ព័ត៌មានអន្តរជាតិ

លោកហ្សេលែនស្គី៖ យុទ្ធសាស្រ្តគ្រាប់មីស៊ីលជំនាន់ថ្មីរបស់លោកពុទីន គឺដើម្បីបង្អាក់ដំណោះស្រាយសន្តិភាពនៅអ៊ុយក្រែន

image


អ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលែនស្គី (Volodymyr Zelenskiy) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា គោលបំណងរបស់មេដឹកនាំរុស្ស៊ី ក្នុងការប្រើប្រាស់គ្រាប់មីស៊ីលល្បឿនលឿនជំនាន់ថ្មីទៅលើអ៊ុយក្រែន គឺដើម្បីបង្អាក់ការប៉ុនប៉ងរកដំណោះស្រាយសន្តិភាពនៅអ៊ុយក្រែន ជាពិសេសពីសំណាក់លោកដូណាល់ត្រាំដែលទើបជាប់ឆ្នោតជាប្រធានាធិបតី ។

លោហ្សេលែនស្គី បានថ្លែងយ៉ាងដូច្នេះថា "លោកពុទីនអាចបន្តសម្ញែងប្រើប្រាស់គ្រាប់មីស៊ីលហាយភឺសូនិកជំនាន់ថ្មីដែលមានល្បឿនលឿនជាងសំឡេងរហូតដល់ទៅ ១០ដង ដែលមានឈ្មោះថា “អូរ៉េសនិក“ (Oreshnik) ដើម្បីវាយប្រហារបង្កវិនាសកម្មនៅអ៊ុយក្រែន និងធើ្វឱ្យស្ថានការណ៍សង្គ្រាមអ៊ុយក្រែន កាន់តែមានស្ថានភាពអាក្រក់ខ្លាំង ក្នុងកម្រិតមួយដែលអាចរារាំងកិច្ចខិតខំដែលលោកដូណាល់ត្រាំធ្លាប់បានសន្យា ស្របពេលលោកត្រាំ គ្រោងនឹងចូលកាន់តំណែងជាផ្លូវការនៅក្នុងខែមករាខាងមុខ។

គួរជម្រាបថា ការលើកឡើងរបស់លោកហ្សេលែនស្គី ធើ្វឡើងបន្ទាប់ពីរុស្ស៊ីបានបើកការវាយប្រហារទ្រង់ទ្រាយធំលើទីតាំងហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន ដោយបានប្រើប្រាស់ជាមួយនឹងគ្រាប់មីស៊ីលល្បឿនលឿនប្រភេទ “អូរ៉េសនិក“ ជាលើកទីពីរ កាលពីថ្ងៃព្រហស្បតិ៍ ក្រោយពីបានប្រើប្រាស់វាជាលើកដំបូងទៅក្នុងសមរភូមិតំបន់ឌីនីប្រូ (Dnipro) និងបានធើ្វការកាត់ផ្ដាច់ចរន្តអគ្គិសនីនៅទូទាំងប្រទេសអ៊ុយក្រែន។

ទាក់ទិននឹងស្ថានការណ៍នេះ ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀ ពុទីន ក៏បាននិយាយកាលពីថ្ងៃម្សិលមិញថា ការវាយប្រហាររបស់រុស្ស៊ី គឺធើ្វឡើងដើម្បីឆ្លើយតបទៅនឹងអ៊ុយក្រែន ដែលបានប្រើប្រាស់ប្រព័ន្ធគ្រាប់មីស៊ីលយុទ្ធសាស្រ្តរយៈចម្ងាយឆ្ងាយរបស់អាម៉េរិក វាយប្រហារចូលជ្រៅទៅក្នុងទឹកដីរបស់រុស្ស៊ី បន្ថែមពីនេះលោកពុទីន បានព្រមានថា រុស្ស៊ី អាចនឹងធើ្វការវាយប្រហារលើទីតាំង ”បញ្ជាការដ្ឋានយោធា” របស់អ៊ុយក្រែននៅក្នុងរដ្ឋធានីគីវ នៅពេលខាងមុខ ប្រសិនបើអ៊ុយក្រែននៅតែបន្តវាយប្រហារគ្រាប់មីស៊ីលចូលទៅក្នុងទឹកដីរុស្ស៊ី។

ជុំវិញការប្រកាសរបស់លោកពុទីននេះដែរ ត្រូវបានលោកហ្សេលែនស្គីចាត់ទុកថាជាចេតនាចង់ធើ្វឱ្យស្ថានការណ៍កាន់តែអាក្រក់ទៅៗ ខណៈលោកក៏បានចោទប្រកាន់យោធារុស្ស៊ីថាបានប្រើប្រាស់ប្រភេទគ្រាប់រំសេវចង្កោមជារឿយៗនៅក្នុងក្បាលគ្រាប់មីស៊ីលរបស់ខ្លួន៕

ប្រែសម្រួល៖ វ័រ តុលា
ប្រភព៖ Reuters Connect