ព័ត៌មានជាតិ

សម្ដេចក្រឡាហោម ស ខេង: បើទោះបីជាកម្ពុជាមានបញ្ហាEBAជាមួយសហភាពអឺរ៉ុប ក៏ប៉ុន្តែភាគីទាំងពីរនៅមានកិច្ចសហប្រតិបត្តិការជាមួយគ្នាក្នុងវិស័យជាច្រើនទៀតយ៉ាងល្អ ហើយក៏កំពុងចរចារដោះស្រាយបញ្ហាEBAនេះដែរ

image

នៅរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឲ្យក្រុមនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលអូស្ត្រាលី២១នាក់ចូលជួបសម្ដែងការគួរសម នៅទីស្ដីការក្រសួងមហាផ្ទៃ។

សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា ពាក់ព័ន្ធនឹងទំនាក់ទំនងអន្តរជាតិ ប្រទេសកម្ពុជាកំពុងមានកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសទាំងអស់ ទាំងវិស័យនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ វប្បធម៌ កសិកម្ម និងយោធាជាដើម ហើយចុងក្រោយនេះ បើទោះបីជាកម្ពុជាមានបញ្ហាEBAជាមួយសហភាពអឺរ៉ុប ក៏ប៉ុន្តែភាគីទាំងពីរនៅមានកិច្ចសហប្រតិបត្តិការជាមួយគ្នាក្នុងវិស័យជាច្រើនទៀតយ៉ាងល្អ ហើយក៏កំពុងចរចារដោះស្រាយបញ្ហាEBAនេះដែរ។

សម្ដេចក្រឡាហោម ស ខេង បានមានប្រាសន៍ថាប្រទេសកម្ពុជាយើងសព្វថ្ងៃនេះ កំពុងមានសុខសន្តិភាព និងស្ថេរភាពនយោបាយយ៉ាងល្អប្រសើរ ធ្វើឲ្យយើងមានឱកាសក៏សាងប្រទេស រុញច្រានកំណើនសេដ្ឋកិច្ចជាមធ្យមរក្សាបាន៧ភាគរយក្នុងមួយឆ្នាំ ធ្វើឲ្យជីភាពប្រជាពលរដ្ឋកាន់តែមានភាពល្អប្រសើរពីមួយថ្ងៃទៅមួថ្ងៃ។

ពាក់ព័ន្ធនឹងទំនាក់ទំនងជាមួយអូស្ត្រាលី សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថាអូស្ត្រាលីជាប្រទេសមួយដែលបានរួមចំណែកស្វែងរកសន្តិភាពជូនប្រទេសកម្ពុជា និងបានផ្ដល់ជំនួយកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ប្រទេសកម្ពុជាជាបន្តបន្ទាប់រហូតមកដល់សព្វថ្ងៃ ហើយទំនាក់ទំនងនេះក៏មិនខុសពីទំនាក់ទំនងរវាងកម្ពុជា និងបណ្ដាប្រទេសផ្សេងទៀតដែរ។

មុននឹងបញ្ចប់សម្ដេចក្រឡាហោម ស ខេង បានបន្តមានប្រសាសន៍ជាថ្មីទៀត ណែនាំឲ្យនិស្សិតជ័យលាភីទាំងអស់ខិតខំប្រឹងប្រែងរៀនសូត្រដើម្បីយកចំណេះដឹងវិលមកចូលរួមបំរើប្រទេសជាតិទៅតាមចំណេះ និងជំនាញរៀងៗខ្លួន និងបានផ្ដាំផ្ញើថាប្រសិនជួបបញ្ហាអ្វីនៅក្នុងកំឡុងពេលនៃការសិក្សានៅប្រទេសអូស្ត្រាលីហើយគិតថាអាចស្វែងរកជំនួយឬកិច្ចអន្តរាគមន៍ពីក្រសួងមហាផ្ទៃ គឺក្រសួងមានក្រុមការងាររង់ចាំទទួលទំនាក់ទនងដើម្បីដោះស្រាយជូន៕អត្ថបទ÷ឃឹម វិសាល  


ព័ត៌មានទាក់ទង...