អភិបាលរងខេត្តបាត់ដំបង វាយតម្លៃខ្ពស់ចំពោះគម្រោង AGROW ដែលបានចូលរួមពង្រឹងអំណាចសេដ្ឋកិច្ចសម្រាប់ស្ត្រីតាមសហគមន៍ ដើម្បីធានាសន្តិសុខស្បៀងដល់កសិករគោលដៅ ក្នុងខេត្តបាត់ដំបង
បាត់ដំបង៖ អភិបាលរងខេត្តបាត់ដំបង លោក មូល ធន បានធ្វើការវាយតម្លៃខ្ពស់ចំពោះគម្រោង AGROW (អាក្រូ) មានឈ្មោះថា ឱកាសនៃការរីកលូតលាស់ និងភាពធន់ទ្រាំ ក្នុងវិស័យកសិកម្មសម្រាប់ស្រ្តី ដែលបានចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងការពង្រឹងអំណាចសេដ្ឋកិច្ចដល់ស្ត្រី នៅតាមសហគមន៍នានា ដើម្បីធានាបាននូវសន្តិសុខស្បៀងដល់កសិករគោលដៅនៃគម្រោង ក្នុងខេត្តបាត់ដំបង ជាពិសេសបានរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងទិសដៅនៃការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ។
ការថ្លែងនូវការវាយតម្លៃបែបនេះ ត្រូវបានធ្វើឡើងនៅក្នុងពេលដែលអង្គការអ្នកក្សេត្រសាស្ត្រ និងពេទ្យសត្វគ្មានព្រំដែន បានបើកសិក្ខាសាលាមួយ ដើម្បីបិទបញ្ចប់គម្រោង AGROW (អាក្រូ) ស្តីពី ឱកាសនៃការរីកលូតលាស់ និងភាពធន់ទ្រាំក្នុងវិស័យកសិកម្មសម្រាប់ស្រ្តី នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសណ្ឋាគារប្រេស៊ីដង់ ក្រុង និងខេត្តបាត់ដំបង ។
ប្រធានសម្របសម្រួលប្រចាំប្រទេសរបស់អង្គការអ្នកក្សេត្រសាស្ត្រ និងពេទ្យសត្វគ្មានព្រំដែន លោក បិន សោភណ្ឌ បានបញ្ជាក់ថា គម្រោងអាក្រូបានទទួលមូលនិធិពីទីភ្នាក់ងារកិច្ចការអន្តរជាតិកាណាដា អនុវត្តក្នុងស្រុកចំនួន៣នៃខេត្តបាត់ដំបងគឺ ស្រុកឯកភ្នំ បាណន់ និងស្រុករតនមណ្ឌល ដែលគ្របដណ្តប់ឃុំគោលដៅចំនួន១២ឃុំ គម្រោងនេះ បានគាំទ្រដល់សកម្មភាពផលិតស្បៀងប្រកបដោយនិរន្តរភាព និងមិនប៉ះពាល់ដល់បរិស្ថាន ក្នុងនោះផ្តោតលើការចិញ្ចឹមចង្រិត មាន់ គោ និងបន្លែ ដែលសកម្មភាពកសិកម្មទាំងនេះជាឱកាសល្អជំនួសយុទ្ធសាស្រ្តផលិតស្បៀងជាប្រពៃណី និងជាប្រភពចំណូលបន្ថែមសម្រាប់គ្រួសារកសិករតាមជនបទ ។
ប្រធានគម្រោងអាក្រូនៃអង្គការអ្នកក្សេត្រសាស្ត្រ និងពេទ្យសត្វគ្មានព្រំដែន លោក សុខ ដារា បានបង្ហាញដែរថា គម្រោងអាក្រូ បានគាំទ្រដល់ក្រុមអ្នកទទួលផលផ្ទាល់ចំនួន ៤.២៦០គ្រួសារ (ស្ត្រី/ក្មេងស្រី ៣.០១៤) និងអនុវត្តចាប់ផ្តើមពីខែមករា ឆ្នាំ២០២២ ដល់ខែធ្នូ ឆ្នាំ២០២៤ មានការចិញ្ចឹមចង្រិត ចិញ្ចឹមមាន់ ចិញ្ចឹមគោ សេវាសុខភាពសត្វភូមិ ឥណទានក្នុងក្រុមខ្នាតតូច ការផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងអំពីវិធីសាស្ត្រសុខភាពតែមួយ សារប្រយោជន៍នៃអាហាររូបត្ថម្ភ និងលើកកម្ពស់ការយល់ដឹងអំពីសមភាពយេនឌ័រ ។
អភិបាលរងខេត្តបាត់ដំបង លោក មូល ធន បានបញ្ជាក់ថា តាមរយៈសមិទ្ធផលនេះ បានបង្ហាញអំពីគោលដៅ គោលបំណង ធាតុចូល ធាតុចេញ លទ្ធផល និងឥទ្ធិពលរបស់គម្រោងឱកាសនៃការរីកលូតលាស់ និងភាពធន់ទ្រាំក្នុងវិស័យកសិកម្មសម្រាប់ស្ត្រី គឺពិតជាបានអនុវត្តយ៉ាងរលូន និងសម្រេចបានជោគជ័យនៅក្នុងភូមិឃុំនៃស្រុកគោលដៅទាំង៣ ដែលគម្រោងនេះបានចូលរួមយ៉ាងសកម្ម នៅក្នុងការជួយលើកកម្ពស់ជីវភាពកសិករក្រីក្រតាមរយៈផលិតកម្មកសិកម្ម ពិសេសគម្រោងអាក្រូ បានបញ្ជ្រាបយេនឌ័រ ក្នុងវិស័យកសិកម្ម ដើម្បីលើកកម្ពស់សមភាពយេនឌ័រ ដែលជាទិសដៅរបស់រាជរដ្ឋាភិបាលផងដែរ ។
ក្នុងឱកាសនោះ លោក មូល ធន ក៏មិនភ្លេចថ្លែងអំណរគុណចំពោះម្ចាស់ផ្តល់មូលនិធិ គឺក្រសួងកិច្ចការបរទេសនៃប្រទេសកាណាដា តាមរយៈអង្គការពេទ្យសត្វឥតព្រំដែនកាណាដា អង្គការអ្នកក្សេត្រសាស្ត្រ និងពេទ្យសត្វគ្មានព្រំដែនកម្ពុជា ក៏ដូចជាដៃគូសហការទាំងអស់ ដែលបានចូលរួមអនុវត្តគម្រោងនេះ ហើយសង្ឃឹមថា កិច្ចសហប្រតិបត្តិការនេះនឹងបន្តជួយបន្ថែមទៀត ដើម្បីចូលរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ តាមទិសដៅអភិវឌ្ឍន៍សហសវត្សនៅកម្ពុជា ក៏ដូចជាគោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាលផងដែរ ៕
ដោយ៖ ឡាច សុគន្ធាវី