មេសិទ្ធិមនុស្សកម្ពុជា បង្ហាញពីឆន្ទៈរបស់រាជរដ្ឋាភិបាល ក្នុងការលេីកកម្ពស់ និងការពារសិទ្ធិពលរដ្ឋខ្លួន តាមរយៈការផ្តល់សច្ចាប័ន និងចូលជាសមាជិកលើលិខិតុបករណ៍អន្តរជាតិនានា
ភ្នំពេញ៖ លោកទេសរដ្ឋមន្រ្តី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបង្ហាញពីឆន្ទៈរបស់រាជរដ្ឋាភិបាលកម្ពុជា នៅចំពោះមុខតំណាងUNថា រាជរដ្ឋាភិបាល មានឆន្ទៈក្នុងការលេីកកម្ពស់ និងការពាសិទ្ធិពលរដ្ឋ តាមរយៈការផ្តល់សច្ចាប័ន និងចូលជាសមាជិកលើលិខិតុបករណ៍អន្តរជាតិនានា ក៏ដូចជាចូលរួមរាល់សកម្មភាពនានារបស់អង្គការសហប្រជាជាតិ។
លោកទេសរដ្ឋមន្រ្តី កែវ រ៉េមី បានលេីកឡេីងដូចនេះ ក្នុងសិក្ខាសាលាផ្សព្វផ្សាយ “សេចក្តីអង្កេតសន្និដ្ឋានរបស់គណៈកម្មាធិការស្តីពី ការបាត់ខ្លួនដោយបង្ខំ សម្រាប់កម្ពុជា”នៅព្រឹករថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមវត្តមាន លោកស្រី រួអេដា អិល ហាច តំណាងនៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា (OHCHR) មន្ត្រីរាជរដ្ឋាភិបាល និងអង្គការសង្គមស៉ីវិលពាក់ព័ន្ធជាតិ អន្តរជាតិនានា។
លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា ដើម្បីលើកកម្ពស់ និងការពារសិទ្ធិមនុស្សជូនប្រជាពលរដ្ឋរបស់ខ្លួន កម្ពុជាបានផ្តល់សច្ចាប័ន និងចូលជាសមាជិកលើលិខិតុបករណ៍អន្តរជាតិស្តីពី សិទ្ធិមនុស្សចំនួន៨ ក្នុងចំណោម៩ រួមទាំងពីធីសារបន្ថែមចំនួន៤ ផងដែរ។ ក្រៅពីនេះ កម្ពុជាក៏បានបន្តអនុញ្ញាតឱ្យមានវត្តមានការិយាល័យឧត្តមស្នងការ អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា និងវត្តមានរបស់អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា រួមទាំងការទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នករាយការណ៍ពិសេសតាមវិស័យផ្សេងៗ ជាបន្តបន្ទាប់ផងដែរ តាមការស្នើសុំ។
ក្រៅពីនេះ កម្ពុជាបានចុះហត្ថលេខាចូលជាសមាជិក នៃអនុសញ្ញាអន្តរជាតិស្តីពី ការការពារជនគ្រប់រូបពីការបាត់ខ្លួនដោយបង្ខំ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៣។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានរៀបចំរបាយការណ៍ជាតិលើកដំបូងស្តីពីការអនុវត្តអនុសញ្ញានេះ និងបានបញ្ជូនទៅគណៈកម្មាធិការស្តីពី CED នៅខែកក្កដា ឆ្នាំ២០២១។ ទន្ទឹមនេះ ប្រតិភូកម្ពុជាក៏បានចូលរួមកិច្ចសន្ទនាបែបស្ថាបនា ដែលបានប្រព្រឹត្តទៅនៅក្នុងសម័យប្រជុំលើកទី២៦ របស់គណៈកម្មាធិការស្តីពី CED នាថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសាលសន្និសីទ Palais Wilson ទីក្រុងហ្សឺណែវ ប្រទេសស្វីស។ ក្រោយកិច្ចសន្ទនាត្រូវបានបញ្ចប់ គណៈកម្មាធិការ CED បានចេញសេចក្តីអង្កេតសន្និដ្ឋានចំនួន ១៤ទំព័រ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ សម្រាប់កម្ពុជាអនុវត្តបន្ត អនុលោមតាមមាត្រា២៩(៣) នៃអនុសញ្ញានេះ។
លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា កត្តាធំៗទាំងនេះ ជាភស្តុតាង និងសក្ខីកម្មយ៉ាងរឹងមាំ និងមិនអាចប្រកែកបាន អំពីសុឆន្ទៈពិតប្រាកដរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការលើកកម្ពស់ និងការការពារសិទ្ធិមនុស្ស ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងប៉ិនប្រសប់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នារយៈពេលកន្លងមក និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
