ព័ត៌មានអន្តរជាតិ

ជប៉ុននិងកូរ៉េខាងត្បូងបន្តកិច្ចពិភាក្សាស្តីពីការនាំចេញសម្ភារៈបច្ចេកវិជ្ជា

image

ជប៉ុន ៖ មន្ត្រីក្រសួងពាណិជ្ជកម្មជប៉ុនលោក យ៉ូអ៊ីឈិ អ៊ីដា (Yoichi Iida) បានជួបពិភាក្សាជាមួយសមភាគីកូរ៉េខាងត្បូងលោក លី ហូយុន (Lee Ho-hyeon) នៅក្នុងទីក្រុងតូក្យូនៅថ្ងៃចន្ទនេះ ដើម្បីចាប់ផ្តើមឡើងវិញនូវកិច្ចពិភាក្សាស្តីពីការរឹតបន្តឹង របស់ជប៉ុនលើការនាំចេញសម្ភារៈបច្ចេកវិជ្ជាមួយចំនួន។

កិច្ចពិភាក្សានេះបានកើតឡើងបន្ទាប់ពីកូរ៉េខាងត្បូងបានប្រកាសបន្តកិច្ចព្រមព្រៀងចែករំលែកព័ត៌មានសម្ងាត់ផ្នែកយោធាជាមួយជប៉ុនជាបណ្តោះអាសន្នកាលពីខែមុន ខណៈដែលដំបូងឡើយកូរ៉េខាងត្បូងបានប្រកាសថានឹងបញ្ចប់កិច្ចព្រមព្រៀងនេះ ក្នុងគ្រាដែលភាពតានតឹងកំពុងកើតមានជុំវិញបញ្ហាពាណិជ្ជកម្មនិងករណីពលកម្មដោយបង្ខំនៅសម័យសង្គ្រាម។

កូរ៉េខាងត្បូងក៏បានដកពាក្យបណ្តឹងនៅអង្គការពាណិជ្ជកម្មពិភពលោកពាក់ព័ន្ធការរឹតបន្តឹងរបស់ជប៉ុនលើការនាំចេញទៅកាន់កូរ៉េខាងត្បូងនូវវត្ថុធាតុដើមសំខាន់ៗដែលក្រុមហ៊ុនបច្ចេកវិជ្ជារបស់កូរ៉េខាងត្បូងត្រូវការជាចាំបាច់ក្នុងការផលិតបន្ទះឈីបនិងអេក្រង់ទូរស័ព្ទនិងទូរទស្សន៍។

ក្រសួងពាណិជ្ជកម្មជប៉ុនបានសម្រេចចិត្តបន្តកិច្ចពិភាក្សាជាមួយកូរ៉េខាងត្បូងឡើងវិញបន្ទាប់ពីកូរ៉េខាងត្បូងបានផ្តល់ដំណឹងពីគម្រោងក្នុងការដកពាក្យបណ្តឹងនោះ។

ប៉ុន្តែជប៉ុនបាននិយាយថាគេមិនមានផែនការដើម្បីបន្ធូរបន្ថយការរឹតបន្តឹងលើការនាំចេញភ្លាមៗទេ៕

ព័ត៌មានទាក់ទង...