ឧបនាយករដ្ឋមន្ត្រីចិន ជួបជាមួយនាយិកាប្រតិបត្តិក្រុមហ៊ុន Citigroup ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិក
ចិន៖ ឧបនាយករដ្ឋមន្ត្រីចិន លោក ហឺ លិហ្វឹង (He Lifeng) កាលពីថ្ងៃព្រហស្បតិ៍ បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់ប្រទេសចិន ក្នុងការបើកចំហរវិស័យហិរញ្ញវត្ថុរបស់ខ្លួនបន្ថែមទៀត ។
នៅក្នុងជំនួបជាមួយលោកស្រី ហ្សង់ ហ្វ្រាស័រ (Jane Fraser) នាយិកាប្រតិបត្តិក្រុមហ៊ុនស៊ីធីគ្រុប (Citigroup) នៅឯរដ្ឋធានីប៉េកាំង លោក ហឺ (He) ដែលជាសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានមានប្រសាសន៍ថា ប្រទេសចិន កំពុងតែធ្វើឱ្យស៊ីជម្រៅលើកំណែទម្រង់ប្រព័ន្ធហិរញ្ញវត្ថុ និងបន្តពង្រីកជម្រើសនៃការបើកផ្លូវសម្រាប់វិស័យហិរញ្ញវត្ថុរបស់ខ្លួន ឱ្យបាននៅក្នុងកម្រិតខ្ពស់ ។
លោកបានមានប្រសាសន៍ជាបន្តទៀតថា ប្រទេសចិនស្វាគមន៍ស្ថាប័នហិរញ្ញវត្ថុបរទេសកាន់តែច្រើន និងមានដើមទុនក្នុងរយៈពេលវែង រួមទាំងក្រុមហ៊ុនស៊ីធីគ្រុប (Citigroup) ដើម្បីធ្វើការវិនិយោគ និងធ្វើអាជីវកម្មនៅក្នុងប្រទេសចិន ព្រមទាំងចែករំលែកឱកាស និងចូលរួមក្នុងការអភិវឌ្ឍន៍ទីផ្សារហិរញ្ញវត្ថុរបស់ប្រទេស ។
ទន្ទឹមនឹងនោះ លោកស្រី ហ្វ្រាស័រ (Fraser) មានប្រសាសន៍ថា ក្រុមហ៊ុនស៊ីធីគ្រុប (Citigroup) មានសុទិដ្ឋិនិយមចំពោះអនាគតនៃសេដ្ឋកិច្ច និងទីផ្សារហិរញ្ញវត្ថុរបស់ប្រទេសចិន ហើយក្រុមហ៊ុន មានបំណងស្វែងរកឱកាសបន្ថែមទៀតនៅក្នុងទីផ្សារចិន ដោយរួមចំណែកដល់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងសហរដ្ឋអាម៉េរិក និងចិន និងគាំទ្រដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចពិភពលោកប្រកបដោយសុខុមាលភាព និងភាពឈ្លាសវៃ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters Connect
រូបភាព៖ South China Morning Post/ Getty Images/ Others