ព័ត៌មានអន្តរជាតិ

អ្នកស្រុកអាម៉េរិកឡាទីន ហួសចិត្ត ចំពោះច្បាប់ថ្មីរបស់អូស្ត្រាលី ដែលហាមឃាត់ក្មេងៗមិនឱ្យប្រើប្រាស់បណ្ដាញសង្គម

image


អាម៉េរិកឡាទីន៖ ជុំវិញច្បាប់ហាមឃាត់ថ្មីរបស់ប្រទេសអូស្ត្រាលីដែលហាមឃាត់ក្មេងៗក្រោមអាយុ ១៦ឆ្នាំ ពីការប្រើប្រាស់បណ្ដាញសង្គម អនីតិជនអាម៉េរិកឡាទីន បានបញ្ចេញនូវមតិប្រតិកម្មផ្សេងៗគ្នា។ ក្នុងនោះ សិស្សវិទ្យាល័យមួយរូបឈ្មោះ ឃើស្ទាញ ហ្គូម៉េហ្ស (Kerstein Gomez) មកពីទីក្រុងហាវ៉ាណា (Havan) ប្រទេសគុយបា បានលើកឡើងថា វិធានការនេះ ហាក់ដូចជាធ្វើឡើងហួសហេតុពេកហើយ ព្រោះតែកំណត់នូវអត្ថប្រយោជន៍ដែលបណ្ដាញសង្គមបានផ្ដល់ឱ្យ ។

បន្ថែមពីនេះ សិស្សអាយុ ១១ឆ្នាំ មកពីប្រទេសប្រស៊ីល ឈ្មោះ លូអានី អ៊ីនណេស (Luane Ines) គិតថា ច្បាប់នេះ អាចជួយការពារកុមារមិនទាន់គ្រប់អាយុ ចេញពីហានិភ័យតាមប្រព័ន្ធអ៊ីនធើណិត ដោយការពារអនីតិជនពីការប្រើប្រាស់មាតិកាដែលអាចបង្កគ្រោះថ្នាក់ ។

គួររម្លឹកថា ក្រៅពីអូស្ត្រាលី ប្រទេសមួយចំនួនផ្សេងទៀត រួមមានទាំងប្រទេសបារាំង និងនៅតាមរដ្ឋមួយចំនួនរបស់សហរដ្ឋអាម៉េរិក បានអនុម័តច្បាប់ស្រដៀងគ្នានេះ ដើម្បីរឹតបន្តឹងចំពោះការចូលប្រើប្រាស់គណនីបណ្ដាញសង្គម ពីសំណាក់អនីតិជន ប្រសិនបើគ្មានការអនុញ្ញាតពីឪពុកម្តាយ ប៉ុន្តែច្បាប់ហាមឃាត់របស់អូស្ត្រាលី គឺហាមចូលដាច់ខាតតែម្តង។ នៅឯរដ្ឋផ្លរីដា (Florida) ច្បាប់ស្រដៀងគ្នានេះ ដែលហាមឃាត់ចំពោះក្មេងៗអាយុក្រោម ១៤ ឆ្នាំ កំពុងត្រូវបានជំទាស់នៅក្នុងតុលាការ ដោយផ្នែកលើហេតុផលជាមូលដ្ឋាននៃការបញ្ចេញមតិដោយសេរី ។

ក្រៅពីពលរដ្ឋអាម៉េរិកឡាទីន ប្រជាពលរដ្ឋអូស្ត្រាលីខ្លួនឯងឯណេះវិញ នៅតែបន្តមានភាពមិនច្បាស់លាស់ ថាតើច្បាប់ថ្មីដែលហាមឃាត់ចំពោះប្រព័ន្ធផ្សព្វផ្សាយសម្រាប់កុមារ ក្រោមអាយុ ១៦ឆ្នាំ នឹងមានប្រសិទ្ធភាពដែរឬទេ ហើយមនុស្សជាច្រើនជឿថា គួរតែទុកការសម្រេចចិត្តបែបនេះ ឱ្យឪពុកម្តាយក្មេងៗជាអ្នកសម្រេចវិញប្រសើជាង ។

