ព័ត៌មានជាតិ

មេបញ្ជាការកងទ័ពជើងគោកកម្ពុជា និងនាយកសាកលវិទ្យាល័យការពារប្រទេសសហព័ន្ធរុស្សីជួបពិភាក្សាគ្នាលើការបន្តកិច្ចសហប្រតិបត្តិការយោធា

image

ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក IGO MISHUTKIN នាយកសាកលវិទ្យាល័យការពារប្រទេសសហព័ន្ធរុស្ស៊ី បានចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នៅបញ្ជាការដ្ឋានកងទ័ពជើងគោក នៅរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ ។


នៅក្នុងជំនួបសន្ទនានោះ ក្នុងនាមកងទ័ពជើងគោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានសម្ដែងការស្វាគមន៍ចំពោះ គណៈប្រតិភូនៃប្រទេសរុស្ស៊ីដែលដឹកនាំដោយឧត្តមសេនីយ៍ឯក IGO MISHUTKIN មកកាន់ព្រះរាជាណាចក្រកម្ពុជា។ មេបញ្ជាការកងទ័ពជើងគោកកម្ពុជា បានថ្លែងអំណរគុណដល់ប្រទេសរុស្ស៊ី ដែលតែងតែមានទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អ និងជួយឧបត្ថម្ភគាំទ្រដល់កម្ពុជា ចាប់តាំងពីដើមរៀងមក។ ក្រៅពីនេះទៀត ប្រទេសរុស្ស៊ីក៏បានជួយដល់កម្ពុជាលើការងារបណ្តុះបណ្តាលធនធានមនុស្ស ការកសាងហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាឲ្យមានការរីកចំរើន និងមានកិច្ចសហប្រតិបត្តិការល្អលើវិស័យផ្សេងៗជាច្រើនទៀត ។


ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានស្នើសុំឲ្យប្រទេសរុស្ស៊ីបន្តយកចិត្តទុកដាក់បណ្ដុះបណ្ដាលសមត្ថភាពផ្នែកវិស័យយោធាដល់នាយទាហានកម្ពុជា និងបន្តកិច្ចសហប្រតិបត្តិការល្អលើវិស័យផ្សេងៗជាច្រើនទៀតឧត្តមសេនីយ៍ឯក IGO MISHUTKIN បានសម្ដែងការកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សនៅព្រះរាជាណាចក្រកម្ពុជា ហើយលោកសង្ឃឹមថា កម្ពុជានឹងបន្តធ្វើការអភិវឌ្ឍរីកចំរើនទៅមុខទៀត និងមានសន្តិភាពល្អប្រសើរទៅថ្ងៃអនាគត ។ ឧត្តមសេនីយ៍ឯក នាយកសាកលវិទ្យាល័យការពារប្រទេសសហព័ន្ធរុស្សីរូបនេះ បានបញ្ជាក់ទៀតថា ប្រទេសរុស្សីនឹងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសកម្ពុជាដើម្បីថែរក្សា សន្តិភាព ស្ថេរភាព និង រួមចំណែកជំរុញដល់ការអភិវឌ្ឍធនធានមនុស្ស និងអភិវឌ្ឍប្រទេសកម្ពុជាអោយមានការរីកចំរើនថែមទៀត ។


សូមបញ្ជាក់ថាជំនួបសម្ដែងការគួរសម និងពិភាក្សាការងាររវាងមេបញ្ជាការកងទ័ពជើងគោកកម្ពុជា និងនាយកសាកលវិទ្យាល័យការពារប្រទេសសហព័ន្ធរុស្ស៊ីនាពេលនេះ គឺផ្ដោតសំខាន់លើការពង្រឹង និងពង្រីកកិច្ចសហការនៃប្រទេសទាំងពីរលើយោធា និងវិស័យផ្សេងៗដើម្បីសេចក្តីសុខរបស់ប្រជាជន និងការអភិវឌ្ឍនៃប្រទេសទាំងពីរ៕ដោយ៖ អោម ចែតច័ន្ទណារ៉ា


ព័ត៌មានទាក់ទង...