ព័ត៌មានជាតិ

ព្យុះភ្លៀងក្នុងរយៈពេលមួយសប្តាហ៍ក្នុងខែមិថុនានេះ ធ្វើអោយប្រជានេសាទ ប្រកបរបរដាក់មងក្តាម រងការខាតដើមទុន យ៉ាងធ្ងន់ធ្ងរ

image

(កោះកុង)៖ ប្រជានេសាទនៅតាមបណ្តោយព្រែកកោះប៉ោ ដែលប្រកបរបរជាអ្នកដាក់មងក្តាមជាប្រចាំ បានបង្ហាញពីក្តីព្រួយបារម្ភ យ៉ាងខ្លាំង ក្នុងមួយរយៈកាលដើមខែមិថុនា ២០១៨នេះ ដោយការនេសាទរបស់ពួកគាត់ មិនបានទទួលផលកម្រៃសោះ បានត្រឹមតែចិញ្ចឹម ឆ្នាំងសម្រាប់តែមួយថ្ងៃៗ ប៉ុណ្ណោះ។


ប្រជានេសាទដដែលបន្តថា ក្នុងរយៈពេលមួយសប្តាហ៍កន្លងទៅនេះ ការចេញទៅនេសាទ មិនបានរាល់ថ្ងៃឡើយ ខ្លះបានចេញទៅបានតែមួយថ្ងៃ ខ្លះទៀត បានពីរ ឬបីថ្ងៃប៉ុណ្ណោះ។មូលហេតុដែលពួកគាត់ចេញទៅនេសាទ មិនជាប់លាប់នេះ ដោយសារ អាកាសធាតុមិនអំណោយផល ជួបព្យុះ ភ្លៀង ឥតឈប់ឈរ បង្ករផលប៉ះពាល់យ៉ាងខ្លាំងក្នុងការចេញទៅនេសាទ ។
អ្វីដែលគួរឱ្យកត់សម្គាល់ ឈានចូលថ្ងៃទី ០៨ ខែមិថុនា នេះ ព្យុះនិងភ្លៀង ធ្លាក់កាន់តែខ្លាំង កាន់តែធ្វើឱ្យ ប្រជានេសាទមានការត្អូញត្អែរ ថា ផលនេសាទរបស់ ពួកគាត់ថ្ងៃនេះ ទទួលរងការខាតបង់ ទាំងដើមទាំងចុង។

ជាមួយគ្នានេះ ក្រុមប្រជានេសាទនៅតាមបណ្តោយព្រែកកោះប៉ោ ក៏បានបានបញ្ជាក់ពីការលំបាកមួយទៀតថា ការខាតដើម ខាតចុង នាពេលនេះ បណ្តាលមកពីទូក របស់គាត់មានលក្ខណៈទ្រង់ទ្រាយតូច នេសាទបានតែក្បែរៗខាងមិនអាចទប់ទល់និង កំលាំងរលក ដូចអ្នកនេសាទដែលមានទូកធំៗឡើយ៕



អត្ថបទ ៖ តាំង ស៊ុននី ខេត្តកោះកុង