កាលពីយប់ថ្ងៃព្រហស្បតិ៍ សភាអូស្ត្រាលី បានអនុម័តច្បាប់នេះ ដោយកំណត់បទដ្ឋានថ្មី ជាមួយនឹងបទប្បញ្ញត្តិតឹងតែងបំផុតមួយដោយផ្តោតលើប្រព័ន្ធបច្ចេកវិទ្យាធំៗ បន្ទាប់ពីជជែកគ្នាយ៉ាងក្ដៅគគុក អស់រយៈពេលជាច្រើនថ្ងៃ។ ច្បាប់នេះ ធ្វើឡើងដើម្បីកំណត់គំរូជាមូលដ្ឋាន សម្រាប់ប្រជាជាតិផ្សេងទៀត ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងជាសកលកាន់តែទូលំទូលាយ ដើម្បីកាត់បន្ថយឥទ្ធិពលរបស់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ។

ច្បាប់ថ្មីនេះ នឹងតម្រូវឱ្យក្រុមហ៊ុនបច្ចេកវិទ្យាយក្ស រាប់ចាប់ពីក្រុមហ៊ុន មេតា (Meta) ដែលរួមមានបណ្ដាញសង្គម Facebook និង Instagram រហូតដល់ក្រុមហ៊ុន Google, X និងវេទិកាផ្សព្វផ្សាយ TikTok ត្រូវបញ្ឈប់មិនឱ្យមានការចូលប្រើប្រាស់ពីសំណាក់អនីតិជន ឬក៏ក្រុមហ៊ុនយក្សទាំងអស់នោះ អាចនឹងប្រឈមការផាកពិន័យរហូតដល់ ៤៩.៥ លានដុល្លារអូស្ត្រាលី (៣២ លានដុល្លារអាម៉េរិក)។ ច្បាប់ថ្មីនេះ នឹងចាប់ផ្តើមអនុវត្តសាកល្បង ចាប់ពីខែមករា ជាមួយនឹងការហាមឃាត់ពេញលេញ ដែលនឹងចូលជាធរមានក្នុងរយៈពេលមួយឆ្នាំ ។

គេរំពឹងថា ច្បាប់ហាមឃាត់ប្រព័ន្ធផ្សព្វផ្សាយសម្រាប់អនីតិជន នឹងចូលជាធរមានពេញលេញ ក្នុងខែវិច្ឆិកា ឆ្នាំ ២០២៥ ដោយកំណត់បទប្បញ្ញត្តិដ៏តឹងតែងបំផុត នៅទូទាំងសកលលោក សម្រាប់ប្រព័ន្ធផ្សព្វផ្សាយនានា និងទាមទារឱ្យវេទិការប្រព័ន្ធបណ្ដាញសង្គមទាំងអស់នោះ ចាត់វិធានការសមហេតុផល ដើម្បីផ្ទៀងផ្ទាត់អាយុរបស់អ្នកប្រើប្រាស់ និងធានាឱ្យមានការការពារឱ្យបានសមស្រប ។

ដោយឡែក លោកស្រី ការ៉ូលីណា ភីណេរ៉ូស (Carolina Pineros) នាយិកាប្រតិបត្តិក្រុមហ៊ុន រ៉េតប៉ាប៉ាស់ (Red Papaz) ដែលជាអង្គការមិនរកប្រាក់ចំណេញរបស់ប្រទេសកូឡុំប៊ី បានបញ្ចេញមតិយោបល់ថា លោកស្រី មិនមានការភ្ញាក់ផ្អើលចំពោះច្បាប់ថ្មីនេះទេ។ លោកស្រីជឿថា បណ្តាញសង្គម បានក្លាយជាបញ្ហាប្រឈមសម្រាប់ក្មេងៗ ដែលកំពុងទទួលការអប់រំ និងក្រុមគ្រួសារក្នុងការគ្រប់គ្រង។ លោកស្រី បានប្រៀបធៀបស្ថានភាពនេះ ទៅនឹងកង្វល់សុខភាពសាធារណៈ ដូចជាផលប៉ះពាល់ដ៏គ្រោះថ្នាក់នៃការជក់បារី និងភេសជ្ជៈមានជាតិស្ករខ្ពស់ ដែលធ្លាប់ស្ថិតនៅក្រោមការបំពានយ៉ាងខ្លាំង ដោយគ្មានដែនកំណត់ ពីមនុស្សទូទៅ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters Connect