ឯកឧត្តម ហ៊ុនម៉ាណែត ប្រាប់ឱ្យនិស្សិតដែលរៀននៅក្រៅប្រទេសត្រូវបង្ហាញអត្តសញ្ញាណាជាតិទៅឱ្យពិភពលោកបានស្គាល់
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ ៖ កាលពីថ្ងៃសុក្រ ទី១៣ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយនិសិ្សតខ្មែរដែលសិក្សានៅប្រទេសអូស្រ្តាលី និងនូវែលហ្សេឡង់។


កម្មវិធីដ៏រីករាយនេះ គឺជាការជួបជុំប្រជុំឆ្នាំ ដែលរៀបចំឡើងក្នុងគោលបំណងដើម្បីផ្សារភ្ជាប់ទំនាក់ទំនងគ្នាឱ្យកាន់តែជិតស្និទ្ធ, ចែករំលែកផ្លាស់ប្តូរបទពិសោធន៍ និងជួយគ្នាទៅវិញទៅមក រវាងបងប្អូននិស្សិត និងអតីតនិស្សិត ដែលបានសិក្សានៅប្រទេសអូស្រ្តាលី និងនូវែលហ្សេឡង់ ព្រមទាំងបងប្អូននិស្សិត ដែលកំពុងតែរៀបចំខ្លួនទៅបន្តការសិក្សានៅទីនោះផងដែរ។


នាឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការទៅសិក្សានៅបរទេសឆ្ងាយពីផ្ទះ ពីគ្រួសារ រមែងមានបញ្ហាប្រឈមច្រើន ប៉ុន្តែសំខាន់ យើងត្រូវតស៊ូជម្នះឱ្យដល់គោលដៅរបស់យើង គឺការស្រូបយកចំណេះដឹង ដើម្បីបង្កើនសមត្ថភាព បង្កើនសក្តានុពល និងបង្កើនភាពជោគជ័យរបស់ខ្លួនយើងផ្ទាល់ របស់គ្រួសារ និងរបស់ប្រទេសជាតិ ហើយសូមរក្សាគោលដៅនេះឱ្យជាប់ កុំបោះបង់ ព្រោះការមានចំណេះដឹង និងជំនាញច្បាស់លាស់ គឺជាមូលដ្ឋានធ្វើឱ្យយើងទទួលបានជោគជ័យ ជាពិសេសនៅក្នុងបរិបទសេដ្ឋកិច្ចទីផ្សារសេរី ដែលពោរពេញដោយការប្រកួតប្រជែង។ លើសពីនេះ បងប្អូនក៏ត្រូវយកចិត្តទុកដាក់ផងដែរលើការប្រុងប្រយ័ត្នល្អិតល្អន់លើការបំពេញការងារតូចៗឱ្យល្អ មុននឹងអាចឈានទៅសម្រេចកិច្ចការធំៗ ហើយក៏ត្រូវរៀនសូត្រជាប់ជានិច្ចពីមជ្ឈដ្ឋានក្រៅសាលា ដើម្បីស្វែងយល់អំពីរបៀបរបបរស់នៅ, របៀបគ្រប់គ្រង, របៀបធ្វើការ និងផ្នត់គំនិតរបស់មិត្តភ័ក្ត្របរទេស ដែលជាការបំពេញបន្ថែមនូវអ្វីដែលរៀននៅក្នុងសាលា ហើយដែលនឹងនាំមកនូវគំនិតច្នៃប្រឌិត និងវិធីសាស្ត្រថ្មីៗ ដើម្បីឱ្យជីវិតរបស់យើងកាន់តែទទួលបានជោគជ័យ។


ឯកឧត្តម ហ៊ុន ម៉ាណែត បន្ថែមថា ឆ្លងតាមការបំពេញទស្សនកិច្ចការងារនៅក្នុងប្រទេសជាច្រើន ខ្ញុំពិតជាមានមោទនភាពជាមួយនិស្សិតខ្មែររបស់យើង ទាំងនិស្សិតយោធា និងស៊ីវិល ដែលភាគច្រើនទទួលបានការកោតសរសើរពីគ្រូៗបរទេស។ នេះ គឺជាមោទនភាពរបស់បុគ្គលនិស្សិតយើងផ្ទាល់ ក៏ដូចជាមោទនភាពរបស់ជាតិទាំងមូល ដោយបងប្អូន គឺជាគ្រាប់ពេជ្ររបស់កម្ពុជា ធ្វើឱ្យគេចាប់ផ្តើមស្គាល់កម្ពុជាក្នុងទស្សនៈថ្មី ដែលមានធនធានមនុស្សប្រកបដោយសមត្ថភាព សីលធម៌ និងគុណធម៌ខ្ពស់។ ឯកឧត្តមបន្តទៀតថា នៅលើទឹកដីបរទេស បងប្អូន គឺជាតំណាងប្រទេសយើង តំណាងជាតិយើង ដូច្នេះវាជាការចាំបាច់ផងដែរ ដែលយើងត្រូវខិតខំធ្វើសកម្មភាពវប្បធម៌ផ្សេងៗ ដើម្បីបង្ហាញអត្តសញ្ញាណាជាតិរបស់យើងទៅកាន់ឱ្យពិភពលោកបានស្គាល់ ហើយត្រូវបន្តខិតខំរៀនសូត្រឱ្យក្លាយខ្លួនជាធនធានមនុស្ស និងរួបរួមសាមគ្គីជួយគ្នាកសាងប្រទេសជាតិយើង សម្រាប់កូនចៅយើងតទៅមុខទៀត៕ដោយ៖អោម ចែតច័ន្ទណារ៉ា


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation