កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត នឹងបើកដំណើរការបណ្តោះអាសន្នក្នុងខែធ្នូ
កំពត៖ កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត ដែលមានបណ្តោយប្រវែង ៣០០ម៉ែត្រ សាងសង់លើផ្ទៃដី ៤ហិកតា ស្ថិតក្នុងភូមិជុំក្រៀល ឃុំជុំក្រៀល ស្រុកទឹកឈូ ខេត្តកំពត ដែលបានស្ថាបនារួចរាល់ក្នុងអំឡុងឆ្នាំ២០២២ នឹងបើកដាក់ឱ្យដំណើរការសាកល្បងក្នុងរយៈពេល ៣ខែ ចាប់ពីខែធ្នូ ឆ្នាំ២០២៤ តទៅ។
នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ប្រតិភូអន្តរក្រសួង និងតំណាងដៃគូវិនិយោគ បានចុះពិនិត្យស្ថានភាពជាក់ស្តែងនៅទីតាំងកំពង់ផែដោយផ្ទាល់មុនថ្ងៃចាប់ផ្តើមមកដល់។
លោក ខូយ ដារ៉ា អគ្គនាយកកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត និងជាប្រធានប្រតិភូអន្តរក្រសួង បានឱ្យដឹងថា ដោយមានចំណាររបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងអាណត្តិទី៦ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមនឹងក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះកិច្ចព្រមព្រៀងទទួលយកក្រុមហ៊ុន KITP DEVELOPMENT-CO,LTD ជាដៃគូវិនិយោគសម្រាប់កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត។
ម្យ៉ាងវិញទៀត ដោយផ្អែកតាមស្មារតីអង្គប្រជុំកាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ រវាងក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងអគ្គនាយកដ្ឋានភាពជាដៃគូរវាងរដ្ឋ និងឯកជននៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងតំណាងក្រុមហ៊ុន KITP DEVELOPMENT CO.,LTD ទើបគ្រប់ផ្នែកពាក់ព័ន្ធចុះមកពិនិត្យទីតាំង និងស្ថានភាពជាក់ស្តែងនៅពេលនេះ ស្របតាមសំណើរបស់ក្រុមហ៊ុនកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត (KITP DEVELOPMENT-CO,LTD) ដែលទទួលសិទ្ធិលើការងារនេះ។
លោក ខូយ ដារ៉ា បានឱ្យដឹងដែរថា កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត នឹងបើកដាក់ឱ្យដំណើរការសាកល្បងចាប់ពីខែធ្នូ ឆ្នាំ២០២៤ ឆ្នាំ២០២៤។ ដំណើរការសាកល្បងនេះមានរយៈពេល ៣ខែ គិតចាប់ពីខែធ្នូ ឆ្នាំ២០២៤ តទៅ។
សូមរម្លឹកថា កំពង់ផែទេសចរណ៍អន្តរជាតិ ខេត្តកំពត មានបណ្តោយប្រវែង ៣០០ម៉ែត្រ សាងសង់លើផ្ទៃដី ៤ហិកតា ស្ថិតក្នុងភូមិជុំក្រៀល ឃុំជុំក្រៀល ស្រុកទឹកឈូ ខេត្តកំពត។ កំពង់ផែនេះបានចាប់ផ្តើមសាងសង់កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ និងសម្រេចរួចរាល់នាចុងឆ្នាំ២០២២ ដោយប្រើប្រាស់ថវិកាជាង ១១លានដុល្លារ ក្រោមគម្រោងហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)៕
អត្ថបទ៖ វង្ស សុធារម្យ