សេវាកម្មទេសចរណ៍ជាង ៥០០កន្លែង ក្នុងខេត្តកំពត កំពុងរង់ចាំស្វាគមន៍ភ្ញៀវទេសចរ ក្នុងឱកាសពិធីបុណ្យសមុទ្រ
កំពត៖ មុនឱកាសនៃពិធីបុណ្យសមុទ្រលើកទី១១ ជុំទី៣ ចូលមកដល់ ថ្នាក់ដឹកនាំមន្ទីរទេសចរណ៍ន បានឱ្យដឹងថា នៅទូទាំងខេត្តកំពត មានសេវាកម្មទេសចរណ៍ចំនួន ៥២៤កន្លែង ក្នុងនោះមានបន្ទប់សម្រាប់ស្នាក់នៅចំនួន ៥.០៦៩បន្ទប់ និងភោជនីយដ្ឋាន អាហារដ្ឋានប្រមាណ ១៣០ទីតាំង ផងដែរ។ ប្រសិនបេីភ្ញៀវទៅកម្សាន្ត និងស្នាក់នៅក្នុងខេត្តកំពត នឹងពេញចិត្តគ្រប់សេវាកម្មទេសចរណ៍ទាំងអស់។
លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានឱ្យដឹងថា សេវាកម្មទេសចរណ៍ទាំង ៥២៤កន្លែង ក្នុងនោះសេវាស្នាក់នៅមានចំននួន ៣៣២កន្លែង ស្មើនឹង ៥.០៦៩បន្ទប់ សេវាម្ហូបអាហារ ១៣០ទីតាំង សេវាកម្សាន្តសម្រាប់មនុស្សពេញវ័យ ២៦កន្លែង សេវាម៉ាស្សា ៣១កន្លែង កីឡាទេសចរណ៍ ៣កន្លែង ព្រមទាំងទីភ្នាក់ងារ និងការិយាល័យទេសចរណ៍មាន ២កន្លែង។ សម្រាប់ឱកាសនៃពិធីបុណ្យសមុទ្រ ក៏ដូចជាពិធីផ្សេងៗនាពេលខាងមុខ លោករំពឹងថា ភ្ញៀវនឹងកាន់តែសប្បាយរីករាយ ហើយមានភាពកក់ក្តៅជាមួយសកម្មភាពបដិសណ្ឋារកិច្ច សន្តិសុខ សុវត្ថិភាព ក៏ដូចជាគ្រប់តម្លៃសេវាកម្មទាំងអស់។
លោកប្រធានមន្ទីរ បានបញ្ជាក់ថា ជាក់ស្តែងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកកន្លងទៅ មិនមានករណីអវិជ្ជមានណាមួយកើតឡើងចំពោះភ្ញៀវដែលមកកម្សាន្តនៅខេត្តកំពតឡើយ។ មន្ត្រីមន្ទីរទេសចរណ៍បានចុះស្រង់បញ្ជីតម្លៃមុខទំនិញ និងសេវាកម្មនៅទីតាំងអាជីវកម្មទេសចរណ៍មករក្សាទុកសម្រាប់ផ្ទៀងផ្ទាត់ពេលមានប្រតិកម្មពីភ្ញៀវស្របតាមការណែនាំរបស់ថ្នាក់ដឹកនាំខេត្ត។
ម្យ៉ាងវិញទៀត កាលពីថ្ងៃទី១៤ ខែឧសភា និងថ្ងៃទី៧ ខែវិច្ឆកា ឆ្នាំ២០២៤ អភិបាលខេត្តកំពត ក៏បានធ្វើពិធីជួបសំណេះសំណាល និងធ្វើសវនការជាមួយប្រតិបត្តិករទេសចរណ៍ ដោយអំពាវនាវឱ្យអាជីវករ ផ្តល់នូវជំនឿទុកចិត្តសម្រាប់អតិថិជន និងរក្សាភាពថ្លៃថ្នូរក្នុងមុខរបររបស់ខ្លួន ហើយថ្មីៗនេះ ក្រសួងទេសចរណ៍ ក៏បានអញ្ជើញប្រតិបត្តិករ និងគ្រប់ភាគីពាក់ព័ន្ធចូលរួមប្រជុំ ដើម្បីពង្រឹងសេវាកម្មទេសចរណ៍នេះ៕
អត្ថបទ៖ វង្ស សុធារម្យ