សមត្ថកិច្ចចាប់ខ្លួនមនុស្ស ៦នាក់ បញ្ជូនទៅតុលាការ ក្រោយដកហូតគ្រឿងញៀន ២៥កញ្ចប់ នៅកំពង់ស្ពឺ
កំពង់ស្ពឺ៖ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានបញ្ជូនខ្លួនក្រុមជនជាមុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្មចំនួន ៦នាក់ទៅតុលាការ ក្រោយបង្ក្រាប និងរឹបអូសគ្រឿងញៀនជាង ២០កញ្ចប់នៅក្នុងស្រុកសំរោងទង។
លោកវរសេនីយ៍ឯក ឃុត សុផល អធិការនៃអធិការដ្ឋាននគរបាលស្រុកសំរោងទងបានឱ្យដឹងនៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ ២០២៤នេះថា ដោយអនុវត្ដបទបញ្ជា លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ កម្លាំងជំនាញស្រុកបានបើកប្រតិបត្តិការហ៊ុំព័ទ្ធទីតាំងសង្ស័យមួយកន្លែងនៅចំណុចភូមិបឹងទន្លាប់ ឃុំវល្លិស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ហើយបានឃាត់ខ្លួនជាមុខសញ្ញាចំនួន ៦នាក់ ១-ឈ្មោះ ម៉ៅ រ៉ា ភេទ ប្រុស អាយុ ៣២ឆ្នាំ នៅភូមិរំចេក ឃុំរំលេច ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ដកហូត ម៉ូតូ១គ្រឿង និងទូរស័ព្ទ១គ្រឿង។២-ឈ្មោះ ម៉ៅ សៅ ភេទប្រុស អាយុ២៧ឆ្នាំ នៅភូមិស្វាយជួរ ឃុំក្រាំងចេក ស្រុកសាមគ្គីមុន្នីជ័យ ខេត្តកំពង់ស្ពឺដកហូតគ្រឿងញៀន១កញ្ចប់តូច។ ៣-ឈ្មោះ ឃុន មករា (ហៅ រ៉ា)ភេទប្រុស អាយុ ៣៦ឆ្នាំ នៅភូមិបឹងទន្លាប់ ឃុំវល្លិស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺដកហូត គ្រឿងញៀនចំនួន ៣កញ្ចប់ (មធ្បម១កញ្ចប់ តូច២កញ្ចប់) ជញ្ជីងអេឡិចត្រូនិចសម្រាប់ថ្លឹងគ្រឿងញៀន១គ្រឿង។
៤-ឈ្មោះ ភួង គីមហុង ភេទប្រុស អាយុ២៧ឆ្នាំ នៅភូមិត្រពាំងជ្រៃ ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ៥-ឈ្មោះ ប៉ុក សុខហន ហៅ (ហេ) ភេទប្រុស អាយុ ៣៦ឆ្នាំ នៅភូមិព្រៃទួល ឃុំវល្លិសរស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដកហូតទូរស័ព្ទដៃ១គ្រឿង។
និង៦-ឈ្មោះ អ៊ូច សុខុម ហៅ (អេ) ភេទប្រុស អាយុ ២៩ឆ្នាំ នៅភូមិទួលសំណាង ឃុំវល្លិស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដកហូត គ្រឿងញៀនចំនួន ២២កញ្ចប់ (មធ្យម១កញ្ចប់ តូច២១កញ្ចប់) ជញ្ជីងអេឡិចត្រូនិចសំរាប់ថ្លឹងគ្រឿងញៀន១គ្រឿង និងទូរស័ព្ទដៃ១គ្រឿង។
អធិការស្រុកសំរោងទងលោកវរសេនីយ៍ឯក ឃុត សុផល បានបញ្ជាក់បន្ថែមថាក្នុងប្រតិបត្តិការខាង សមត្ថកិច្ចបានដកហូតវត្ថុតាងសរុបរួមមាន:ម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន ២៥កញ្ចប់ (មធ្យម២កញ្ចប់ និងតូច២៣កញ្ចប់) ជញ្ជីងអេឡិចត្រូនិចចំនួន ២គ្រឿង ម៉ូតូ១គ្រឿង ទូរសព្ទដៃចំនួន៤គ្រឿង។
បច្ចុប្បន្នជនសង្ស័យទាំង ៦នាក់ រួម និងវត្ថុតាង កម្លាំងជំនាញនៃស្នងការដ្ឋានបានកសាងសំណុំបញ្ជូនទៅតុលាការរួចហើយនៅព្រឹកនេះ៕
អត្ថបទ៖ ប៊ុត សារុន