ឯកឧត្តម ហ៊ុន ម៉ាណែត ថាគោលនយោបាយអភិវឌ្ឍវិស័យអប់រំ គឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម
| ព័ត៌មានជាតិ
SHARE

បន្ទាយមានជ័យ៖ នាថ្ងៃសៅរ៍ ទី០៧ ខែធ្នូ ឆ្នាំ២០១៩ នេះ ឯកឧត្តម ហ៊ុន ម៉ាណែត ប្រធានគណៈកម្មការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិយព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី ចំនួន ១,២៣៣ រូប នៅសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) សាខាខេត្តបន្ទាយមានជ័យ។

នាឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ាណែត បានមានប្រសាសន៍ចូលរួមអបអរសាទរជាមួយនិស្សិតជ័យលាភី និងមាតាបិតាអាណាព្យាបាល ចំពោះការបញ្ចប់ថ្នាក់ឧត្តមសិក្សា និងក្រោយឧត្តមសិក្សារបស់កូនៗ ដែលនេះគឺជាមោទនភាពរបស់គ្រួសារ បន្ទាប់ពីលោកបានចិញ្ចឹមបីបាច់ថែរក្សាស្រឡាញ់ទុកដូចគ្រាប់ពេជ្រតាំងពីតូចមក និងសូមអបអរសាទរផងដែរចំពោះការរីកចម្រើនរបស់សាកលវិទ្យាល័យ ដែលអាចចាត់ទុកបានជាការចូលរួមចំណែកមួយយ៉ាងសំខាន់មិនអាចខ្វះបាន ជាមួយរាជរដ្ឋាភិបាលក្នុងការបន្តកសាងបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា ដើម្បីឈានទៅសម្រេចបានតាមគោលដៅនៃគោលនយោបាយអភិវឌ្ឍវិស័យអប់រំ ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ក៏ដូចជាការរីកចម្រើនលើគ្រប់វិស័យនៅកម្ពុជា។

ឯកឧត្តម ហ៊ុន ម៉ាណែត មានប្រសាសន៍បន្តថា ការរីកចម្រើនលើគ្រប់វិស័យរបស់ប្រទេសជាតិ, ការទ្រទ្រង់និរន្តរភាពនៃកំណើនសេដ្ឋកិច្ច និងភាពប្រកួតប្រជែងរបស់កម្ពុជាទាំងក្នុងពេលបច្ចុប្បន្នចំពោះមុខ និងទៅអនាគត គឺអាស្រ័យលើការអភិវឌ្ឍធនធានមនុស្សជាកត្តាអាទិភាពចាំបាច់ ដែលត្រូវយកចិត្តទុកដាក់បន្តកែទម្រង់ទៅមុខ ដើម្បីធានាបាននូវធនធានមនុស្សប្រកបដោយគុណភាព និងសមត្ថភាពជំនាញ សម្រាប់បម្រើសង្គមជាតិ និងទីផ្សារការងារ ពីព្រោះសេដ្ឋកិច្ច ដែលដំណើរការបានល្អ គឺសេដ្ឋកិច្ចដែលមានការបណ្តុះបណ្តាល, ការប្រើប្រាស់ និងការគ្រប់គ្រងនូវមូលធនបញ្ញាប្រកបដោយប្រសិទ្ធភាពខ្ពស់។ ក្នុងន័យនេះ រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកការអភិវឌ្ឍធនធានមនុស្ស គឺជាអាទិភាពទី១ ហើយតែងតែបានខិតខំដោះស្រាយ រាល់បញ្ហា និងសំណូមពរទាំងឡាយ ដើម្បីលើកកម្ពស់វិស័យអប់រំនៅកម្ពុជា បង្កើតធនធានមនុស្ស និងមូលធនបញ្ញាប្រកបដោយគុណភាព សមត្ថភាព ស្របតាមនិន្នាការរីកចម្រើន និងបទដ្ឋានអប់រំនៅក្នុង តំបន់ និងពិភពលោក។

