ព័ត៌មានអន្តរជាតិ

ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាចង់បានយុត្តិធម៌ពីការជំនំជម្រះក្ដីប្រទេសមីយ៉ាន់ពាក់ព័ន្ធអំពើប្រល័យពូជសាសន៍

image

ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាក្នុងជំរំជនភៀសខ្លួននៅឯព្រំដែនប្រទេសបង់ក្លាដែសបាននិយាយថាពួកគេទាមទាររកយុត្តិធម៌ពីដំណើរការជំនំជម្រះក្ដីអំពីអំពើប្រល័យពូជសាសន៍ប្រឆាំងប្រទេសមីយ៉ាន់ម៉ានៅឯតុលាការកំពូលរបស់អង្គការសហប្រជាជាតិជាកន្លែងដែលលោកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi) នឹងចូលរួមដែរ។

លោកស្រី ស៊ូជី នឹងឡើងការពារប្រទេសលោកស្រីប្រឆាំងនឹងការចោទប្រកាន់ពីបទប្រល័យពូជសាសន៍ទៅលើជនជាតិភាគតិចមូស្លីមរ៉ូហ៊ីងយ៉ានៅឯតុលាការយុត្តិធម៌អន្តរជាតិក្នុងទីក្រុងឡាអេ។ សវនាការលើកដំបូងនៅក្នុងដំណើរការជំនំជម្រះក្ដីនេះនឹងចាប់ផ្ដើមពីថ្ងៃអង្គារ ទី១០ ខែធ្នូ តទៅ។

ពលរដ្ឋមូស្លីមភាគតិចរ៉ូហ៊ីងយ៉ាជាង៧៣ម៉ឺននាក់បានរត់ភៀសខ្លួនចេញពីប្រទេសមីយ៉ាន់ម៉ាចាប់តាំងពីឆ្នាំ២០១៧មកបន្ទាប់ពីមានការបង្ក្រាបដ៏ឃោរឃៅដែលដឹកនាំដោយយោធាមីយ៉ាន់ម៉ា។

អង្គការសហប្រជាជាតិបានប្រកាសថាការបង្ក្រាបនោះគឺជាចេតនាប្រល័យពូជសាសន៍ហើយមានការកាប់សម្លាប់និងរំលោភទ្រង់ទ្រាយធំថែមទៀតផង។

ប្រទេសហ្គំប៊ីដែលជាប្រទេសតូចមួយមានពលរដ្ឋភាគច្រើនជាមូស្លីមស្ថិតនៅតំបន់ភាគខាងលិចនៃទ្វីបអាហ្វ្រិកបានដាក់ពាក្យបណ្ដឹងប្រឆាំងប្រទេសមីយ៉ាន់ម៉ាក្នុងខែវិច្ឆិកាដោយចោទប្រកាន់ប្រទេសនេះពីបទប្រព្រឹត្តអំពើប្រល័យពូជសាសន៍ប្រឆាំងពលរដ្ឋមូស្លីមភាគតិចរ៉ូហ៊ីងយ៉ា។

គួរកត់សម្គាល់ថាអំពើប្រល័យពូជសាសន៍គឺជាបទឧក្រិដ្ឋអន្តរជាតិធ្ងន់ធ្ងរបំផុត៕