អង្គការ WHO ជំរុញឱ្យពិភពលោកបង្កើនការតាមដានករណីជំងឺផ្តាសាយបក្សី ក្នុងចំណោមសត្វពាហនៈ
ស្វីស៖ នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែវិច្ឆិកា មន្ត្រីជាន់ខ្ពស់មួយរូបរបស់អង្គការសុខភាពពិភពលោក (WHO) និងជាអ្នកជំនាញផ្នែកជំងឺរាតត្បាត លោកស្រី Maria Van បានអំពាវនាវឱ្យពិភពលោក បង្កើនការឃ្លាំមើលករណីឆ្លងនូវជំងឺផ្តាសាយបក្សី H5N1 ក្នុងចំណោមសត្វពាហនៈ ដើម្បីរកភស្តុតាងបញ្ជាក់អំពីមធ្យោបាយចម្លងរបស់ជំងឺមួយនេះរវាងមនុស្សនិងសត្វ សម្រាប់ស្វែងរកវិធានការគ្រប់គ្រងឱ្យបានសមស្រប។
អ្នកជំនាញរូបនេះ ក៏បានជំរុញឱ្យមានការយកចិត្តទុកដាក់ទប់ស្កាត់ហានិភ័យនៃការឆ្លងរាលដាលជំងឺផ្តាសាយបក្សី មកលើមនុស្ស និងពពួកសត្វផ្សេងៗដទៃទៀតដែលនៅមិនទាន់បង្កជាបញ្ហា។
លោកស្រីបាននិយាយថា "លោកស្រីពិតជាចង់ឃើញបណ្តាប្រទេសលើពិភពលោក ដោយរួមមានទាំងសហរដ្ឋអាម៉េរិក ដែលធ្លាប់មានករណីឆ្លងនូវជំងឺផ្តាសាយបក្សីរវាងសត្វពាហនៈ និងមនុស្ស ត្រូវបង្កើនការឃ្លាំមើលឱ្យបានសកម្មភាពជាងមុន នៅតាមកសិដ្ឋានចិញ្ចឹមពាហនៈនិងបសុបក្សី ដែលគេចាត់ទុកជាពពួកសត្វងាយប្រឈមនឹងការចម្លងនៃជំងឺផ្តាសាយបក្សី។
មន្រ្តីដដែលនេះបានបន្តឱ្យដឹងថា បច្ចុប្បន្នអង្គការ WHO កំពុងបង្កើនកិច្ចសហការជាមួយទីភ្នាក់ងារពាក់ព័ន្ធមួយចំនួន រួមមាន ”អង្គការពិភពលោកសម្រាប់សុខភាពសត្វ” និង ”អង្គការស្បៀងអាហារនិងកសិកម្ម” ដើម្បីជំរុញកិច្ចការប្រយុទ្ធប្រឆាំងនឹងជំងឺផ្តាសាយនៅតាមបណ្តាប្រទេសមួយចំនួនលើពិភពលោក ក្រោយពីមានការរកឃើញនូវករណីឆ្លងនូវជំងឺមួយនេះ ទៅលើសត្វជ្រូក នៅឯកសិដ្ឋានមួយកន្លែងក្នុងទឹកដីសហរដ្ឋអាម៉េរិក៕
ប្រែសម្រួល៖ វ័រ តុលា
ប្រភព៖ Reuters Connect
រូបភាព៖ Reuters/ Others