើនភាពអង់អាច ផ្នែកសេដ្ឋកិច្ចដល់ស្ត្រី នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ តាមរយៈការស្វែងរក ការគាំទ្រមតិ និងការសម្របសម្រួលពីក្រសួង និងមន្ទីរកិច្ចការនារី៕ អត្ថបទ ៖ សន ពិសិដ្ឋ