ពលរដ្ឋហ្សកហ្ស៊ី តវ៉ាជំទាស់នឹងការពន្យារដំណើរការកិច្ចចរចាចូលរួមជាសមាជិកសហភាពអឺរ៉ុប របស់រដ្ឋាភិបាល
ហ្សកហ្ស៊ី៖ នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែវិច្ឆិកា ពលរដ្ឋហ្សកហ្ស៊ីជាច្រើនពាន់នាក់ បានប្រមូលផ្តុំគ្នាតវ៉ាបិទផ្លូវធើ្វដំណើរ ក្នុងរដ្ឋធានី ទីប៊ីលីស៊ី (Tbilisi) ដើម្បីជំទាស់នឹងការពន្យារដំណើរការចរចាចូលរួមជាសមាជិកសហភាពអឺរ៉ុបរបស់រដ្ឋាភិបាល បន្ទាប់ពីគណបក្សកាន់អំណាចរបស់ប្រទេសមួយនេះ បានប្រកាសផ្អាកកិច្ចចរចានេះរហូតដល់ឆ្នាំ ២០២៨ និងថែមទាំងបានបដិសេធឈប់ទទួលយកជំនួយមូលនិធិរបស់សហភាពអឺរ៉ុប ញ៉ាំងឱ្យសំណើចូលរួមជាសមាជិកភាពអឺរ៉ុប របស់ប្រទេសហ្សកហ្ស៊ី ត្រូវបានជាប់គាំងជាស្ថាពរ ។
ជុំវិញរឿងនេះ ប្រធានាធិបតីហ្សកហ្ស៊ី លោកស្រីសាឡូមេ ហ្សូរ៉ាប៊ីចវីលី (Salome Zourabichvili) បានចោទប្រកាន់រដ្ឋាភិបាលថាបានកំពុងប្រកាស "សង្រ្គាម" ជាមួយប្រជាជនរបស់ខ្លួន ដោយសារតែការប្រកាសកែប្រែគោលជំហរខាងលើ ខណៈដែលពលរដ្ឋហ្សកហ្ស៊ីភាគច្រើន បានសម្តែងក្តីរំពឹងថានឹងអាចក្លាយជារដ្ឋសមាជិករបស់សហភាពអឺរ៉ុបក្នុងពេលឆាប់ៗខាងមុខ ក្រោយពីបានដាក់សំណើនេះអស់រយៈពេលជាច្រើនឆ្នាំ។
ផ្ទុយទៅវិញ គណបក្សកាន់អំណាច ”សុបិន្តហ្សកហ្ស៊ី” (Georgian Dream) បានចេញសេចក្តីថ្លែងការណ៍រិះគន់សហភាពអឺរ៉ុបថា បានព្យាយាមបង្ខូចកេរ្តិ៍ឈ្មោះរបស់ប្រទេសហ្សកហ្ស៊ី និងបានប្រើប្រាស់ឥទ្ធិពលកិច្ចចរចារបស់ខ្លួន ដើម្បីដាក់សម្ពាធនិងគំរាមកំហែងមកលើស្ថិរភាពនយោបាយរបស់ហ្សកហ្ស៊ី ហើយថែមទាំងបានចោទប្រកាន់សហភាពអឺរ៉ុបថា មានផែនការជំរុញឱ្យមានបដិវត្តន៍ក្នុងប្រទេសមួយនេះ ក្រោយពីសហភាពអឺរ៉ុប បានរិះគន់លើលទ្ធផលបោះឆ្នោតជាតិរបស់ប្រទេសហ្សកហ្ស៊ី កាលពីពេលថ្មីៗ ថាមានការជ្រៀតជ្រែកយ៉ាងជ្រៅពីប្រទេសរុស្ស៊ី។
ដោយសំអាងលើហេតុផលទាំងនេះ គណបក្សកាន់អំណាច ”សុបិន្តហ្សកហ្ស៊ី” បាននិយាយថា "គេបានសម្រេចចិត្តផ្អាកការពិភាក្សាលើរបៀបវារៈកិច្ចចរចាសមាជិកភាពអឺរ៉ុប និងផ្អាកទទួលយកជំនួយមូលនិធិរបស់សហភាពអឺរ៉ុបរហូតដល់ចុងឆ្នាំ ២០២៨"។
គួរជម្រាបថា បើតាមលទ្ធផលស្ទង់ប្រជាមតិកន្លងទៅធ្លាប់បានបង្ហាញថា មានពលរដ្ឋហ្សកហ្ស៊ីយ៉ាងច្រើនលើសលុបប្រហែល ៨០% សម្តែងការគាំទ្រក្នុងការចូលរួមជាសមាជិកភាពរបស់អឺរ៉ុប៕
ប្រែសម្រួល៖ វ័រ តុលា
ប្រភព៖ Reuters Connect
រូបភាព៖ Reuters