សង្គម

ក្រសួងទេសចរណ៍ ជំរុញដល់ស្ថាប័នពាក់ព័ន្ធ ត្រូវខិតខំ​ពង្រីកភាពជាដៃគូជាមួយស្ថាប័នបណ្តុះបណ្តាល ​ជំនាញវិជ្ជាជីវៈទេសចរណ៍បន្ថែមទៀត ដើម្បីជំរុញការផ្លាស់ប្តូរវប្បធម៌ដ៏ល្អឯក​កម្ពុជា-ចិន

image


អត្ថបទ៖ ជា ស្រស់
សៀមរាប៖ មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍កម្ពុជា បានជំរុញដល់ស្ថាប័នពាក់ព័ន្ធត្រូវខិតខំធ្វើយ៉ាងណាដើម្បីពង្រីកភាពជាដៃគូជាមួយស្ថាប័នបណ្តុះបណ្តាល ឬសាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍បន្ថែមទៀតដើម្បីជំរុញការផ្លាស់ប្តូរវប្បធម៌ដ៏ល្អឯករបស់ប្រទេសទាំង២កម្ពុជាចិន។

រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការគ្រប់គ្រងគម្រោងហូកា លោក ប៉ាក់ សុខុម បានជំរុញបែបនេះក្នុងឱកាស​បានអញ្ជើញ​ចូលរួមក្នុងកម្មវិធីបិទវគ្គបណ្តុះបណ្តាល “ជំនាញចុងភៅ ម្ហូបបែបចិន” នៅសាលាអង្គការស្លាបព្រាកម្ពុជា ក្រុងសៀមរាប នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។

លោករដ្ឋលេខាធិការ ប៉ាក់ សុខុម លើកឡើងថា វគ្គបណ្តុះបណ្តាលនេះ បានកើតឡើងអំពីកិច្ចសហការ យ៉ាងជិតស្និតរវាងគណៈកម្មការគ្រប់គ្រងគម្រោង ហូកា នៃក្រសួងទេសចរណ៍ និងអង្គការ ILO ដែលបានធ្វើ ការយ៉ាងល្អជាមួយគ្នាកន្លងមក ហើយមកដល់បច្ចុប្បន្នតាមរយៈគម្រោងភាពជាដៃគូរ ILO-China យើងបាន ពង្រីកទំនាក់ទំនង ផ្លាស់ប្តូរចំណេះដឹង និងបទពិសោធបន្ថែមទៀតជាមួយមហាវិទ្យាល័យបច្ចេកទេសនៃទីក្រុងហៃខូវ ប្រទេសចិន ក៏ដូចជាភ្ជាប់ទំនាក់ទំនងជាមួយសាលាបដិសណ្ឋារកិច្ច និងទេសចរណ៍នៅខេត្ត សៀមរាប ។ ការរួបរួមគ្នាដោយយកចិត្តទុកដាក់ពីគ្រប់ភាគីពាក់ព័ន្ធនេះ នឹងចូលរួមចំណែកក្នុងការលើក កម្ពស់ជំនាញវិជ្ជាជីវៈទេសចរណ៍នៅកម្ពុជានិយាយជារួម និងសម្រាប់ជំនាញចុងភៅ និយាយដោយឡែក។

លោក ប៉ាក់ សុខុម បន្តថា តាមរយៈកម្មវិធីភាពជាដៃគូ ILO-China អង្គការ ILO តែងយកចិត្តទុកដាក់ ដល់ការលើកម្ពស់ជំនាញ និងផ្តល់ឱកាសការងារសមរម្យដល់យុវជន តាមរយៈការបណ្តុះបណ្តាលវិជ្ជាជីវៈក្នុង ទម្រង់ Up-Skilling ឬ Re-Skilling ដែលកន្លងមកអង្គការ ILO បានគាំទ្រមកកាន់គណៈកម្មការគ្រប់គ្រង គម្រោង ហូកា នៃក្រសួងទេសចរណ៍សម្រាប់បណ្តុះបណ្តាល និងស្តារជំនាញវិជ្ជាជីវៈក្រោយវិបត្តិជំងឺកូវីដ-១៩ ដោយកន្លងមកបានចូលរួមគាំទ្រលើការបណ្តុះបណ្តាលជំនាញគ្រូបង្គោល ហូកា ជំនាញបច្ចេកទេសសេវាកម្ម ម្ហូបអាហារ និងភេសជ្ជៈ និងជំនាញចុងភៅម្ហូបបែបចិនវគ្គទី១ នៅខេត្តសៀមរាប នេះផ្ទាល់តែម្តង កាលពីឆ្នាំ កន្លងទៅ ។

