សាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរីប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០១៩

image

រតនគិរី៖ ឯកឧត្តម ថង សាវុនប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរីនិងឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩នេះ បានដឹកអញ្ចើញជាអធិបតីភាពក្នុងទិវាពិភពលោកប្រយុទ្ធនឹង ជំងឺអេដស៍ ១ ធ្នូ ឆ្នាំ២០១៩ ក្រោមប្រធានបទ «ទាំងអស់គ្នារួមគ្នាចរន្តជាតិមួយ ក្នុងការទប់ស្កាត់ការរីករាលដាលនៃមេរោគអេដស៍និងជំងឺអេដស៍»។ ទិវានេះប្រារព្ធធ្វើឡើង នៅសាលមហោស្រពសម្តេចតេជោហ៊ុនសែនដោយមានការចូលរួមពី មន្រ្តីរាជការកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទសិស្សានុសិស្ស យុវជនស្ម័ក្រកាកបាទក្រហមខេត្តនិង អ្នកផ្ទុកមេរោគ អេដស៍សរុបជាង២០០នាក់។

ឯកឧត្តម ថង សាវុន បានអាននូវសារលិខិតរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ឥស្សជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ីប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍នៅកម្ពុជា ដែលបានលើកឡើងក្នុងទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០១៩ ដែលមានន័យខ្លឹមសារថា ទិវាពិភពលោក ប្រយុទ្ធនឹងជម្ងឺអេដស៍ក្នុងឆ្នាំ២០១៩នេះ ដែលកម្ពុជាយើង បានកំណត់ក្រោមប្រធានបទ «ទាំងអស់គ្នាចូលរួមជាចរន្តជាតិមួយ ក្នុងការទប់ស្កាត់ការរីករាលដាលនៃមេរោគអេដស៍និងជំងឺអេដស៍» ដែលជាប្រធានបទមានគោលបំណងបញ្ជាក់ពីការប្ដេជ្ញា ចិត្តខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបន្តកិច្ចខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈមោះមុត ឈានទៅសម្រេចបានគោលដៅ បញ្ចប់បញ្ហាអេដស៍នៅព្រះរាជាណាចក្រកម្ពុជា នៅឆ្នាំ២០២៥។

តាមរយៈសារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានឲ្យដឹងទៀតថា ក្នុងរយៈកាល ២៨ឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាល កម្ពុជា រួមជាមួយដៃគូសហប្រតិបត្តិការជាតិ-អន្តរជាតិ អង្គការសង្គមស៊ីវិល វិស័យឯកជន ផ្នែកសាសនានិងកាកបាទក្រហម កម្ពុជា បានខិតខំប្រឹងប្រែងក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ រហូតសម្រេចបាននូវការទប់ស្កាត់ការរីករាលដាល មេរោគអេដស៍ ជំងឺអេដស៍ ធ្វើឲ្យអត្រាផ្ទុកមេរោគអេដស៍ ក្នុងចំណោមប្រជាជនទូទៅចាប់ពីអាយុ១៥ឆ្នាំ ទៅ ៤៩ឆ្នាំ បានធ្លាក់ចុះពី ២,៦ភាគរយ នៅឆ្នាំ១៩៩៨ និងបន្តធ្លាក់ចុះមកនៅ១ភាគរយ នៅឆ្នាំ២០០៦ និងបន្តធ្លាក់ចុះទៀតជាបន្តបន្ទាប់ នៅ ០,៨ភាគរយ នៅឆ្នាំ២០១០ និង ០,៥ ភាគរយ នៅឆ្នាំ២០១៩នេះ។

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានអំពាវនាវផងដែរថា បើទោះបីកម្ពុជាយើងសម្រេចបាននូវសមិទ្ធផលធំធេង និងជោគជ័យជាបន្តបន្ទាប់យ៉ាងណាក៏ដោយ។ ដូច្នេះសូមអំពាវនាវ ដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ជនរួមជាតិគ្រប់មជ្ឈដ្ឋាន រួមកម្លាំងគ្នាចូលរួមជាចរន្តជាតិមួយក្នុងការទប់ស្កាត់ការរីករាលដាលនៃមេរោគអេដស៍ និងជំងឺអេដស៍ ហើយក៏សូមអំពាវនាវ ដល់គ្រប់ ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ជាតិ អន្តរជាតិ អង្គការសង្គមស៊ីវិល វិស័យឯកជន ផ្នែកសាសនា បន្តចូលរួមគាំទ្រ និងអនុវត្តដោយម៉ឺងម៉ាត់នូវផែនការយុទ្ធសាស្ត្រជាតិទូលំទូលាយ និងពហុវិស័យឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍លើកទី៥ ឆ្នាំ២០១៩-២០២៣ ដែលជាផែនទីចង្អុលផ្លូវតែមួយគត់សម្រាប់ការងារប្រយុទ្ធ ទប់ស្កាត់ការរាលដាលមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា។

ក្នុងឱកាសនោះដែរ ឯកឧត្តម ថង សាវុនអភិបាលខេត្ត ក៏បានចែកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា ជូនដល់គ្រួសារអ្នករងគ្រោះ ដោយសារមេរោគអេដស៍ ជំងឺអេដស៍ ចំនួន៥០នាក់ ដោយក្នុងម្នាក់ៗទទួលបានអំណោយ រួមមាន: អង្ករ២៥គីឡូ,ទឹកដោះគោឆៅ១យួ ទឹកស៊ីអីវ១យួរ , ឃីត១កញ្ចប់, មុង១, ភួយ១ ,ក្រម៉ា១ និងគ្រឿងឧបភោគបរិភោគ ១កញ្ចប់។

សូមបញ្ជាក់ថា តាមរយៈរបាយការណ៍របស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឆ្នាំ២០១៩នេះ កម្ពុជាអាចកាត់បន្ថយការ ចម្លងមេរោគអេដស៍ថ្មីបាន ពី២៣០០នាក់ ក្នុងឆ្នាំ២០១០ នៅត្រឹមចំនួន ប្រមាណ ៨៨០នាក់ ក្នុងឆ្នាំ២០១៩ ចំណែកការ ផ្ដល់ឱសថប្រឆាំងមេរោគអេដស៍វិញ អាចសម្រេចបាន ៩៩ភាគរយ ក្នុងចំណោមអ្នកផ្ទុកមេរោគអេដស៍ ដែលកំពុងត្រូវការឱសថប្រឆាំងមេរោគអេដស៍ និងសេវាថែទាំព្យាបាល ហើយដែលជាលទ្ធផលបានធ្វើឱ្យអត្រាមរណភាព ដោយសារជំងឺអេដស៍ធ្លាក់ចុះជារៀងរាល់ឆ្នាំ៕ដោយ៖ប៉េស សារី