បុរសម្នាក់បាត់ខ្លួន៩ថ្ងៃ ស្រាប់តែប្រទះឃើញសាកសពហើមស្អុយនៅក្បែរចិញ្ចើមផ្លូវបេតុង នៅសង្កាត់បាក់ខែង
ភ្នំពេញ៖ សាកសពបុរសម្នាក់ ដែលបានបាត់ខ្លួន ៩ថ្ងៃ មានលក្ខណៈហើមស្អុយទៅហើយ ត្រូវបានគេប្រទះឃើញដេកស្លាប់ក្នុងព្រៃក្បែរចិញ្ចើមផ្លូវបេតុង នៅវេលាម៉ោង៨ព្រឹក ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ នៅក្នុងទំនាបបឹង ក្បែរចិញ្ចឹមផ្លូវបេតុង ចម្ងាយប្រមាណជាង ២គីឡូម៉ែត្រ ពីផ្លូវជាតិលេខ៦អា(ច្រកចូលបុរី ហាយឡេន) ចន្លោះស្ពានលេខ៩ និងលេខ១០ ក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ សពបុរសខាងឈ្មោះ ឈិត ប៊ុនណា អាយុជាង ៥៣ឆ្នាំ ជាមនុស្សមានសតិមិនប្រក្រតី ស្នាក់នៅភូមិសេប៉េសេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
យោងតាមប្រព័ត៌មានពីសមត្ថកិច្ច បានឲ្យដឹងថា នៅព្រឹកថ្ងៃកើតហេតុមានប្រជាពលរដ្ឋម្នាក់ដែលធ្វើដំណើរឆ្លងកាត់ហើយឈប់បត់ជើងក៏បានប្រទះឃើញសាកសពរបស់ម្នាក់មានលក្ខណៈហើមស្អុយទៅហើយដេកស្លាប់នៅក្នុងព្រៃរនាមទំនាបបឹង រួចក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានបង្កឱ្យមានការភ្ញាក់ផ្អើលតែម្តង។ បន្ទាប់ពីភ្ញាក់ផ្អើលក៏ដឹងដល់ក្រុមគ្រួសារ និងក្មួយៗ ក៏ចុះទៅកន្លែងកើតហេតុ ដោយអះអាងថា សពជាសពអុំរបស់ខ្លួនដែលបានបាត់តាំងខ្លួនរយៈពេល៩ថ្ងៃមកហើយ។
យោងតាមការឱ្យដឹងពីសាច់ញាតិសព បានឲ្យដឹងថា អុំរបស់ខ្លួនបានចេញពីផ្ទះតាំងពីវេលាម៉ោង ៨ព្រឹក ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ដើម្បីដើរហាត់ប្រាណដូចសពដង ហើយក៏បាត់ខ្លួនមិនឃើញមកផ្ទះវិញ។ សពជាមនុស្សមានសតិមិនប្រក្រតី ហើយចេះតែដើរហាត់ប្រាណជាប្រចាំ ទៅម្តងផ្សារចិនណាន់ ស្ពាន៥មករា ជាដើម។ ហើយនៅវេលាម៉ោងប្រមាណ ១០ព្រឹក ត្រឡប់មកផ្ទះវិញមិននឹកស្មានថា គាត់មកដល់បាក់ខែងបែបនេះ។ បន្ទាប់ពីភ្ញាក់ផ្អើលនគរបាលជំនាញក៏បានចុះត្រួតពិនិត្យសពតែពុំទាន់ដឹងពីមូលហេតុពិតប្រាកដនៅឡើយ៕
ដោយ៖ ឌីយ៉ាម៉ង់