យោធិននៃកងរាជអាវុធហត្ថខេត្ត ទើបជ្រើសរើសថ្មីជាប់ជាស្ដារពចំនួន ៤២នាក់ ត្រូវបានបញ្ជូនទៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ភ្នំជុំសែនរីករាយ
បន្ទាយមានជ័យ៖ យោធិននៃកងរាជអាវុធហត្ថខេត្ត ទើបជ្រើសរើសថ្មីជាប់ជាស្ដារពចំនួន ៤២នាក់ ត្រូវបានបញ្ជូនទៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ភ្នំជុំសែនរីករាយ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំង។
ថ្លែងក្នុងពិធីសំណេះសំណាល និងជូនដំណើរយោធិន នៃកងរាជអាវុធហត្ថទើបជ្រើសរើសថ្មី (ជាប់ជាស្ថាពរ) ដើម្បីបញ្ជូនទៅហ្វឹកហ្វឺន នៅមជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថ (ភ្នំជុំសែនរីករាយ) លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានធ្វើការផ្តាំផ្ញើរដល់ប្អូនៗបានប្រឡងជាប់ជាយោធិននៃកងរាជអាវុធហត្ថ ពេលដែលចូលទៅសាលាហ្វឹកហ្វឺន ត្រូវខិតខំប្រឹងប្រែង រៀនសូត្រគ្រប់មុខវិជ្ជាឲ្យបានល្អប្រសើរ ដើម្បីក្លាយខ្លួនជាទំពាំងស្នងឬស្សីនាពេលអនាគត ស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា ព្រះមហាក្សត្រ ខិតខំរៀនសូត្រ រក្សាសាមគ្គីភាព គោរពវិន័យបទបញ្ជាផ្ទៃក្នុង របស់សាលាឲ្យបានម៉ឺងម៉ាតបំផុត គោរព និងអនុវត្តម៉ឺងម៉ាត់នៅច្បាប់លក្ខន្តិកៈទូទៅ។
លោកឧត្តមសេនីយ៍ត្រី ចំពោះយោធពលខេមភូមិន្ទ និងបទវិន័យទូទៅសម្រាប់កងយោធពលខេមរភូមិន្ទ គោរពអនុវត្តឲ្យបានម៉ឺងម៉ាត់នៅរាល់បទបញ្ជា និងការចាត់តាំងរបស់នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ រងនៃកងយោធពលខេមរៈភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ខិតខំប្រតិបត្តិ តួនាទីភារកិច្ច និងបេសកកម្មកងរាជអាវុធហត្ថ ដែលថ្នាក់ដឹកនាំបានប្រគល់ឲ្យនៅពេលបញ្ចប់វគ្គ។
ក្នុងពិធីនេះផងដែរ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងនូវការកោតសរសើរវាយតម្លៃខ្ពស់ចំពោះកម្លាំងកងរាជអាវុធហត្ថខេត្ត ជានិច្ចជាកាលតែងតែយកចិត្តទុកដាក់ អនុវត្តការងារតាមតួនាទីភារកិច្ចរបស់ខ្លួនទាំងយប់ទាំងថ្ងៃភ្លៀងរលឹមពុំខ្លាចនឿយហត់ព្រមទាំងបានការពារសន្តិសុខ សុវត្ថិភាពជូន ប្រជាពលរដ្ឋរស់ក្នុងខេត្តបន្ទាយមានជ័យ ដោយសម្រេចបានលទ្ធផលជាទីមោទនផងដែរ។
លោកអភិបាលខេត្ត មានប្រសាសន៍បន្តទៀតថា កងរាជអាវុធហត្ថ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់សាធារណៈ ថែរក្សាសុវត្ថិភាពជូនប្រជាពលរដ្ឋ យ៉ាងសកម្មនិងជួយសង្គ្រោះប្រជាពលរដ្ឋជួបគ្រោះទឹកជំនន់ ខ្យល់កន្ត្រាក់ អគ្គិភ័យ និងគ្រោះមហន្តរាយផ្សេងៗជាច្រើនទៀត មិនតែប៉ុណ្ណោះកម្លាំងកងរាជអាវុធហត្ថខេត្តបានចុះបង្ក្រាបនូវបទល្មើសជួញដូរនិងប្រើប្រាស់គ្រឿងញៀន និងបង្ក្រាបបទល្មើសផ្សេងៗជាច្រើនទៀត។
ទន្ទឹមនឹងនេះ លោកអភិបាលខេត្ត អ៊ុំ រាត្រី ក៏បានធ្វើការដាស់តឿនដល់យោធិននៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដែលទើបជ្រើសរើសថ្មី ត្រូវយកចិត្តទុកដាក់ខិតខំប្រឹងប្រែងសិក្សារៀនសូត្រស្ដាប់គ្រូឧទេ្ទស គោរពវិន័យ គោរពច្បាប់ ច្បាប់លក្ខន្តកៈរបស់កងទ័ពឲ្យបានខ្ជាប់ខ្ជួន ពេលសិក្សារៀនសូត្រចប់ត្រូវបម្រើប្រទេសជាតិ និងការពារសន្តិសុខឲ្យបានល្អប្រសើរផងដែរ៕
អត្ថបទ៖ ជា ថន