លោករំពឹងថា កម្មវិធីភាពជាដៃគូរ ILO-China នឹងបន្តគាំទ្រដល់កម្ពុជាតាមរយៈការ ពង្រីកទំនាក់ទំនងវិជ្ជាជីវៈមិនត្រឹមតែជាមួយមហាវិទ្យាល័យបច្ចេកទេសហៃខូវ ខេត្តហៃណាន ប៉ុន្តែជាមួយស្ថាប័ន បណ្តុះបណ្តាល ឬសាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ដទៃទៀត ដើម្បីជំរុញការផ្លាស់ប្តូរវប្បធម៌ ដ៏ល្អឯករបស់ប្រទេសទាំងពីរ ការផ្លាស់ប្តូរកម្មវិធី កម្មវិធីហ្វឹកហាត់ការងារ និងការអភិវឌ្ឍជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដែលយើងអាចនិយាយបានថា “ជំនាញបច្ចេកទេសនិងវិជ្ជាជីវៈ ជារូបិយប័ណ្ណសកល (TVET is the Global Currency)” ជាពិសេសបានគាំទ្រដល់យុទ្ធនាការផ្សព្វផ្សាយទេសចរណ៍ “ឆ្នាំនៃការផ្លាស់ប្តូររវាង ប្រជាជន-ប្រជាជន កម្ពុជា-ចិន ឆ្នាំ២០២៤” ផងដែរ។

ប្រធានអង្គការស្លាបព្រាកម្ពុជា លោកស្រី ម៉ៅ សុផានី បានឲ្យដឹងថា ចាប់តាំងពីឆ្នាំ២០០៩ មកអង្គការស្លាបព្រាកម្ពុជា បានធ្វើការបណ្តុះបណ្តាលដោយឥតគិតថ្លៃដល់សិក្ខាកាមផ្នែកបដិសណ្ឋារកិច្ចក្នុងវិស័យទេសចរណ៍បានចំនួនជិត៥០០នាក់ ដែលសិក្ខាមទាំងនោះ ពួកគាត់ខ្លះមកពីសហគមន៍ជនជាតិដើមភាគតិច ជាអ្នកបោះបង់ចោលការសិក្សា និងខ្លះមកពីគ្រួសារក្រីក្រ។ លោកស្រីបន្តថា សិក្ខាកាមដែលទទួលបាននូវការបណ្តុះបណ្តាលពីសាលាអង្គការស្លាបព្រាកម្ពុជា ពួកគេ១០០ភាគរយបានទទួលការងារធ្វើបន្ទាប់ពីបញ្ចប់ការសិក្សា។

ក្នុងឱកាសនេះដែរ អភិបាលរងខេត្តសៀមរាប លោក ឌី រ៉ាដូ បានមានប្រសាសន៍ថា ការចូលរួមនៅក្នុងការលើកកម្ពស់ជំនាញវិជ្ជាជីវៈទេសចរណ៍របស់គ្រប់ភាគីពាក់ព័ន្ធ គឺជាការរួមចំណែកយ៉ាងសកម្មនៅក្នុងការអភិវឌ្ឍការអប់រំ និងការងារឲ្យមានការរីកចម្រើន ក្រោមម្លប់នៃសន្តិភាព ។
លោក ឌី រ៉ាដូ បានថ្លែងថា សន្តិភាព បានអនុញ្ញាតឲ្យយើងមានឱកាសអភិវឌ្ឍប្រទេសរីកចម្រើនដូចសព្វថ្ងៃ ក្នុងនោះវិស័យទេសចរណ៍ក៏មានការរីកចម្រើនគួរឲ្យកត់សម្គាល់ផងដែរ បើទោះបីជាវិស័យនេះ ត្រូវបានបំផ្លាញដោយវិបត្តិជំងឺកូវីដ១៩ក្តី។

លោកអភិបាលរងខេត្តសៀមរាប លើកឡើងថា វិបត្តិកូវីដ បានធ្វើឲ្យវិស័យទេសចរណ៍រងគ្រោះធ្ងន់ធ្ងរ ប៉ុន្តែក្រោមការដឹកនាំដ៏ប៉ិនប្រសព្វរបស់សម្តេចតេជោអតីតនាយករដ្ឋមន្ត្រី និងបន្តដល់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នេះ បានជំរុញឲ្យវិស័យទេសចរណ៍របស់កម្ពុជា ជាពិសេសខេត្តសៀមរាប មានសន្ទុះងើបឡើងវិញគួរឲ្យកត់សម្គាល់។ ដូច្នេះការបើកវគ្គបណ្តុះបណ្តាលដល់ចុងភៅនូវមុខម្ហូបចិននេះ ក៏ជាឱកាសមួយសម្រាប់ពង្រីកសមត្ថភាពរបស់ចុងភៅកម្ពុជាក៏ដូចជាបន្ថែមនូវភាពសម្បូរបែបក្នុងឧស្សាហកម្មទេសចរណ៍កម្ពុជាផងដែរ។

សូមជម្រាបជូនថា វគ្គបណ្តុះបណ្តាលជំនាញចុងភៅម្ហូបចិននេះ បានធ្វើឡើងរយៈពេល២ថ្ងៃ ដោយមានសិក្ខាកាមជាចុងភៅចូលរួមចំនួន៨០នាក់៕