អភិបាលខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យកសិករងាកមកដាំដុះ «ស្រូវសែនក្រអូប» ខណៈមានទីផ្សារល្អ និងតម្លៃខ្ពស់
កំពង់ស្ពឺ៖ អភិបាលខេត្តកំពង់ស្ពឺ លោក ជាម ចន្ទ័សោភ័ណ បានលើកទឹកចិត្តដល់កសិករឱ្យនាំគ្នាងាកមកដាំដុះ «ស្រូវសែនក្រអូប» ឡើងវិញ ដោយសារពួជស្រូវនេះមានទីផ្សារល្អ និងមានតម្លៃខ្ពស់។ ការលើកទឹកចិត្តនេះ ធ្វើឡើងក្នុងពេលចុះពិនិត្យការប្រមូលផលស្រូវស្រាល ស្រូវកណ្តាលរបស់ប្រជាកសិករនៅក្នុងឃុំស្វាយចចិប ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤។
លោក ជាម ចន្ទ័សោភ័ណ បានលើកឡើងថា ស្រូវសែនក្រអូប ជាពូជស្រូវយុទ្ធសាស្ត្ររបស់កម្ពុជា ប៉ុន្តែកន្លងមកប្រជាកសិករមួយចំនួនហាក់មិនបានចាប់អារម្មណ៍ក្នុងការដាំដុះប្រភេទស្រូវនេះនោះទេ បែរជានាំគ្នាដាំដុះស្រូវនាំចូលពីបរទេសទៅវិញ។ ស្រូវសែនក្រអូប បានបន្តកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ហើយបច្ចុប្បន្នស្រូវសើមមានតម្លៃប្រមាណ ១៤០០រៀល ក្នុងមួយគីឡូក្រាម ឬអាចលើសពីនេះ ខណ:ស្រូវប្រជាកសិករនិយមធ្វើសព្វថ្ងៃមានតម្លៃចន្លោះពី៨០០ទៅ ១០០០រៀល ឬលើសពីនេះតិចតួចប៉ុណ្ណោះ។
លោកអភិបាលខេត្តកំពង់ស្ពឺ ក៏បានលើកឡើងដែរថា ពាក់ព័ន្ធនឹងវិស័យស្រូវអង្ករនេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានយកចិត្តទុកដាក់ខ្ពស់និងបានផ្តល់ការលើកទឹកចិត្តគ្រប់ប្រភេទផ្នែកពន្ធដារដល់សហគមន៍កសិកម្ម រោងម៉ាស៊ីនកិនស្រូវ និងការនាំចេញអង្ករជាដេីម។ ទន្ទឹមនេះការនាំចូលបរិក្ខាកសិកម្ម និងគ្រឿងចក្រសម្រាប់ដំណើរការម៉ាស៊ីនកិនស្រូវក៏ត្រូវបានលើកលែង។
ជាងនេះទៅទៀត សម្តេចក៏បាននិងកំពុងពង្រីកវិសាលភាពនិងធ្វើពិពិធកម្មទីផ្សារស្រូវអង្កររបស់កម្ពុជាដោយបានបន្តចែកចាយ និងនាំចេញទៅកាន់ទីផ្សារពិភពលោកផងដែរ។
ក្នុងជំនួបជាមួយប្រជាកសិករ លោក ជាម ចន្ទ័សោភ័ណ ក៏បានក្រើនរំឭកដែរថា ប្រជាពលរដ្ឋបន្ថែមការដាំដុះបន្លែសុវត្ថិភាព គ្រាដែលបច្ចុប្បន្នទីផ្សារបន្លែ បាននិងកំពុងទទួលបានការចាប់អារម្មណ៍ និងទទួលទានច្រើនពីប្រជាពលរដ្ឋទូទៅ ពិសេសនៅទីផ្សារទំនើបរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងសៀមរាម ជាដេីម។ ចំពោះតម្លៃក៏ខ្ពស់ផងដែរ ដែលនឹងអាចជួយលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃបានមួយកម្រិតថែមទៀត។
ពាក់ពន្ធ័នឹងការក្រើនរំឭកនេះ លោក យឹម ណន ប្រធានមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ បានបញ្ជាក់បន្ថែមថា ការបង្កបង្កើនផលស្រូវស្រាល ស្រូវកណ្តាលឆ្នាំ២០២៤ ទទួលបានទិន្នផលល្អប្រសើរទោះបីជាប្រជាកសិករជួបប្រទះនូវឧបសគ្គដង្កូវហ្វូងស៊ីបំផ្លាញដំណាំស្រូវ និងគ្រោះរាំងស្ងួតខ្លះក៏ដោយ ដែលការដាំដុះស្រូវវស្សានៅទូទាំងខេត្តបានចំនួនជាង ១២ម៉ឺនហិកតា កើនជាងបណ្តាឆ្នាំមុនៗ ហើយគិតមកទល់ថ្ងៃនេះប្រមូលផលបានជាង៥០%ហើយ។
ចំពោះទិន្នផលស្រូវក្នុងមួយហិកតាទទួលបានជាង ៣តោន និងតម្លៃស្រូវដែលឈ្មួញកណ្តាលប្រមូលទិញនៅលើវាលស្រែជិត ១៤០០រៀល ក្នុងមួយគីឡូក្រាម៕
អត្ថបទ៖ ប៊ុត សារុន