សម្តេចក្រឡាហោម ស ខេង ផ្តើមបុណ្យផ្កាប្រាក់មហាសាមគ្គី ដើម្បីប្រមូលបច្ច័យរៀបចំកសាងបង្ហើយព្រះពុទ្ធរូបអង្គធំ និងកសាងខឿនសួនច្បារជើងភ្នំសំពៅ ដើម្បីប្រែក្លាយជាតំបន់ទេសចរណ៍ទាក់ទាញរបស់ខេត្តបាត់ដំបង

បាត់ដំបង៖ ដើម្បីប្រែក្លាយរមណីយដ្ឋានភ្នំសំពៅ ទៅជាតំបន់ទេសចរណ៍កាន់តែមានការទាក់ទាញខ្លាំងពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកលេងកម្សាន្តមានការកើនឡើងនោះ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ ញ៉ែម សាខន ស ខេង ព្រមទាំងក្រុមគ្រួសារ បានផ្តួចផ្តើមប្រារព្ធធ្វើពិធីបុណ្យផ្កាប្រាក់មហាសាមគ្គីមួយ ដើម្បីប្រមូលបច្ច័យរៀបចំកសាងបង្ហើយព្រះពុទ្ធរូបអង្គធំ និងកសាងខឿនសួនច្បារជើងភ្នំសំពៅ ដែលមានទីតាំងស្ថិតនៅភូមិភ្នំសំពៅកើត ឃុំភ្នំសំពៅ ស្រុកបាណន់ខេត្តបាត់ដំបង ទុកសម្រាប់ជាទីគោរពបូជា និងការមកលេងសម្សាន្តពីសំណាក់ភ្ញៀវទេសចរជិតឆ្ងាយ។
ពិធីបុណ្យផ្កាប្រាក់មហាសាមគ្គីនេះ បានប្រារព្ធធ្វើឡើងនៅភូមិគ្រឹះ សម្តេចក្រឡាហោម ស ខេង ស្ថិតនៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង នារសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ ដោយមានការចូលរួមពីមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល អាជ្ញាធរខេត្ត ក្រុង ស្រុក មន្ទីរ អង្គភាព មន្ត្រីរាជការ និងសប្បុរសជនជាច្រើនទៀត។
សូមរំលឹកថា រដ្ឋបាលខេត្តបាត់ដំបង បាននិងកំពុងធ្វើការអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្រ្តភ្នំសំពៅ ជាបន្តបន្ទាប់ ដោយក្នុងនោះរដ្ឋបាលខេត្ត បានបង្កើតគណៈកម្មការជំរុញរៀបចំសណ្ដាប់ធ្នាប់នៅតំបន់រមណីយដ្ឋានភ្នំសំពៅ ស្រុកបាណន់ សំដៅលើកកម្ពស់សោភ័ណភាព និងសុវត្ថិភាពសាធារណៈ ដើម្បីបង្កើនការទាក់ទាញភ្ញៀវទេសចរឱ្យបានកាន់តែច្រើនឡើង។
ជាមួយគ្នានេះដែររដ្ឋបាលខេត្ត បានដាក់ចេញនូវផែនការអភិវឌ្ឍ ធ្វើយ៉ាងណាឱ្យតំបន់រមណីយដ្ឋានភ្នំសំពៅក្លាយទៅជាគោលដៅទេសចរណ៍ដ៏ប្រណីតមួយសម្រាប់ខេត្តបាត់ដំបង ដើម្បីទាក់ទាញ់កំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបានលេងខេត្តបាត់ដំបង ម្តងហើយ ចង់មកលេងម្តងទៀត ខណៈវិស័យទេសចរណ៍នេះត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងទេសចរណ៍ បានចាត់ទុកជាមាសបៃតងដ៏សំខាន់របស់ជាតិ ក្នុងការលើកកម្ពស់សេដ្ឋកិច្ចជាតិ ឱ្យកាន់តែមានការរីកចម្រើនថែមទៀត។
សូមបញ្ជាក់ថា ភ្នំសំពៅ ជារមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រមួយ ស្ថិតនៅក្នុងឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ភ្នំនេះមានកំពស់ប្រមាណ១០០ម៉ែត្រ កាំជណ្តើរឡើងចំនួន១.០៣០កាំ មានចម្ងាយ១២គីឡូម៉ែត្រពីទីក្រុងបាត់ដំបង ដោយធ្វើដំណើរនៅលើផ្លូវជាតិលេខ៥៧ អតីតផ្លូវជាតិលេខ១០ អ្វីដែលមានការទាក់ទាញជាពិសេសនោះ គឺទស្សនីយភាពហ្វូងសត្វប្រចៀវរាប់លានក្បាល ដែលបានហោះចេញពីល្អាង ជារៀងរាល់ថ្ងៃនៅមុនពេលព្រះសូរិយារៀបអស្តង្គតចូលមកដល់ ចាប់ពីចន្លោះម៉ោង៥ និង៣០នាទី ដល់ម៉ោង៦ និង៣០នាទីល្ងាច គឺជាពេលវេលាដ៏ជាក់លាក់ ដែលហ្វូងសត្វប្រចៀវទាំងនោះចាប់ផ្តើមហោះហើរបណ្តែតខ្លួនចេញពីរូងខ្មៅដាស់ពេញមេឃ និងតម្រង់ជួរគ្នាចេញពីរូងល្អាង ធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីភ្ញៀវទេសចរជាតិ និងអន្តរជាតិមកពីគ្រប់ទិសទីបានមកមើលកម្សាន្ត៕
អត្ថបទ៖ គួយ គឹមស៊ន



















