ព័ត៌មានជាតិ

អត្រាឈឺ និងស្លាប់ដោយសារជំងឺរបេង មានការចុះថយយ៉ាងខ្លាំងដែលក្នុងចន្លោះឆ្នាំ ២០០០-២០១៨

image

ឯកឧត្តម អេង ហួត រដ្ឋលេខាធិការក្រសួងសុខាភិបាល មានប្រសាសន៏ថា ចាប់តាំងពីឆ្នាំ ២០០០ មកដល់បច្ចុប្បន្ន អ្នកជំងឺរបេងនៅកម្ពុជាសរុបប្រមាណ ៥០០.០០០នាក់ ត្រូវបានទទួលការព្យាបាលដោយជោគជ័យ ហើយអាយុជីវិតអ្នកជំងឺជាច្រើនម៉ឺននាក់ត្រូវបានជួយសង្គ្រោះពីសេចក្តីស្លាប់ ។

ជាលទ្ធផល ធ្វើអោយ អត្រាឈឺ និងស្លាប់ដោយសារជំងឺរបេង មានការចុះថយយ៉ាងខ្លាំងដែលក្នុងចន្លោះឆ្នាំ ២០០០-២០១៨ អត្រាស្លាប់ធ្លាក់ចុះប្រមាណ ៥៧ % រីឯ អត្រាកើតមានជំងឺថ្មី(អាំងស៊ីដង់) បានធ្លាក់ចុះ ៤៨ ភាគរយ ។ អត្រាធ្លាក់ចុះទាំងនេះ មានកម្រិតច្រើនជាងប្រទេសដ៏ទៃជាច្រើន ដែលនេះគឺជាជោគជ័យក្នុងការប្រយុទ្ធនឹងជំងឺរបេងដ៏ជាទីមោទនៈរបស់ក្រសួងសុខាភិបាល ។

ឯកឧត្តមបន្តថា ទន្ទឹមនឹងសមិទ្ធិផល ដែលទទួលបានគួរជាទីមោទនៈនេះ ក៏នៅមានការលំបាកមួយចំនួនដែលកម្មវិធីជាតិត្រូវពុះពារទៅថ្ងៃអនាគត ដើម្បីអោយមានលទ្ធភាពសម្រេចបានទិសដៅឆ្នាំ២០២០ និងឆ្នាំបន្ត និងជាពិសេសបំផុត ដើម្បីតម្រង់ទិសសំដៅសម្រេចបាន គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព នៅដំណាច់ឆ្នាំ ២០៣០។ក្នុងន័យនេះ ដើម្បីសម្រេចបានទិសដៅដូចបញ្ជាក់ជូនខាងលើ យើងត្រូវមានផែនការយុទ្ធសាស្រ្តបញ្ចប់ជំងឺរបេង ជាក់លាក់ និងយូរអង្វែងកម្រិតជាតិមួយ ស្របតាមគោលដៅរបស់រាជរដ្ឋាភិបាល ក៏ដូចជាអន្តរជាតិ។

ឯកឧត្តមក៏បានជំរុញលើកទឹកចិត្តអោយសិក្ខាកាមទាំងអស់ ខិតខំយកចិត្តទុកដាក់ស្តាប់ និងវិភាគទាំងលើចំណុចខ្លាំង ចំណុចខ្វះខាត លើការងារកំចាត់រោគរបេង ព្រមទាំងជួយផ្ដល់យោបល់អោយបានផុសផុលលើខ្លឹមសារសេចក្តីព្រាង ដើម្បីអោយផែនការ ដែលជាផែនការយុទ្ធសាស្រ្តជាតិនេះ មានលក្ខណៈគ្រប់ជ្រុងជ្រោយ ក្នុងបំណងសំដៅ ចូលរួមចំណែកក្នុងការសម្រេចបានគោលដៅអភិវឌ្ឍន៍ ប្រកបដោយចិរភាព នៅឆ្នាំ ២០៣០ ។
ឯកឧត្តម អេង ហួត រដ្ឋលេខាធិការក្រសួងសុខាភិបាល មានប្រសាសន៏បែបនេះនៅក្នុងសិក្ខាសាលា ពិគ្រោះយោបល់ស្តីពី ផែនការយុទ្ធសាស្រ្តបញ្ចប់ជម្ងែរបេង ឆ្នាំ២០២១ -២០៣០ ដែលប្រព្រឹត្តឡើងនៅសណា្ឋគារ មេគង្គ វ៉ូយូ នាព្រឹកថ្ងៃទី១៧ ខែ ធ្នូ ឆ្នាំ ២០១៩។

លោកវេជ្ជបណ្ឌិត ម៉ៅ តាំងអៀង ប្រធានមជ្ឍមណ្ឌលជាតិកំចាត់រោគរបេង និងជម្ងឺហង់សិន បានថ្លែងថា ក្នុងឆ្នាំ២០១៩នេះ បានដាក់ព្យាបាលអ្នកជម្ងឺប្រមាណ២ម៉ឺន២ពាន់នាក់ ហើយសំរាប់អាត្រាស្លាប់វិញមានការចុះថយច្រើនណាស់ ចន្លោះឆ្នាំ២០០០ និង ២០១៨ អាត្រាស្លាប់ចុះរហូតដល់៥៨%ឯណោះ រីឯអាត្រាអ្នកកើតជម្ងឺថ្មី ថយចុះ៤៨% ។លលោវេជ្ជបណ្ឌិតថា ទោះបីយើងសម្រេចបានលទ្ធផលល្អក្នុងការទប់ស្កាត់ ព្យាបាលអ្នកជម្ងឺរបេងយ៉ាងណាក៏ដោយ យើងនៅតែជាប្រទេសមួយមានអ្នកកើតជម្ងឺរបេងច្រើនជាងគេ ក្នុងចំណោមប្រទេស៣០ក្នុងតំបន់ដែរ៕អត្ថបទ ៖ គង់ វណ្ណៈ

ព័ត៌មានទាក់ទង...