ជាសត្យានុម័ត ដូចដែលបាននិងកំពុងឃើញជាក់ស្តែង គ្មានទេការគោរពសិទ្ធិសេរីភាពជាមូលដ្ឋានរបស់មនុស្សនៅក្នុងភ្នក់ភ្លើងសង្គ្រាម សូម្បីតែសិទ្ធិរស់រានមានជីវិត ដែលជាសិទ្ធិចម្បងគេ ក៏មិនត្រូវបានធានាដែរ។ ហេតុនេះ ការចូលរួមថែរក្សា និងការពារសន្តិភាព ជាកាតព្វកិច្ចរបស់អ្នកទាំងអស់គ្នា ដើម្បីធានាសិទ្ធិសេរីភាពជាមូលដ្ឋាន និងវឌ្ឍនភាពរបស់ប្រជាជនកម្ពុជា។ បន្ថែមលើនេះ អ្វីដែលគ្រប់គ្នាគួរមានមោទកភាពបំផុតក្នុងនាមជាប្រជាជនខ្មែរនោះគឺ ប្រទេសកម្ពុជាពុំមានទោសប្រហារជីវិតដូចប្រទេសដទៃឡើយ ដែលការលុបចោលទោសប្រហារជីវិតនេះ ជាការបំពេញកាតព្វកិច្ចមួយដ៏សំខាន់បំផុតស្របតាមនិយាមនៃច្បាប់សិទ្ធិមនុស្សអន្តរជាតិ។
លោកទេសរដ្ឋមន្រ្តី បានបន្តទៀតថា គ្រប់វិស័យសុទ្ធតែមានការពាក់ព័ន្ធនឹងសិទ្ធិមនុស្ស។ បច្ចុប្បន្ន តាមរយៈការមើលឃើញជាក់ស្តែង រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និងឆ្នាំ២០៥០ ដោយកំណត់នូវ អាទិភាពគន្លឹះចំនួន៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។
ទន្ទឹមនេះ រាជរដ្ឋាភិបាលក៏បានដាក់ចេញកម្មវិធីគោលនយោបាយអាទិភាពចំនួន ៦ ដែលបានអនុវត្តភ្លាមក្នុងឆ្នាំ២០២៣ រួមមាន ទី១. ការផ្ដល់ការថែទាំសុខភាពឆ្ពោះទៅកម្មវិធីគ្របដណ្ដប់សុខភាពជាសកល, ២.ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យទូទាំងប្រទេស, ៣. ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គមសម្រាប់គ្រួសារក្រីក្រ ក្រុមងាយរងគ្រោះ នៅក្នុងគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច និងគ្រាមានគ្រោះអាសន្ន, ៤. ការដាក់ចេញ និងការជំរុញអនុវត្តយុទ្ធសាស្រ្តអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យមានលទ្ធភាពចូលរួមក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងអាចទទួលបានផលប្រយោជន៍ពីប្រព័ន្ធគាំពារសង្គមផ្លូវការ, ៥. ការដាក់ចេញនូវយន្ដការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយផលិតកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗក្នុងកម្រិតសមរម្យ និង៦. ការដាក់ពង្រាយមន្រ្តីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់ ដែលមានសកម្មភាពកសិកម្មនៅទូទាំងប្រទេស និងការរៀបចំឱ្យមានសមាគមកសិករនៅតាមជនបទ ជាដេីម។
សូមបញ្ជាក់ថា សិក្ខាសាលាផ្សព្វផ្សាយ “សេចក្តីអង្កេតសន្និដ្ឋានរបស់គណៈកម្មាធិការស្តីពី ការបាត់ខ្លួនដោយបង្ខំ សម្រាប់កម្ពុជា” មានគោលបំណងចំនួន ៣គឺ ទី១. លើកកម្ពស់ការយល់ដឹងក្នុងចំណោមអាជ្ញាធរ សង្គមស៊ីវិល និងភាគីពាក់ព័ន្ធដទៃទៀតអំពីអនុសញ្ញាអន្តរជាតិស្តីពី ការការពារជនគ្រប់រូបពីការបាត់ខ្លួនដោយបង្ខំ និងវិធានការនានាដែលកម្ពុជាបានធ្វើ និងគ្រោងធ្វើដើម្បីបំពេញកាតព្វកិច្ចរបស់ខ្លួនដូចមានចែងក្នុងអនុសញ្ញា។ ទី២. ផ្តល់វេទិកាជូនស្ថាប័នរដ្ឋាភិបាលដែលទទួលខុសត្រូវ ចែករំលែកពីផែនការការអនុវត្តអនុសាសន៍ដែលមានក្នុងសេចក្តីអង្កេតសន្និដ្ឋាន និងផ្តល់ឱកាសឱ្យមានកិច្ចពិភាក្សាពីគ្រប់ភាគីពាក់ព័ន្ធ និង ទី៣. ប្រមូលផ្តុំតំណាងស្ថាប័នរដ្ឋាភិបាល អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធផ្សេងទៀត ដើម្បីពិភាក្សាពីសេចក្តីអង្កេតសន្និដ្ឋាន និងការតាមដាន រួមទាំងយុទ្ធសាស្រ្តនានាក្នុងការអនុវត្តអនុសាសន៍ពីសំណាក់ដៃគូពាក់ព័ន្ធដទៃទៀត។
ម្យ៉ាងវិញទៀត ជាការចែករំលែកនូវធាតុចូលផ្សេងៗ ដើម្បីអនុវត្តនូវអនុសាសន៍របស់ គណៈកម្មាធិការស្តីពីការបាត់ខ្លួនដោយបង្ខំ (CED) និងជួយធ្វើឱ្យរបាយការណ៍ជាតិបន្ទាប់ទៀតកាន់តែមានលក្ខណៈល្អប្រសើរគ្រប់ជ្រុងជ្រោយ ពោលគឺ ជារបាយការណ៍មួយដែលបង្ហាញពីកិច្ចខិតខំប្រឹងប្រែង និងការចូលរួមចំណែករបស់គ្រប់ភាគីពាក់ព័ន្ធ ក្នុងការលើកកម្ពស់ និងការការពារសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា។
លោកទេសរដ្ឋមន្រ្តី បានសង្ឃឹមថា ក្រៅពីក្រសួង/ស្ថាប័នរបស់រាជរដ្ឋាភិបាល ភាគីពាក់ព័ន្ធដទៃទៀត នឹងចូលរួមយ៉ាងសកម្មក្នុងការអនុវត្តអនុសាសន៍ផងដែរ ជាពិសេស អង្គការសង្គមស៊ីវិល អាចផ្តល់ជាលក្ខខណ្ឌបំពេញ និងផ្តល់មតិស្ថាបនានូវរាល់ចំណុចដែលជាចន្លោះកង្វះខាត៕