សង្គម

អាជ្ញាធរខេត្តមណ្ឌលគិរី ជំរុញប្រជាពលរដ្ឋ និងសាធារណជន ត្រូវចូលរួមថែរក្សាអនាម័យ​បរិស្ថានទាំងអស់គ្នា ដើម្បីភូមិឋានស្អាត បៃតង និងអាចទាក់ទាញភ្ញៀវទេសចរមកលេងកម្សាន្តបន្ថែមទៀត

image


មណ្ឌលគិរី៖ ដើម្បីឆ្លើយតបនឹងគោលបំណងក្នុងថ្ងៃប្រារព្ធទិវាអនាម័យបរិស្ថានជាតិក្នុងខេត្តមណ្ឌលគិរី អាជ្ញាធរបានជំរុញដល់ប្រជាពលរដ្ឋ សាធារណជន ត្រូវចូលរួមប្រតិបត្តិភាពស្អាត បៃតង និងចីរភាព ដោយធ្វើការសម្អាតអនាម័យបរិស្ថានតាមទីលំនៅឋាន ទីសាធារណៈ ដោយទុកដាក់និងញែកសំរា​ម​​ឱ្យបានត្រឹមត្រូវ កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ស្រឡាញ់ការពារសត្វព្រៃនិងដាំដើមឈើឱ្យបានច្រើនដើម្បីឱ្យមានភាពបៃតងស្រស់ ប្រកបដោយផាសុកភាព ជាពិសេសអាចទាក់ទាញភ្ញៀវទេសចរមកលេងកម្សាន្តកាន់តែច្រើនឡើងថែមទៀត។

ថ្លែងក្នុងទិវាអនាម័យបរិស្ថានជាតិ នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ងិន សុវិមាន អភិបាលរងខេត្តមណ្ឌលគិរី បានថ្លែងជំរុញដល់គ្រប់បណ្តាមន្ទីរ អង្គភាព អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមធ្វើអនាម័យ និងថែរក្សាបរិស្ថានឱ្យបានជាប់ជាប្រចាំនៅតាមមូលដ្ឋានរបស់ខ្លួន។ ទន្ទឹមនេះអ្នកពាក់ព័ន្ធត្រូវធ្វើការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋពីការគ្រប់គ្រង ការទុកដាក់សំរាម សំណល់រឹងក្នុងធុង​សំរាម​ឱ្យបានត្រឹមត្រូវ ជាពិសេសចូលរួមក្នុងការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក។

លោកអភិបាលរងខេត្ត សង្ឃឹមថាការប្រារព្ធទិវានេះ នឹងក្លាយជាចរន្តចលករដែលជំរុញឱ្យ មានការផ្តើមធ្វើសម្មភាពមេត្រីភាពបរិស្ថានចេញពីបុគ្គលម្នាក់ៗ ក្នុងការចេះទទួលខុសត្រូវទុកដាក់សំរាម សំណល់រឹង និងមិនបោះចោលពាសវាលពាសកាលនៅតាមទីសាធារណៈ ជាហេតុធ្វើឱ្យប៉ះពាល់ដល់ សោភណភាពទី​ក្រុង​ដែលពោរពេញដោយសម្រស់ធម្មជាតិមួយនេះ ជាពិសេសសេចក្តីថ្លៃថ្នូររបស់ខ្លួនឯង ផ្ទាល់។

លោក ឌិន ប៊ុនធឿន ប្រធានស្តីទីមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី​ បានអំពាវនាវដល់ក្មួយៗសិស្សានុសិស្ស ប្អូនៗយុវជន លោក លោកស្រី និងសាធារណជនទាំងអស់ ចូលរួមអនុវត្ត និងប្រតិបត្តិសកម្មភាពមេត្រីភាពបរិស្ថាន ឱ្យបានជាប់ជាប្រចាំ សម្អាតលំនៅឋាន ទីធ្លាសាលារៀន ទីសាធារណៈជាពិសេសការជំរុញការអនុវត្ត និង ការគ្រប់គ្រងសំណល់រឹងទីប្រជុំជនឱ្យកាន់តែមានភាពល្អប្រសើរ និងចូលរួមអនុវត្តនូវយុទ្ធនាការកាត់ បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ«ថ្ងៃនេះខ្ញុំមិនប្រើប្រាស់ប្លាស្ទិកទេ»ឱ្យបានទាំងអស់គ្នា៕

អត្ថបទ៖ ប៊ុត សុភ័ក្រ