ប្រធានគណៈកម្មការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិយព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន រូបនេះបន្តបញ្ជាក់ថា នៅក្នុងការវាយតម្លៃលើកម្រិតនៃវិស័យអប់រំ យើងអាចប្រើប្រាស់ការវាស់វែងជាច្រើន ជាពិសេសតាមរយៈការពិនិត្យលើគុណភាពធនធានមនុស្ស ហើយគុណភាពធនធានមនុស្សនេះអាចឆ្លុះបញ្ចាំងតាមរយៈសមត្ថភាព និងលទ្ធផលការងាររបស់ប្រជាពលរដ្ឋយើង។ ជាក់ស្តែង ទោះបីយើងធ្លាប់ទទួលរងការបំផ្លិចបំផ្លាញដោយសារសង្គ្រាម ធ្វើឱ្យអតីតកាលរបស់យើងជួបប្រទះនូវភាពអន់ថយ ប៉ុន្តែបច្ចុប្បន្ននេះ យើងមានការរីកចម្រើនលឿន ជាពិសេសកំណើនសេដ្ឋកិច្ចខ្ពស់ ដែលជាប់ឯកត្តកម្មក្នុងចំណោមប្រទេសទាំង ១០ លើពិភពលោក។ ភាពជោគជ័យនេះ កើតឡើងដោយសារទស្សនៈ, សមត្ថភាព និងស្នាដៃការងាររបស់កូនខ្មែរ ទាំងនៅក្នុងជួររាជរដ្ឋាភិបាល, មុខងារសាធារណៈ, វិស័យឯកជន និងសង្គមស៊ីវិល។ ទាំងនេះ ជាសក្ខីភាពពិតជាក់ស្តែងនៃកម្រិតគុណភាពនៃវិស័យអប់រំរបស់យើង ជាមោទនភាពនៃធនធានមនុស្សខ្មែរ ដែលបណ្តុះបណ្តាលដោយប្រព័ន្ធអប់រំខ្មែរ និងដោយមានការចូលរួមជួយមួយផ្នែកផងដែរពីសំណាក់ប្រទេសជាដៃគូមួយចំនួន។ ថ្នាលនៃធនធានមនុស្សនេះ ក៏ត្រូវបានបំពេញបន្ថែមដោយការអប់រំផ្នែកពុទ្ធចក្រ ធ្វើឱ្យមានធនធានមនុស្សក្នុងមួយឆ្នាំៗ ដែលចូលរួមបម្រើសង្គមជាតិ កាន់តែប្រកបដោយគុណភាព មានសមត្ថភាពចំណេះដឹង សមត្ថភាពគុណធម៌ និងសមត្ថភាពសីលធ៌ម។ ខ្មែរទាំងអស់រួបរួមគ្នា នឹងធ្វើឱ្យប្រទេសយើងកាន់តែមានការរីកចម្រើន។

ឯកឧត្តម ហ៊ុន ម៉ាណែត បានបន្ថែមថា ការបណ្តុះបណ្តាលនៅក្នុងសាលា ជាការផ្តល់មូលដ្ឋានចំណេះដឹងជំនាញត្រៀមលក្ខណៈឱ្យនិស្សិតយើង មុននឹងចូលទៅក្នុងមជ្ឈដ្ឋានការងារ។ ប៉ុន្តែអ្វីដែលសំខាន់ផងដែរនោះ គឺផ្នត់គំនិតទទួលខុសត្រូវល្អិតល្អន់ខិតខំប្រឹងប្រែងធ្វើការងារតូចៗ និងផ្នត់គំនិតជឿជាក់លើខ្លួនឯង។ អ្វីដែលរាជរដ្ឋាភិបាលអាចជួយបាន គឺការខិតខំពង្រឹងលំនឹងសន្តិភាព, លំនឹងស្ថិរភាព, ពង្រីកវិសាលភាពសេដ្ឋកិច្ចទាក់ទាញវិនិយោគបរទេស និងក្នុងស្រុក ដើម្បីបង្កើនឱកាសធុរកិច្ច និងការងារ ព្រមទាំងការពង្រឹងការអនុវត្តច្បាប់ និងបទដ្ឋានការងារ ដើម្បីគាំទ្រដល់ដំណើរការនៃទីផ្សាសេរី និងបង្កើនភាពជោគជ័យឱ្យប្រជាពលរដ្ឋ។ ដោយឡែក ការប្រកួតប្រជែងនៅក្នុងក្របខ័ណ្ឌទីផ្សារសេរីនេះ ក៏ត្រូវពឹងផ្អែកជាចម្បងលើសមត្ថភាពរបស់ប្រជាពលរដ្ឋយើងផ្ទាល់ ជាពិសេសការខិតខំប្រឹងប្រែងតស៊ូដើម្បីទទួលបាននូវឱកាសទាំងក្នុង និងក្រៅប្រទេសក្នុងបរិបទនៃចរន្តសាកលភាវូបនីយកម្មសព្វថ្ងៃនេះ។

ឯកឧត្តម ហ៊ុន ម៉ាណែត បញ្ជាក់ជាចុងក្រោយថា បរិយាកាសគ្របដណ្តប់ថ្មីនៅក្នុងការងារកែទម្រង់វិស័យអប់រំរបស់រាជរដ្ឋាភិបាល គឺដើម្បីបង្កើតនូវក្តីសង្ឃឹម និងកាលានុវត្តភាពថ្មីសម្រាប់ប្រជាជនកម្ពុជា ជាពិសេសស្រទាប់យុវជន ដែលជាកម្លាំងបន្តវេននៅក្នុងការដ្ឋាននៃការកសាង និងអភិវឌ្ឍកម្ពុជា ក៏ដូចជានៅក្នុងក្របខ័ណ្ឌនៃការធ្វើសមាហរណកម្មទៅក្នុងសហគមន៍អាស៊ាន២០១៥ ហើយក៏កំពុងបន្តជាមួយនឹងចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ សំដៅធ្វើយ៉ាងណាឱ្យនិស្សិត ដែលបានបញ្ចប់ការសិក្សាអាចនឹងមានចំណេះដឹងស្របតាមស្តង់ដារមួយសមស្រប ព្រមទាំងអាចប្រកួតប្រជែងនៅលើទីផ្សារការងារក្នុងតំបន់ និងលើសាកលលោក និងអាចក្លាយជាកម្លាំងស្នូលសម្រាប់ជំរុញការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចរបស់ប្រទេសជាតិ៕ដោយ៖ អោម ចែតច័ន្ទណារ៉ា

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation